អន្តរជាតិ
របាយការណ៍​៖ បារាំង​កើន​ឥទ្ធិពល​ព្រោះ​ម៉ា​ក្រុង ខណៈ​អាមេរិក​ធ្លាក់ចុះ​ព្រោះ ត្រាំ​
20, Jul 2017 , 5:25 pm        
រូបភាព
​សន្ទ​ស្សន៍​ស្តីពី​អំណាច​ទន់ (Soft Power Index) បានបង្ហាញ​ឲ្យ​ឃើញថា បារាំង​ក្លាយជា​ប្រទេស​នាំមុខគេ​ក្នុងចំណោម​មហាអំណាច​ពិភពលោក​ដែលមាន​អំណាច​ទន់​ខ្លាំង ឬ ឥទ្ធិពល​ជាងគេ​នោះ​។ ចំណែក​មហាអំណាច​ដូចជា​អាមេរិក និង​អង់គ្លេស​នោះ​ធ្លាក់​លេខ​រៀង​ទៅ​លេខ​ពីរ និង​លេខ​បី​វិញ​ព្រោះ​មូលហេតុ​មួយចំនួន​។ របាយការណ៍​ដដែល​វា​យ​តម្លៃ​ថា ការ​ឈ្នះឆ្នោត​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​បារាំង​នាំមុខគេ​។

 


​មេដឹកនាំ​អឺរ៉ុប​បារាំង​ជាប់​ឈ្មោះ​ជា​ប្រទេស​មហាអំណាច​ដែល​ស្ថិត​លេខ​រៀង​ទីមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អំណាច​ទន់​ខ្ពស់​ជាងគេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ បារាំង​កើន​ដល់​បួន​លេខ  វ៉ា​ដាច់​អង់គ្លេស អាមេរិក អាល្លឺម៉ង់ និង​កាណាដា ដោយ​ឡើង​ពី​លេខ​ប្រាំ​កាលពី​ឆ្នាំមុន​មកដល់​លេខ​រៀង​ទីមួយ​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​ប្រចាំឆ្នាំ Soft Power 30 ដែល​បោះពុម្ពផ្សាយ​ដោយ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ Portland Communication

​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​អំណាច​ទន់​នេះ​ត្រូវបាន​គេ​ចងក្រង​ឡើង​ដោយមាន​ការស្ទង់មតិ​នៅ​ប្រទេស ២៥​ជុំវិញ​ពិភពលោក ហើយ​សូចនាករ​ដែល​គ​ប្រើប្រាស់​ដើម្បី​វាយតម្លៃ​នោះ​មានដូចជា រដ្ឋាភិបាល វប្បធម៌ នយោបាយ​ការបរទេស សហគ្រិន ការអប់រំ និង បច្ចេកវិទ្យា​ជាដើម​។

​របាយការណ៍​ប្រចាំ​ដែល​ទើប​បង្កើតបាន​រយៈពេល​បី​ឆ្នាំ​នោះ បាន​វាយតម្លៃថា ការ​ងើបឡើង​របស់​បារាំង​ក្លាយ​ក្លាយជា​មហាអំណាច​លេខ​រៀង​ទីមួយ​ដែលមាន​ឥទ្ធិពល​ឬ​អំណាច​ទន់​ខ្លាំងជាងគេ​នេះ​បណ្តាលមកពី​មូលហេតុ​មួយចំនួន​ក្នុងនោះ​មានការ​ឈ្នះឆ្នោត​របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ផងដែរ​។ ហើយ​ទាំង​គោលនយោបាយ​ក្នុងស្រុក និង​ការបរទេស​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង វ័យ ៣៩ ឆ្នាំ​ដែល​ឡើងកាន់តំណែង​បាន​ប្រហែល បី​ខែ​នោះ​ធ្វើ​ឲ្យ​បា​រាំងរះ​ត្រដែត​ឡើងជា​ថ្មី​ក្លាយជា​មហាអំណាច​មាន​ឥទ្ធិពល​ផុត​គេ​។

«​ម៉ា​ក្រុង​បច្ចុប្បន្ននេះ​ក្លាយជា​មេដឹកនាំ​ដែល​ដឹកនាំ​បារាំង​ដោយ​គាំទ្រ​សហគ្រិន និង​គាំទ្រ​ការកែទម្រង់​សហភាព​អឺរ៉ុប​ផង​។ អ្វីដែល​ផុស​ឡើង​ចេញពី​ការកែទម្រង់​នេះ​ទំនងជា​ជំរុញ​ឲ្យ​បារាំង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុងការ​ដឹកនាំ​សហភាព​អឺរ៉ុប និង​បង្កើន​ភាពជា​អ្នកដឹកនាំ​របស់ខ្លួន​លើ​ពិភពលោក​»​។ របាយការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​។​

​ក្រៅពី​ជ័យជម្នះ​របស់លោក ម៉ា​ក្រុង ចំណុច​មួយទៀត​ទេសចរណ៍ និង​វប្បធម៌​របស់​បារាំង​។ ថ្វីបើ​បារាំង​រងគ្រោះ​ដោយសារ​ចលនា​ភេរវកម្ម​កន្លង​មកជា​បន្តបន្ទាប់​ក្តី ចំនួន​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​បារាំង​មិនមាន​ថមថយ​ទាល់តែសោះ​។ ទេសចរ​ភាគច្រើន​ចូលចិត្ត​សារមន្ទីរ សី​ល្បៈ និង​ម្ហូប​របស់​បារាំង​។​

​តាមពិតទៅ «​អំណាច​ទន់​»​នេះ​ត្រូវបាន​ប្រើប្រាស់​ដំបូង​គេ​ដោយ​អ្នកវិទ្យាសាស្ត្រ​នយោបាយ​អាមេរិក​លោក Joseph Nye ។ ហើយ​ប្រទេសមួយ​អាចមាន​អំណាច​ទន់​ខ្លាំង ឬ​ខ្សោយ​ផ្អែកលើ តម្លៃ​នយោបាយ​, វប្បធម៌​, និង​នយោបាយ​ការបរទេស​ដែល​អាចមាន​ឥទ្ធិពល​លើ​ប្រទេស​ដទៃ​លើ​ពិភពលោក​។ វា​មិនមែនជា​ការប្រើប្រាស់​អំណាច​យោធា​ដើម្បី​គំរាមកំហែង​ឲ្យ​គេ​កោតខ្លាច​ឡើយ​។

​អង់គ្លេស​និង​អាមេរិក​ធ្លាក់​ប្រជាប្រិយភាព​កាន់តែខ្លាំង​

​របាយការណ៍​ដដែល​នោះ បាន​បង្ហាញថា អាមេរិក និង​អង់គ្លេស​ធ្លាក់​លេខ​រៀង​ដោយ​អង់គ្លេស​ធ្លាក់​ទៅ​លេខ​ពីរ ខណៈដែល​អាមេរិក​ធ្លាក់​ទៅដល់​លេខ​រៀង​ទី​បី​។ អង់គ្លេស​ធ្លាក់​លេខ​រៀង​បាត់បង់​ឥទ្ធិពល​ដោយសារ​ការចាកចេញរ​បស់​មហាអំណាច​មួយ​នេះ​ពី​សហភាព​អឺរ៉ុប ប៉ុន្តែ​អាមេរិក​ធ្លាក់ខ្លួន​ដោយសារតែ​ការ​ឈ្នះឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​នោះ​។​

​អង់គ្លេស​ប្រហែលជា​បន្ត​បាត់បង់​អំណាច​ទន់​និង​ឥទ្ធិពល​របស់ខ្លួន​ថែម​ទៀតផង​នៅពេល​ខាងមុខ បន្ទាប់ពី​មហាអំណាច​មួយ​នេះ​បញ្ចប់​ការ​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​។​

​ចំណែក​សហរដ្ឋអាមេរិក បាត់បង់​ឥទ្ធិពល​ដោយសារ​គោលនយោបាយរ​ប​ស់លោក ដូ​ណា​ល់ ត្រាំ ដែល​ប្តេជ្ញា​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​នោះ​។  មួយវិញទៀត វា​ក៏​ពាក់ព័ន្ធ​ការទាមទារ​របស់លោក ត្រាំ ក្នុងការ​កាត់លុយ​ជំនួយ​បរទេស​ផងដែរ​។​

​របាយការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​៖« ការ​ឈ្នះឆ្នោត​របស់លោក ត្រាំ អាច​ត្រូវ​កំណត់ថា​ជា​គ្រោះថ្នាក់​សម្រាប់​អំណាច​ទន់​របស់​អាមេរិក ព្រោះ​នយោបាយ​ប្រជា​ឧបាយ​របស់លោក​បានធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​សម្ព័ន្ធភាព​អាមេរិក​ជាមួយ​សហគមន៍​អន្តរជាតិ​។ គោលការណ៍​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​របស់លោក ត្រាំ ប៉ះពាល់​ដល់​តួនាទី​អាមេរិក​លើ​ពិភពលោក និង​សម្ព័ន្ធមិត្ត​ពាសពេញ​ពិភពលោក រួមទាំង​បំផ្លាញ​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​ប្រទេស​ដទៃ​ទូទាំង​ពិភពលោក​ថែម​ទៀតផង​»​។​

​ប៉ុន្តែ​កន្លងមក​លោក ត្រាំ ព្យាយាម​បង្ហាញថា ​លោក​ មិន​ខ្វាយខ្វល់​រឿង​អំណាច​ទន់​អ្វី​ឡើយ អ្វីដែល​លោក​ខ្វល់​គឺ អំណាច​យោធា​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ អ្នកជំនាញ​បាន​ព្រមាន​ថា វា​ជា​កំហុសឆ្គង​មួយ ហើយ​អាមេរិក​គួរ​បន្ត​គិតគូរ​ពី​ការកសាង​អំណាច​ទាំងពីរ​រួមបញ្ចូល​គ្នា​វិញ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ដូ​ណា​ល់ ត្រាំ​
  អំណាច​ទន់​
© រក្សាសិទ្ធិដោយ thmeythmey.com