ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​ចេញប្រកាស​កំណត់​ឲ្យ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​លើ​មុខទំនិញ​
21, Jul 2017 , 11:13 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បាន​តម្រូវ​ឲ្យ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល​លើ​ទំនិញ និង​សេវា​ទាំងអស់​ដែល​ចរាចរ​លើ​ទីផ្សារ ដើម្បី​ធានា​ការប្រកួតប្រជែង​ដោយ​សមធម៌​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី និង​លើកកម្ពស់​ប្រាក់រៀល​។ នេះ​បើតាម​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៧​ខែកក្កដា​។​



​ការបិទ​ស្លាក​តម្លៃ​លើ​ផលិតផល ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ចេញប្រកាស​តាំងពី​ឆ្នាំ​២០១៣ មក​ម្លេះ ហើយ​ការចេញប្រកាស​ថ្មី​នេះ គឺ​ក្រសួង​កែសម្រួល​បន្ថែម​លើ​ប្រកាស​មុន​ដែលមាន​ស្រាប់​។ ប្រកាស​ថ្មី​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​លើ​វេ​ប​សៃយ៍​ក្រសួង នៅ​ថ្ងៃទី​១៩​ខែកក្កដា​។

«​ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា ត្រូវតែ​បិទ​ស្លាក​ថ្លៃ​លើ​គ្រប់​មុខទំនិញ និង​សេវា​របស់ខ្លួន​ជា​ប្រាក់រៀល​ជា​ចាំបាច់​»​។ នេះ​ជា​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​ប្រកាស​ខាងលើ​។ ប្រកាស​នេះ​បញ្ជាក់ថា ការមិន​អនុវត្តតាម​ប្រកាស​នឹងត្រូវ​ទទួលខុស​ត្រូវ​តាមច្បាប់​ជា​ធរមាន​។​

​បើ​ទោះ​ប្រកាស​នេះ​មិន​បានចែង​ច្បាស់​អំពី​ទំហំ​អាជីវកម្ម​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​នេះ​ក៏ដោយ ប៉ុន្តែ​បើតាម​កញ្ញា សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រកាស​នេះ​នឹង​អនុវត្ត​សម្រាប់តែ​អាជីវកម្ម​ផ្លូវ​ការដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ប៉ុណ្ណោះ ដែល​មិន​រួមបញ្ចូល​អ្នកលក់ដូរ​តូចតាច ដូចជា អ្នកលក់​គ្រឿងទេស​លក្ខណៈ​គ្រួសារ អ្នកលក់ដូរ​តូចតាច​ក្នុង​ទីផ្សារ​ធម្មតា​ជាដើម​។ «​នៅពេលនេះ​តម្លៃ​ប្រាក់រៀល​មាន​ស្ថិរភាព ដូច្នេះ​វា​ដល់​ពេលដែល​យើង​ចាំបាច់​ត្រូវ​សហការ​ជំរុញ​ឲ្យ​ប្រជាជន​ប្រើប្រាស់​ប្រាក់រៀល​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា សឹង សុ​ផា​រី ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២០​ខែកក្កដា​៕


Tag:
 ប្រាក់រៀល​
  បិទ​ស្លាក​តម្លៃ​
© រក្សាសិទ្ធិដោយ thmeythmey.com