កីឡាជាតិ
ជាតិ
កម្ពុជា​យក​ថ្ងៃ ៨ សីហា ជា​ទិវា «ASEAN Sports Day» ដូច​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​
21, Jul 2017 , 11:57 am        
រូបភាព
ថ្នាក់ដឹកនាំកីឡាអាស៊ាននាកិច្ច​ប្រជុំ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅគូឡាឡាំពួរ។ រូបថត ASEAN
ថ្នាក់ដឹកនាំកីឡាអាស៊ាននាកិច្ច​ប្រជុំ​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅគូឡាឡាំពួរ។ រូបថត ASEAN
ដោយ: រួបរួម
​រដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃទី​៨ ខែសីហា ជា​ទិវា​កីឡា​អាស៊ាន (ASEAN Sports Day)​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​



​សូមបញ្ជាក់ថា ការកំណត់​យក​ថ្ងៃទី​៨ ខែសីហា ជា​ទិវា​កីឡា​អាស៊ាន (ASEAN Sports Day) ត្រូវធ្វើឡើង​នា​អំឡុង​កិច្ចប្រជុំ​លើក​ទី​៦​របស់​មន្ត្រីជាន់ខ្ពស់​អា​ស៊ាន​ស្តីពី​កីឡា Sixth ASEAN Senior Officials Meeting on Sports (SOMS-6) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា កន្លងមក​។​

​នា​កិច្ចប្រជុំ SOMS-6 ស្តីពី​ការកំណត់​ផែនការ​កីឡា​នៅ​តំបន់​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ប្រតិភូ​កម្ពុជា​តំណាង​ដោយ​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​។​

​តាម​គម្រោង ទិវា​កីឡា​អាស៊ាន នឹងត្រូវ​រៀបចំ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧​នេះ ហើយ​ពិធី​នេះ​ធ្វើឡើង​ដំណាលគ្នា​នៃ​ការ​រំលឹក​ខួប​នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ (​អាស៊ាន​) កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ ផងដែរ​៕


Tag:
 ​កីឡា​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com