ជាតិ
យុវជន​កម្ពុជា​បាន​ដក​បទពិសោធន៍​ពី​ការសហការ​ជា​ក្រុម​នៅក្នុង​ការប្រកួត​បញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​
21, Jul 2017 , 7:59 pm        
រូបភាព
ក្រុម​យុវជន​កម្ពុជា​លើក​ទង់ជាតិ​ឡើង​អបអរ​ក្រោយ​​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១មួយនៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។(ណឹម សុភ័ក្រ្តបញ្ញា/ VOA)
ក្រុម​យុវជន​កម្ពុជា​លើក​ទង់ជាតិ​ឡើង​អបអរ​ក្រោយ​​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រកួត​បញ្ជា​មនុស្ស​យន្ត​ជុំ​ទី​១មួយនៅ​សាល​សម្តែង​សិល្បៈ​DAR Constitution Hall​ ក្នុង​រដ្ឋធានី ​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧។(ណឹម សុភ័ក្រ្តបញ្ញា/ VOA)
ដោយ:
​វ៉ាស៊ីនតោន ៖ ក្រោយ​ការប្រកួតប្រជែង​ការបញ្ជា​មនុស្ស​យន្ត​លំដាប់​ពិភពលោក​ដែល​រៀបចំឡើង​ដោយ​អង្គការ FIRST Global នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​កន្លងទៅនេះ ក្រុមយុវជន​កម្ពុ​ជាទ​ទួលបាន​ចំណាត់ថ្នាក់​លេខ​២២​ក្នុងចំណោម​ក្រុម​ដែល​ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៦៣ ដែល​មកពី​ប្រទេស​ចំនួន​១៥៧​។​



​ក្រុមយុវជន​កម្ពុ​ជាមាន​សមាជិក​៦​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​៤​នាក់​ឈ្មោះថា សុ​តី ដា​នី​ត ណាត និង​ច​ន្ធី និង​មាន​ប្រុស​២​នាក់​គឺ​វ​ល័​ក្ខ និង​ចាន្ធូ​។​

​ច​ន្ធី​បាន​ថ្លែងប្រាប់ VOA ក្រោយ​ការប្រកួត​បានបញ្ចប់​នៅ​សាល DAR Constitution Hall ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ថា​៖ «​ពួក​ខ្ញុំ​អត់​បាន​គិតថា ពួក​ខ្ញុំ​អន់ចិត្ត​ទេ ព្រោះ​អី​ពួក​ខ្ញុំ​គិតថា ការប្រកួត​ហ្នឹង​វា​គង់​តែមាន​ឈ្នះ​មាន​ចាញ់​»​។​

​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ទាំង​៦​រូប ដែលមាន​អាយុ​ចន្លោះ​ពី​១៦​ដល់​១៨​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​១១​មកពី​វិទ្យាល័យ​ពីរ​ក្នុង​ខេត្តសៀមរាប ដែល​សិក្សា​ក្រោម​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍​របស់​អង្គការ Caring for Cambodia ដែល​ហៅ​កាត់​ថា (CFC)​។​



​ទោះបីជា​ក្រុម​កម្ពុជា​មិន​ទទួលបាន​មេដាយមាស ប្រាក់ ឬ​សំរឹទ្ធិ នៅក្នុង​ការប្រកួត​បញ្ជា​មនុស្ស​យន្ត​បែប​អូឡាំពិក​នេះ​ក៏ដោយ ក៏​លោកគ្រូ​ដឹកនាំ​របស់​ពួកគេ​យល់ថា លទ្ធផល​ដែល​កម្ពុជា​ទទួលបាន​គឺ​ហួស​ពី​ការ​ស្មាន​។​

​លោក គឹម វណ្ណ​ថេ​ន ដែលជា​ប្រធាន​គ្រប់គ្រង​បញ្ជី​ទិន្នន័យ​នៃ​អង្គការ CFC ហើយក៏​ជា​គ្រូដឹកនាំ​របស់​ក្រុមយុវជន​នេះ មានប្រសាសន៍ថា​៖ «​ខ្ញុំ​គិតថា លទ្ធផល ដែល​យើង​ទទួលបាន​លើសពី​ការរំពឹងទុក​ទៅទៀត ដោយសារតែ​ក្រុម​របស់​យើង​ចាប់ផ្តើម​ពី​កូនសិស្ស​ទាំងអស់​ហ្នឹង​គឺ​គាត់​ចាប់ផ្តើម​ពី​ចំណុច​សេ​រ៉ូ [​សូន្យ​] តែម្តង​»​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​អង្គ​ការមិន​ស្វែងរក​ប្រាក់កម្រៃ​ឈ្មោះ FIRST Global រៀបចំ​ការប្រកួត​បញ្ជា​មនុស្ស​សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ​មកពី​ទូទាំង​ពិភពលោក​នេះ​។​

​លោក Dean Kamen ដែលជា​ស្ថាបនិក​នៃ​អង្គការ​នេះ​បាន​និយាយ​យកចិត្តទុកដាក់​លើ​សម​ត្ថ​ភាព​ដែល​ក្រុមយុវជន​ទាំងអស់​ទទួលបាន​ពី​ការប្រកួត​នេះ​។​



​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​យន្ត​នោះទេ គឺ​ខ្ញុំ​ផ្តោត​សំខាន់​ទៅលើ​យុវជន​ទាំងនេះ​។ ដូច្នេះ​មិន​ថា​ក្រុម​ណាមួយ​ឈ្នះ ខ្ញុំ​មិន​ចាប់អារម្មណ៍​នោះទេ​។ ក្រុម​ទាំងអស់​ដែល​មក​ចូលរួម​ប្រកួត​គឺ​ឈ្នះ យុវជន​ទាំងអស់​គឺ​ឈ្នះ​។ ពួកគេ​នឹង​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​ជំនឿ​ចិត្ត និង​ស្គាល់​មិត្តភក្តិ​ថ្មី​»​។​

​លោក អ៊ុង សា​វី នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ CFC ដែល​បាន​ដឹកនាំ​ក្រុមយុវជន​មក​ចូលរួម​ការប្រកួតប្រជែង​នេះ​បាន​មានប្រសាសន៍ប្រាប់​VOA​ថា​៖ «​ខ្ញុំ​អត់​ចាប់អារម្មណ៍​ពី​រឿង​ឈ្នះ​ឬ​ចាញ់​ទេ សំខាន់​គឺ​យើង​មកដល់​ទីនេះ ដែល​យើង​បាន​ចូលរួម​នៅក្នុង​ការប្រកួត​អន្តរជាតិ​»​។

​កម្មវិធី​ប្រកួតប្រជែង​ដែល​ប្រព្រឹត្តទៅ​នៅក្បែរ​សេត​វិមាន កណ្តាល​រដ្ឋធានី វ៉ាស៊ីនតោន នេះ ក៏មាន​ការចូលរួម​គាំទ្រ​ដល់​ក្រុម​កម្ពុជា​ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ខ្មែរ​មួយចំនួន​ផងដែរ​។ ក្នុងចំណោម​នោះ គឺមាន​អ្នកស្រី Narin Jameson​។

​អ្នកស្រី Narin Jameson ដែល​រស់នៅក្នុង​ទីក្រុង Bethesda រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្តែង​អារម្មណ៍​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​របស់​ក្រុមយុវជន​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​អ្នកស្រី​បាន​មានប្រសាសន៍ថា​៖ «​មាន​មោទនភាព​អស្ចារ្យ​។ តាំងពី​អត់​មាន​ស្អី រហូតដល់​ឡើង​បាន​ប្រឡង​ជាមួយ​ពិភពលោក ហើយ​បាន​លេខ​ល្អ​ទៀត​»​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​នេះ​បាន​ចំណាយពេល​ប្រមាណ​៥​ខែ​ដើម្បី​ផលិត​មនុស្ស​យន្ត​ឲ្យ​លេចចេញ​ជា​រូបរាង​ឡើង ដោយ​ទាមទារ​ចំណេះដឹង​ខាង​សរសេរ​កូដ និង​កម្មវិធី​កុំព្យូទ័រ​ជាដើម​។



​ការប្រកួត​បញ្ជា​មនុស្ស​យន្ត​នេះ គឺ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ចាប់អារម្មណ៍​លើ​ជំនាញ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា និង​ចេះ​ប្រើប្រាស់​ចំណេះដឹង​នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​នានា​នៅក្នុង​ពិភពលោក​នេះ​។ ប្រធានបទ​នៃ​ការប្រកួត​ក្នុងឆ្នាំនេះ​គឺ​កា​រ‍​«​ទទួលបាន​ទឹក​ស្អា​ត‍​» ហើយ​មនុស្ស​យន្ត​ដែល​ចូលរួម​ប្រកួត​នឹង​ទទួលបាន​ពិន្ទុ​តាមរយៈ​ការ​ស្រង់​កាកសំណល់​ពុល​ចេញពី​ទឹក​លើ​ទីលាន​តំណាង​។​

​ដើម្បី​ទទួលបាន​ពិន្ទុ​នៅក្នុង​ការប្រកួតប្រជែង​បែប​កីឡា​អូឡាំពិក​នេះ ក្រុម​នីមួយៗ​ត្រូវ​សហការ​ជាមួយនឹង​ក្រុម​ពីរ​ទៀត ដើម្បី​ប្រកួត​លក្ខណៈ​បី​ទល់នឹង​បី ហើយ​ការប្រកួត​នេះ​មាន​ចំនួន​៦​ជុំ​។​

​លោក Kamen អ្នក​ផ្តួចផ្តើម​កម្មវិធី​ប្រកួតប្រជែង​លំដាប់​ពិភពលោក​នេះ​បាន​ថ្លែងថា គោលបំណង​សំខាន់​នៃ​ការប្រកួត​គ្នា​នេះ គឺ​ដើម្បី​ឲ្យ​យុវជន​ទាំងអស់​បាន​យល់​ពី​សារៈសំខាន់​នៃ​ការសហការ​គ្នា​។​

​លោក​បាន​ថ្លែងថា​៖ «​គោលបំណង​នៅទីនេះ គឺ​ដើម្បី​បង្ហាញ​ដល់​យុវជន​ទាំងនេះ​ថា ពួកគេ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា មិនមែន​ដើម្បី​ជា​អាវុធ ឬ​ដើម្បី​យកទៅ​ប្រយុទ្ធ​គ្នា​នោះទេ ប៉ុន្តែ​គឺ​ប្រើប្រាស់​ដើម្បី​ជា​ឧបករណ៍​ទំនាក់ទំនង​គ្នា​»​។​

​ច​ន្ធី​និយាយថា ការងារ​ជា​ក្រុម​និង​ការសហការ​គ្នា​គឺជា​បទពិសោធន៍​សំខាន់បំផុត​ដែល​នាង​ទទួលបាន​ពី​ការប្រកួតប្រជែង​នេះ​។​

​នាង​បាន​ពន្យល់​ប្រាប់ VOA​ថា​៖ «​ខ្ញុំ​បានទទួល​នូវ​បទពិសោធន៍​ជាច្រើន​នៅក្នុង​ការពិភាក្សាគ្នា ការសហការ​គ្នា ការយោគយល់​មតិ​គ្នា ការ​ផ្តោះផ្តង​នូវ​មតិ​ឲ្យ​គ្នា ហើយ​និង​ជួយ​កែសម្រួល​ទៅវិញទៅមក​»​។​



​ចាន្ធូ ដែលជា​ប្រធាន​ក្រុម​ក៏​យល់ថា ការ​សហការគ្នាជាមួយ​នឹង​ក្រុម​ផ្សេងៗ​ដែល​មកពី​ប្រទេស​ដទៃទៀត​គឺជា​បទពិសោធន៍​ដ៏​ធំ​បំផុត​មួយ​ដែល​ខ្លួន​ទទួលបាន​ពី​ការប្រកួត​បញ្ជា​មនុស្ស​យន្ត​នេះ​ផងដែរ​។​

​ចាន្ធូ​និយាយថា​៖ «​យើង​អាច​ស្វែងយល់​នូវ​ការសហការ​គ្នា​បាន​ច្រើន ហើយ​និង​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន​ដែល​យើង​ពុំដែល​ធ្លាប់​បានទទួល​»​។​

​ក្រោយពី​ដក​ពិសោធន៍​ពី​ការប្រកួតប្រជែង​បញ្ជា​មនុស្ស​យន្ត ឬ​ជា​ភាសា​អង់គ្លេស​ហៅថា robot លក្ខណៈ​អន្តរជាតិ​លើក​នេះហើយ អង្គការ CFC មានបំណង​នឹង​ពង្រីក​កម្មវិធីសិក្សា​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​ហៅ​កាត់​ថា STEM​ទៅក្នុង​សាលា​គោលដៅ​របស់ខ្លួន​បន្ថែម​ទៀត​។ ក្នុងពេល​បច្ចុប្បន្ននេះ​ក្រសួង​អប់រំ​កម្ពុជា​បាននិងកំពុង​ជំរុញ​ជំនាញ STEM នេះ ដោយ​មានការ​បង្កើតជា​សាលារៀន​ជំនាន់​ថ្មី ដែលជា​កម្មវិធីសិក្សា​ដែលមាន​ប្រព័ន្ធគ្រប់គ្រង​និង​ការបណ្តុះបណ្តាល​បែប​ទំនើប​ដោយ​បំពាក់​សម្ភារៈ​និង​កន្លែង​ពិសោធន៍ ដល់​សិស្ស​ដែល​សិក្សា​មុខវិជ្ជា STEM​។​

​លោក សា​វី បាន​មានប្រសាសន៍ថា​៖ «​បើសិនជា​យើង​ចេះ STEM ឲ្យ​បាន​ច្រើន យើង​ចេះ​បង្កើត robot ច្រើន ហើយ​យើង​អាច​ច្នៃ​ឲ្យ​ទៅជា​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​បាន​ច្រើន នៅក្នុង​ការជួយ​លើកកម្ពស់​ជំរុញ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ស្រុក​យើង​ដែរ​»​។​



​នៅ​ថ្ងៃ​អនាគត ច​ន្ធី​សង្ឃឹមថា ខ្លួន​នឹង​អាច​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​ផលិត​មនុស្ស​យន្ត​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​ទៀត​ជាពិសេស​យុវតី ដែល​ចាប់អារម្មណ៍​នឹង​ជំនាញ​នេះ​។​

​ច​ន្ធី​បាន​និយាយថា​៖ «​នៅ​១០​ឆ្នាំក្រោយ ខ្ញុំ​ចង់​បង្កើត​នូវ​ក្រុម​នារី robot ដែល​អាចធ្វើ robot ហ្នឹង​បាន ហើយនឹង​ចូលក្នុង​កម្មវិធី FIRST Global ហើយ​និង​យកចំណេះ​ដឹង​ដែល​ខ្ញុំ​មាន យកទៅ​បង្រៀន​ក្មេងជំនាន់ក្រោយ ក្មេង​តូចៗ​ឬក៏​មនុស្ស​ស្រី នារីៗ​ដែល​គាត់​ចង់​រៀន ពួក​ខ្ញុំ​អាច​បង្រៀន​បាន​»​។​

​នាង​បាន​បន្ថែម​ប្រាប់ VOA​ទៀតថា​៖ «​ក្រុម​របស់ខ្ញុំ​គឺ​បានរួម​គំនិត​គឺថា​ចង់​បង្កើត​នូវ robot មួយ​ដែល​រាង​ធំ​ជាង​robot ដែល​ពួក​ខ្ញុំ​ធ្វើ​ឥឡូវៗ ចង់​ឲ្យ​វា​ក្លាយទៅជា robot មួយ​ដែល​ធំ ដើម្បី​ចាប់​សំរាម​នៅលើ​ដី ឬក៏​ចាប់​សំរាម​នៅក្នុង​ទឹក​ដែល​អាច​ប្រមូល​វា​យកទៅ​កែច្នៃ​ជា​វត្ថុ​អី​ផ្សេងៗ ឬក៏​យក​វា​ទៅ​ដាក់​កន្លែង​មួយ​ដែល​សមរម្យ​»​។​

​ក្រោយពី​ជោគជ័យ​នៅក្នុង​ឆ្នាំ​នេះហើយ អង្គការ FIRST Global បានប្រកាសថា នៅ​ឆ្នាំក្រោយ ការប្រកួត​បញ្ជា​មនុស្ស​យន្ត​នេះ​នឹង​ប្រព្រឹត្តឡើង​នៅ​រដ្ឋធានី​ម៉ិចស៊ីកូ នៃ​ប្រទេស​ម៉ិច​សិ​ក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com