អន្តរជាតិ
Brexit៖ ការចរចា​រវាង​អង់គ្លេស​និង​អឺរ៉ុប​ទៅមុខ​ទាំង​រដាក់រដុប
21, Jul 2017 , 7:19 pm        
រូបភាព
តំណាងចរចារបស់អង់គ្លេស David Davis និងសមភាគីអឺរ៉ុប Michel Barnier (រូបភាព BBC)
តំណាងចរចារបស់អង់គ្លេស David Davis និងសមភាគីអឺរ៉ុប Michel Barnier (រូបភាព BBC)
​ការចរចា​ចែកផ្លូវ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ឈានដល់​សប្ដាហ៍​ទី​ពីរ ប៉ុន្តែ​ដំណើរ​ការចរចា​នេះ​ស្ថិត​លើផ្លូវ​មួយ​ដែល​រដាក់រដុប​បំផុត​។ ការចរចា​ប៉ុន្មាន​ថ្ងៃ​មកនេះ ផ្ដោតលើ​សិទ្ធិ​ប្រជាជន​អឺរ៉ុប​រស់នៅ​អង់គ្លេស និង​ថ្លៃ​លែងលះ​ដែល​អង់គ្លេស​ត្រូវ​បង់​ឲ្យ​អឺរ៉ុប​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​ហាក់​នៅ​មិនទាន់​ច្បាស់​ពី​ជំហរ​របស់​អង់គ្លេស​លើ​បញ្ហា​ទាំងនេះ​នៅឡើយ​ទេ និង​ចង់​ឲ្យ​អង់គ្លេស​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ព្រោះ​មន្ទិលសង្ស័យ​ដែល​កើតមាន មិនមែនជា​រឿង​ល្អ​សម្រាប់​ការចរចា​ឡើយ​។



​តំណាង​មកពី​អង់គ្លេស និង​មកពី​សហភាព​អឺរ៉ុប បាន​បន្ត​ជួបគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល សម្រាប់​សប្ដាហ៍​ទី​ពីរ​នៃ​ការចរចា​ចែកផ្លូវ​គ្នា​។ ប៉ុន្តែ​ចុងបញ្ចប់​នៃ​ការចរចា ទាំង​អង់គ្លេស ទាំង​សហភាព​អឺរ៉ុប នៅ​ខ្វែងគំនិត​គ្នា​លើ​សិទ្ធិ​ប្រជាជន​អឺរ៉ុប​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​អង់គ្លេស និង​ការបង់ថ្លៃ​លែងលះ​ទៅ​ឲ្យ​អឺរ៉ុប​នោះ​។ អង់គ្លេស បានប្រកាស​ហើយ​ថា សិទ្ធិ​របស់​ប្រជាជន​អឺរ៉ុប​នឹងត្រូវ​រក្សា​ដដែល ហើយ​អង់គ្លេស​ក៏​សន្យា​បង់ថ្លៃ​លែងលះ​ដែរ​។   

​យោងតាម​សារព័ត៌មាន BBC តំណាង​ចរចា​របស់​អឺរ៉ុប Michel Barnier និយាយថា ចក្រភព​អង់គ្លេស​មិនមាន​ជំហរ​ច្បាស់លាស់​លើ​បញ្ហា​នេះឡើយ ដែល​អាច​បង្ក​ជា​បញ្ហា​សម្រាប់​ការចរចា​មិន​ខាន​។ តំណាង​របស់​អឺរ៉ុប​ចង់បាន​ការបញ្ជាក់​ពី​សិទ្ធិ​ប្រជាជន​អឺរ៉ុប ការបង់ថ្លៃ​លែងលះ បញ្ហា​អៀរ​ឡង់ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត ខណៈ​អឺរ៉ុប​ផ្ទាល់​អះអាងថា ជំហរ​របស់ខ្លួន​លើ​បញ្ហា​នេះ គឺ​ច្បាស់លាស់​អស់ហើយ​។

​យ៉ាងណាមិញ លោក David Davis រដ្ឋមន្ត្រី​ទទួលបន្ទុក​ការចរចា​ចាកចេញ​របស់​អង់គ្លេស បែរជា​និយាយថា ការចរចា​រវាង​អង់គ្លេស និង​អឺរ៉ុប​ស្ថិត​លើផ្លូវ​ល្អ ហើយ​មាន​ដំណើរការ​ទៅមុខ​ផងដែរ​។ ទន្ទឹមនឹង​ការខ្វែងគំនិត​គ្នា តំណាង​របស់​អង់គ្លេស​រូបនេះ​បញ្ជាក់ថា ភាគី​ទាំងសងខាង​ត្រូវតែ​បត់បែន បើ​ចង់​ឲ្យ​ការចរចា​ជោគជ័យ​។​

១. សិទ្ធិ​ប្រជាជន​អឺរ៉ុប​នៅ​អង់គ្លេស និង​សិទ្ធិ​ប្រជាជន​អង់គ្លេស​នៅ​អឺរ៉ុប​

​អង់គ្លេស និង​សហភាព​អឺរ៉ុប មានគំនិត​ត្រូវ​គ្នា​ខ្លះ និង​ខុសគ្នា​ខ្លះ​លើ​បញ្ហា​នេះ​។ ចំណុច​ដែល​នៅ​ខ្វែងគំនិត​គ្នា គឺ​ត្រង់​អនាគត​របស់​ក្មេងជំនាន់ក្រោយ​ដែល​កើត​នៅ​អង់គ្លេស បន្ទាប់ពី​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ក៏ដូចជា​ផលប្រយោជន៍​ដែល​ពួកគេ​អាច​ទទួលបាន​។ ប៉ុន្តែ​ប្រជាជន​អឺរ៉ុប​រស់នៅ​ទឹកដី​អង់គ្លេស​ទាំងនោះ កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​សិទ្ធិ ឬ​អត្ថប្រយោជន៍​ដែល​កំពុង​ទទួលបាន​នៅពេលនេះ​។

​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​អនុញ្ញាត​ឲ្យ​ប្រជាជន​អឺរ៉ុប​ចំនួន​ជាង​៥​លាន​នាក់​កំពុង​រស់នៅ​អង់គ្លេស អាច​ចាក​ចេញពី​អង់គ្លេស​ទៅកាន់​ប្រទេស​អឺរ៉ុប​ផ្សេង ហើយ​អាច​ចូលមក​អង់គ្លេស​វិញ​បាន ប៉ុន្តែ​អង់គ្លេស​ដូចជា​មិន​យល់ស្រប​លើ​បញ្ហា​នេះ​ទេ​។ បើ​ដូច្នេះ​មែន ប្រជាជន​អង់គ្លេស​ចំនួន​ជាង​មួយ​លាន​នាក់​ដែល​រស់នៅ​រដ្ឋ​អឺរ៉ុប​ផ្សេង​ក៏​រង​ផលប៉ះពាល់​ដែរ​។ មានន័យថា បើ​ប្រជាជន​អង់​នៅ​អាល្លឺម៉ង់ នឹង​មិនអាច​ផ្លាស់​ទីលំនៅ​ទៅកាន់​អូទ្រីស ឬ​បារាំង បានដែរ​។​

​លើសពីនោះ អឺរ៉ុប​ក៏​ចង់​ឲ្យ​អង់គ្លេស​ផ្ដល់​សិទ្ធិ​ដែល​ប្រជាជន​អឺរ៉ុប​ទទួលបាន​សព្វថ្ងៃ ទៅ​ឲ្យ​កូនៗ ឬ​សមាជិកគ្រួសារ​ដូចជា​ការទទួល​សិទ្ធិ​អប់រំ​, សុខាភិបាល និង​សង្គមកិច្ច​ជាដើម ទោះជា​ពួកគេ​មិន​រស់​នៅលើ​ទឹកដី​អង់គ្លេស​ក្ដី​។ ប៉ុន្តែ​ក្រុង​ឡុង​ដ៍​បានដាក់​លក្ខ​ណ្ឌ​ឲ្យ​ប្រជាជន​អឺរ៉ុប​ទាំងអស់ ត្រូវ​រស់នៅ​អង់គ្លេស​បាន​ប្រាំ​ឆ្នាំ​សិន ទើប​អាច​ទទួលបាន​សិទ្ធិ​ដូច​ប្រជាជន​អង់គ្លេស ចំណែក​អ្នក​រៀបការ​ក្រោយ​ឆ្នាំ​២០១៩ អាច​បាត់បង់​សិទ្ធិ​តែម្ដង​។​

២. អឺរ៉ុប​ចង់​ឲ្យ​តុលាការ​អឺរ៉ុប​ដោះស្រាយ​រាល់​បញ្ហា​ទាក់ទង​សិទ្ធិ​ប្រជាជន តែ​អង់គ្លេស​មិន​ព្រម​

​ទាក់ទង​នឹង​រឿង​សិទ្ធិ​ប្រជាជន​នេះដែរ អង់គ្លេស និង​អឺរ៉ុប​មាន​ជំហរ​ផ្ទុយគ្នា​ស្រឡះ​លើ​យុត្តាធិការ​របស់​តុលាការ​អឺរ៉ុប​។ អឺរ៉ុប​ចង់​ឲ្យ​តុលាការ​អឺរ៉ុប (ECJ) ជា​អ្នកដោះស្រាយ​បញ្ហា​សិទ្ធិ​ប្រជាជន​របស់ខ្លួន តែ​អង់គ្លេស​បដិសេធ និង​បាន​ប្រាប់​បិ​ញ​ថា តុលាការ​អង់គ្លេស គឺជា​ស្ថាប័ន​តែមួយគត់​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ព្រោះ​អង់គ្លេស​មិនអាច​ស្ថិតក្រោម​អំណាច​របស់​តុលាការ​អឺរ៉ុប​ឡើយ ពេល​ចាក​ចេញពី​អឺរ៉ុប​នោះ​។ 

​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ធ្លាប់​និយាយ​ហើយ​ថា លោកស្រី​នឹងមិន​អនុញ្ញាត​ឲ្យ​អង់គ្លេស​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​អឺរ៉ុប​ឡើយ និង​ចាត់ទុក​ការទាមទារ​របស់​អឺរ៉ុប គឺជា​រឿង​មិន​សមរម្យ​ទៀតផង​។ ប៉ុន្តែ​តំណាង​ចរចា​របស់​អឺរ៉ុប ក៏​ប្រកាស​ការពារ​តួនាទី​របស់​តុលាការ​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាក់ទង​ប្រជាជន​អឺរ៉ុប ដោយ​ចាត់ទុក​ការទាមទារ​របស់ខ្លួន គឺជា​រឿង​ផ្លូវច្បាប់ មិនមែនជា​រឿង​នយោបាយ​ឡើយ​។​

៣. ថ្លៃ​លែងលះ​ដែល​អង់គ្លេស​ត្រូវ​បង់​ឲ្យ​អឺរ៉ុប​នៅតែ​ជា​បញ្ហា​

​ការបង់ប្រាក់​សំណង ឬ​ប្រាក់​លែងលះ​ទៅ​ឲ្យ​អឺរ៉ុប នៅតែ​ជា​បញ្ហា​ក្នុងការ​ចរចា​ដដែល​។ អង់គ្លេស បាន​យល់ព្រម​ជាគោលការណ៍​រួចហើយ​ក្នុងការ​ផ្ដល់​សំណង​ប្រមាណ​៦០​ពាន់​លាន​អឺរ៉ូ​ទៅ​ឲ្យ​អឺរ៉ុប ពេល​ខ្លួន​ចាកចេញ ដែលជា​ថ្លៃ​ចំណាយ​លើ​ការផ្លាស់ប្ដូរ​ស្ថាប័ន​អឺរ៉ុប​ពី​អង់គ្លេស​ទៅ​ប្រទេស​ផ្សេង និង​ថ្លៃ​សំណង​សម្រាប់​មន្ត្រី​សហភាព​អឺរ៉ុប​ជាដើម​។ ប៉ុន្តែ​ខាង​អឺរ៉ុប​និយាយថា អង់គ្លេស​និយាយ​ឲ្យ​ច្បាស់លាស់​ពី​បញ្ហា​នេះឡើយ ខណៈ​ការចរចា​ក៏​មិន​រៀបចំ​ដែរ​។​

​តំណាង​ចរចា​របស់​អង់គ្លេស លោក David Davis បញ្ជាក់ថា អង់គ្លេស និង​អឺរ៉ុប សុទ្ធតែ​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​ការអនុវត្ត​កា​ត្វ​កិច្ច ដែលមាន​ចំពោះ​គ្នា​ទៅវិញទៅមក ទាំង​ផ្នែ​ង​ច្បាប់ ទាំង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​។ ប៉ុន្តែ​តំណាង​អឺរ៉ុប​ចង់បាន​ចម្លើយ​ច្បាស់​ជាង​នេះ ដ្បិត​ប្រមុខ​ការទូត​អង់គ្លេស Boris Johnson ធ្លាប់​ប្រកាស​អង់គ្លេស​នឹងមិន​បង់លុយ​សូម្បី​មួយ​សេន បើ​ការទាមទារ​នោះ​ខ្ពស់​ខ្លាំងពេក​៕


Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com