ជាតិ
កម្ពុជា​និង​វៀតណាម​បើក​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ថ្មី​រួមគ្នា​
21, Jul 2017 , 7:39 pm        
រូបភាព
ដោយ:
​ប្រទេស​កម្ពុជា និង​វៀតណាម​ដែលជា​ប្រទេសជិតខាង​និង​គ្នា​បាន​សម្ពោធ​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​រួមគ្នា​រវាង​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​ព្រំប្រទល់​ស្រុក​ឡេ​ថា​ញ់ ខេត្ត​យ៉ា​ឡាយ​។ ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​ការដឹកជញ្ជូន​ផ្លូវគោក​នៅ​ឆ្នាំ​១៩៩៨-២០០៥​។ នេះ​ជា​ច្រកទ្វារ​អន្តរជាតិ​ទី​បួន​ហើយ​ដែល​បាន​បើកសម្ពោធ​។​



​គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ការបើក​សម្ពោធ​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ គឺ​លោក កែវ គឹមយ៉ាន ដំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង លោក ផាំ ប៊ិ​ញ​មិញ តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​។​

​នគរបាលជាតិ បាន​បន្ថែមទៀតថា ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ប្រា​រព​ធ្វើ​នៅ​ច្រកទ្វារ​អន្តរជាតិ នៃ​ប្រទេស​ទាំងពីរ ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​ទាំងពីរ​ដែល​នៅជាប់​ព្រំប្រទល់​ច្រកទ្វារ​អន្តរជាតិ​នេះ អ្នកចូលរួម​ប្រមាណ​១០០០​នាក់​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន បញ្ជាក់ទៀតថា ក្នុង​កិច្ចព្រមព្រៀង​ស្ដីពី​ការដឹកជញ្ជូន​ផ្លូវគោក​នៅ​ឆ្នាំ​១៩៩៨-២០០៥ មាន​ច្រកទ្វារ​ចំនួន​៧ សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ រវាង​ប្រទេស​ទាំងពីរ​។ អគ្គស្នងការ​នេះ​បន្ថែមទៀតថា ប្រ​ត្តិ​ប​ត្តិ​ការដឹកជញ្ជូន​នេះ​បាន​អនុវត្ត​នៅតាម​ច្រកទ្វារ​ចំនួន​៣ រួចមកហើយ គឺ​ច្រកទ្វារ​អន្តរជាតិ​បាវិត​ជាប់​ជាមួយនឹង​ច្រកទ្វារ​ម៉ុក​បាយ ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ថ្លុ​ង​ជាប់​ជាមួយនឹង​ច្រកទ្វារ​សា​ម៉ា​ត ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ជាប់​ជាមួយនឹង​ច្រកទ្វារ​ហា​ទៀង ហើយ​និង​ទី​៤ ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ជាប់​ជាមួយនឹង​ច្រកទ្វារ​ឡេ​ថា​ញ់ ដែល​បាន​សម្ភោ​ធ​ថ្មីៗ​នេះ​។​


Tag:
 កម្ពុជា​
  ​វៀតណាម​
  ​ច្រកព្រំដែន​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com