អន្តរជាតិ
កូរ៉េខាងត្បូងថា សេដ្ឋកិច្ចកូរ៉េខាងជើងកើនឡើងខ្លាំង ទោះរងទណ្ឌកម្មជុំជិតក្ដី
× ធនាគារកណ្ដាលកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែកក្កដា បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថា សេដ្ឋកិច្ចកូរ៉េខាងជើងមានកំណើនខ្ពស់ក្នុងឆ្នាំ២០១៦ ដែលអត្រាខ្ពស់ជាងគេក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ។ កំណើនសេដ្ឋកិច្ចកូរ៉េខាងជើងកើនខ្ពស់ ទោះជារដ្ឋកុម្មុយនីស្តមួយនេះកំពុងរុំព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិអស់ពេលជាច្រើនឆ្នាំដោយសារតែមហិច្ឆតានុយក្លេអ៊ែរក្ដី។
ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ហាក់មិនមានប្រសិទ្ធភាពអ្វីលើកូរ៉េខាងជើងឡើយ។ បើតាមធនាគារកូរ៉េខាងត្បូង ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើង បានកើនឡើងជិតបួនភាគរយក្នុងឆ្នាំ២០១៦ ។ នេះ គឺជាការកើនខ្ពស់ជាងគេសម្រាប់ GDP កូរ៉េខាងជើង បើគិតពីឆ្នាំ១៩៩៩ មក ទោះជាកូរ៉េខាងជើង ប្រឈមមុខរាំងស្ងួត និងការធ្លាក់ចុះតម្លៃទំនិញក៏ដោយ។ ប៉ុន្តែការនាំចេញរ៉ែ និងថាមពល បានជំរុញឲ្យសេដ្ឋកិច្ចប្រទេសឯកោមួយ កើនឡើងខ្ពស់។
ខណៈដែលក្រុមប្រឹក្សាសន្តិសុខដាក់ការហ៊ុមព័ទ្ធសេដ្ឋកិច្ចតាំងពីឆ្នាំ២០០៦មក កូរ៉េខាងជើង បែរអាចបង្កើនការនាំចេញទៅវិញ។ ការនាំចេញរបស់កូរ៉េខាងជើង ដែលមានចិនជាដៃគូពាណិជ្ជកម្មធំជាងគេនោះ មានកំណើន៤,៦ភាគរយក្នុងឆ្នាំ២០១៦ គឺជាអត្រាខ្ពស់ជាងគេតាំងពីឆ្នាំ២០១៣ ។ យ៉ាងណាក្ដី ទំហំប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មានត្រឹម១,១៣៦ដុល្លារប៉ុណ្ណោះ ដែលទាបជាងអត្រានៅកូរ៉េខាងត្បូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តាមពិតទៅ ធនាគារកូរ៉េខាងត្បូង តែងបានបញ្ចេញរបាយការណ៍ស្ដីពី GDP របស់កូរ៉េខាងជើង តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ដោយពឹងផ្អែកលើទិន្នន័យរបស់ក្រសួងបង្រួបង្រួមកូរ៉េ និងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងផ្ទាល់។ នេះក៏ព្រោះកូរ៉េខាងជើងប្រឹងប្រែងបិទបាំងព័ត៌មានរបស់ខ្លួនយ៉ាងដិតដល់បំផុត ហើយក៏មិនបញ្ចេញជាសាធារណដែរ។ យ៉ាងណានោះ របាយការណ៍របស់កូរ៉េខាងត្បូង ត្រូវបានប្រើយ៉ាងទូលំទូលាយដោយអន្តរជាតិក្នុងការវាយតម្លៃសេដ្ឋកិច្ចកូរ៉េខាងជើង។
ច្បាស់ណាស់ថា កំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងជើងពិតជាមានជាប់ពាក់ព័ន្ធទំនាក់ទំនងជាមួយចិន ព្រោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកូរ៉េខាងជើង នៅតែអនុវត្តតាមធម្មតា ទោះជាចិនបានកំហិតការនាំចូលទំនិញខ្លះពីកូរ៉េខាងជើងតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក្ដី។ ចិនអះអាងថា ការរកស៊ីជាមួយកូរ៉េខាងជើង គឺមិនប៉ះពាល់ទណ្ឌកម្មរបស់អន្តរជាតិឡើយ ប៉ុន្តែវាបានក្លាយជាចំណូលដ៏ធំរបស់កូរ៉េខាងជើងទៅវិញ។
ដោយសារតែកូរ៉េខាងជើងមិនចុះញ៉ម រួមនឹងទណ្ឌកម្មមិនសូវមានប្រសិទ្ធភាពទៀតនោះ អាមេរិកកំពុងតែញាប់ដៃជើងដើម្បីដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ជាពិសេសការប្រើប្រាស់ឥទ្ធិពលរបស់ចិនតែម្ដង។ អាមេរិកដឹងច្បាស់ចិនមានអានុភាពបង្ខំឲ្យកូរ៉េខាងជើងបោះបង់មហិច្ឆតានុយក្លេអ៊ែរ ព្រោះចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងទាំងការទូត សេដ្ឋកិច្ច និងនយោបាយ។ ប៉ុន្តែចិនហាក់មិនអើពើការស្នើរបស់អាមេរិកឡើយ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com