អន្តរជាតិ
មហាសន្និបាត UN អនុម័តដំណោះស្រាយរម្លឹកខួប ៥០ឆ្នាំ នៃការបង្កើតអាស៊ាន
× មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចអនុម័តដំណោះស្រាយរម្លឹកខួប ៥០ឆ្នាំនៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថា អាស៊ានកាលពីថ្ងៃ ១៩ ខែកក្កដាកន្លងទៅ។ ការអនុម័តដំណោះស្រាយនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីអង្គការថ្នាក់តំបន់មួយនេះដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់កន្លងមក។
តំណាងអចិន្ត្រៃយ៍របស់ហ្វីលីពីនប្រចាំអង្គការសហប្រជាជាតិលោក Teodoro L. Locsin Jr.បានដាក់ស្នើអនុម័តសេចក្តព្រាងដំណោះស្រាយលើកដំបូងមួយស្តីពីការរម្លឹកខួបនៃការបង្កើតអាស៊ានក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃពុធទី ១៩ ខែកក្កដា ។
បើតាមទីភ្នាក់ងារព័ត៌មានហ្វីលីពីន ដំណោះស្រាយដែលមានឈ្មោះថា ការរម្លឹកខួប ៥០ឆ្នាំនៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះ ត្រូវបានអនុម័តជាផ្លូវការជាឯកច្ឆន្ទដោយប្រទេសសមាជិកចំនួន ៦៧ ដែលចូលរួម។ ដំណោះស្រាយនេះស្នើឡើងដោយសមាជិកអាស៊ានទាំងដប់រួមជាមួយប្រទេស ៥៧ផ្សេងទៀតមានដៃគូសន្ទនាអាស៊ាន, រដ្ឋសមាជិកសភាពអឺរ៉ុប, រួមជាមួយប្រទេសជាមិត្តនៅអាស៊ីប៉ាស៊ីហ្វិក, អាហ្វ្រិក និងអាមេរិកឡាទីនជាដើម។
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអង្គការសហប្រជាជាតិលោក Teodoro L. Locsin Jr. បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៩២ ថា ដំណោះស្រាយនេះនឹងរួមចំណែកសំខាន់ក្នុងការរម្លឹកពីការបង្កើតអង្គការថ្នាក់តំបន់ដែលរួមចំណែកបង្កើតសន្តិភាពនិងរក្សាស្ថិរភាពតំបន់នេះ។
«កាលពី៥០ឆ្នាំមុន អាស៊ានត្រូវបានបង្កើតឡើងដោយសេចក្តីថ្លែងការណ៍ក្រុងបាងកក ថ្ងៃ ៨ ខែសីហា ឆ្នាំ ១៩៦៧។ វាជាពេលដែលបីតាស្ថាបនិករបស់យើងបង្កើតចេញអង្គការមួយដែលគោលដៅចម្បងលើកស្ទួយសន្តិភាព និងស្ថិតភាពតំបន់តាមរយៈការគោរពយុត្តិធម៌ និងនីតិរដ្ឋ រួមទាំងគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ»។ មន្ត្រីទូតខាងលើបានបញ្ជាក់ដូច្នេះ។
តំណាងហ្វីលីពីនរូបនេះបន្តថា នៅពេលខាងមុខគេនឹងបន្តឃើញការលូតលាស់នៃអាស៊ាន និងទំនាក់ទំនងរវាងរដ្ឋជាសមាជិកអាស៊ានជាមួយបណ្តាប្រទេសជាមិត្តនិងដៃគូ។ លោកគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសច្រើនជាង៨០ បានតែងតាំងឯកអគ្គរាជ/រដ្ឋទូតរបស់ខ្លួនមកកាន់លេខាធិការដ្ឋានអាស៊ាន ក្នុងគោលដៅពង្រឹងទំនាក់ទំនងនិងចំណងការទូតទ្វេភាគីផងដែរ។
តាមពិតទៅការអនុម័តដំណោះស្រាយរម្លឹកខួបអាស៊ាន៥០ឆ្នាំនេះធ្វើឡើងក្នុងគោលដៅចូលរួមលើកកម្ពស់ការយល់ដឹងពីអាស៊ាន ព្រោះអង្គការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារគោលការណ៍ពហុនិយម ស្ថិរភាព វិបុកភាព និងសន្តិភាពតំបន់ជាដើម។ ហើយមិនត្រឹមតែប៉ុណ្ណោះទេដំណោះស្រាយនេះក៏គូសបញ្ជាក់ពីការបំពេញគ្នាទៅវិញទៅមករវាងសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ ស្តីពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០៕
Tag:
អាស៊ាន
UNGA
Teodoro L. Locsin Jr.
© រក្សាសិទ្ធិដោយ thmeythmey.com