ជាតិ
លោក អូស្មាន ហាស្សាន់ ព្រមានប្រើវិធានការតាមច្បាប់ដល់អាហារដ្ឋានណាដែលលើកស្លាកហាឡាលគ្មានស្តង់ដា លោក អូស្មាន ហាស្សាន់
× ភ្នំពេញ៖ ស្លាកសញ្ញា ហាឡាល (Halal) ជាច្រើន ត្រូវបានម្ចាស់អាហារដ្ឋានមួយចំនួន បានដាក់ តាំង និងភ្ជួរនៅមុខហាងរបស់ពួកគេ ក្នុងបំណងដើម្បីបញ្ជាក់ថា ហាងទាំងនោះជារបស់ ឥស្លាម គ្មានសាច់ជ្រូក ដែលសាសនិកឥស្លាមអាចចូលហូបបាន ដោយគ្មានការភ័យព្រួយ។ តែអ្វីដែលចម្លែកនោះ នៅក្នុងហាងទាំងនោះ គេឃើញមានដាក់លក់គ្រឿងស្រវឹង ដែលផ្ទុយស្រឡះពីនិយមន័យនៃពាក្យហាឡាលក្នុងសាសនាឥស្លាម។
គណៈកម្មការត្រួតពិនិត្យស្តង់ដាអាហារហាឡាលកម្ពុជា បានព្រមានពីការខាតបង់ និងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើអាហារដ្ឋានមួយចំនួន នៅតែបំពានដាក់ស្លាកហាឡាល ដែលគ្មានស្តង់ដាបញ្ជាក់ត្រឹមត្រូវ។ លោក អូស្មាន ហាស្សាន់ បញ្ជាក់ថា នឹងចាត់វិធានការតាមច្បាប់ ដោយធ្វើការដកស្លាកសញ្ញាហាឡាល ដែលគ្មានការបញ្ជាក់ត្រឹមត្រូវ
គណៈកម្មការត្រួតពិនិត្យស្តង់ដាហាឡាលកម្ពុជា លោក អូស្មាន ហាស្សាន់ បានបន្ថែមទៀតថា ម្ចាស់អាហារដ្ឋានទាំងនោះ ជាអ្នកធ្វើឲ្យខាតបង់ដោយខ្លួនឯង ដោយត្រូវបាត់បង់អតិថិជន ដែលត្រូវការអាហារហាឡាលត្រឹមត្រូវ។
សូមស្តាប់សំឡេងលោក អូស្មាន ហាស្សាន់ នៅក្នុងសិក្ខាសាលាស្តីពីការបង្កើតស្តង់ដាហាឡាលកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ
គួរបញ្ជាក់ថា កម្ពុជាកំពុងចាប់ប្រទេសថៃ និងម៉ាឡេស៊ី ធ្វើជាគ្រូសម្រាប់រៀនសូត្រលើការងារបង្កើតស្តង់ដាហាឡាលដោយខ្លួនឯង។ កម្ពុជា និងថៃ មានស្ថានភាពសង្គមដូចគ្នា គឺថា ជាប្រទេសមិនកាន់សាសនាឥស្លាម តែប្រឹងប្រែងដើម្បីបង្កើតស្តង់ដាហាឡាល ដែលគោរពទៅក្រិត្យក្រមនៃច្បាប់សាសនាឥស្លាម។ ប្រទេសបានបង្កើតស្តង់ដាហាឡាលបានដោយជោគជ័យ ហើយបច្ចុប្បន្នមានសហគ្រាសជាង១០០០ ដែលបាននិងកំពុងប្រើប្រាស់ស្លាកហាឡាល។ ក្នុងបរិបទនេះ លោក អូស្មាន ហាស្សាន់ រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានការរីកចម្រើនថែមមួយកម្រិត ក្រោយស្តង់ដាហាឡាលកម្ពុជា ចេញជារូបរាងនៅក្នុងចុងឆ្នាំនេះ។ លោកបន្ថែមថា គោលដៅនៃស្តង់ដានេះ ក៏មិនមែនសម្រាប់ទីផ្សារក្នុងស្រុកតែមួយនោះដែរ និងរិតរឹតតែមិនមែនសម្រាប់តែជនមូស្លីមនោះផងដែរ៕
Tag:
ស្តង់ដាហាឡាល
អូស្មាន ហាស្សាន់
© រក្សាសិទ្ធិដោយ thmeythmey.com