កីឡាជាតិ
ជាតិ
កីឡាករ​ហែល​ទឹក លឹម កែវ​ឧ​ត្ត​ម រំពឹង​ប្រើពេល​១​ខែ​ដើម្បី​ឈានដល់​កំណត់ត្រា ពូ សុវិជ្ជា​
24, Jul 2017 , 8:19 am        
រូបភាព
កីឡាករ លឹម កែវឧត្តម ជម្រើសជាតិកីឡាហែលទឹកប្រចាំសហព័ន្ថខ្មែរកីឡាហែលទឹក
កីឡាករ លឹម កែវឧត្តម ជម្រើសជាតិកីឡាហែលទឹកប្រចាំសហព័ន្ថខ្មែរកីឡាហែលទឹក
ដោយ:
​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ លឹម កែវ​ឧ​ត្ត​ម រំពឹង​អាចឈាន​ដល់កំណត់​ត្រា​កីឡាករ​កូន​ខ្មែរ​-​អាមេរិក ពូ សុវិជ្ជា ក្នុង​រយៈពេល​មួយខែ​ខាងមុខនេះ​។ លើសពីនេះ រូបគេ ថែមទាំង​ដាក់​គោលដៅ​ចង់​បំបែក​កំណត់ត្រា ពូ សុវិជ្ជា ទៀតផង​។ តែ​យ៉ាងណា កែវ​ឧ​ត្ត​ម មិនបាន​បញ្ជាក់​ពី​ពេលវេលា​ដែល​អាច​ឈានដល់​ការ​បំបែក​កំណត់ត្រា​នេះឡើយ​។ កែវ​ឧ​ត្ត​ម បាននិងកំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​ជាមួយ​គ្រូ​ជនជាតិ​ជប៉ុន ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខ​ផងដែរ​។​



​កីឡាករ​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា លឹម កែវ​ឧ​ត្ត​ម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រូបគេ​នឹង​អាចឈាន​ដល់ Record របស់​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក ពូ សុវិជ្ជា ដែល​ហែល​លឿន​ជាង​ខ្លួន ត្រឹម​រយៈពេល​១​ខែ​។ ការរំពឹង​បែបនេះ បន្ទាប់ពី កែវ​ឧ​ត្ត​ម អះអាងថា សមត្ថភាព​គេ​មានការ​រីកចម្រើន​ជាង​មុន​ក្រោយ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Saki Ikuyama មួយរយៈ​នេះ​។

​ការហ្វឹកហាត់​ក្រោម​វិន័យ​យ៉ាង​តឹងរ៉ឹង​របស់​គ្រូបង្វឹក​ជប៉ុន Saki Ikuyama បាន​ជំរុញ​ឲ្យ​កីឡាករ លឹម កែវ​ឧ​ត្ត​ម ត្រូវ​ហែល​២០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃៗ ដែលជា​រយៈ​ចម្ងាយ​ដែល​ខ្លួន​មិន​ធ្លាប់ធ្វើ​នាពេល​កន្លងមក​។ កត្តា​នេះ បានធ្វើ​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​រំពឹងថា រូបគេ​នឹង​អាច​បំបែក​កំណត់ត្រា​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក ពូ សុវិជ្ជា បាន​នៅពេល​ខាង​មុន​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ​ថ្មីៗ កីឡាករ លឹម កែវ​ឧ​ត្ត​ម បាន​បញ្ជាក់ថា​៖«​តាំងពី​គាត់​(Saki Ikuyama)​ចូលមក​បង្ហាត់ ពួក​ខ្ញុំ​ដែល​ធ្លាប់តែ​ហាត់​មិន​ដល់​៨ ឬ​១០​គីឡូម៉ែត្រ តែ​ពេលនេះ​ខ្ញុំ​អាច​ហាត់​១០​គីឡូម៉ែត្រ​ក្នុង​លើក​បាន ហើយ​ខ្ញុំ​បាន​ហ្វឹកហាត់​អនុវត្តតាម​គាត់​ទាំង​ព្រឹក​ទាំង​ថ្ងៃ​»​។



​នៅពេល​សួរថា ហេតុអ្វី​បានជា​រូបគេ​ចង់​បំបែក​តែ​កំណត់ត្រា​របស់ ពូ សុវិជ្ជា​? កីឡាករ លឹម កែវ​ឧ​ត្ត​ម បាន​ពន្យល់ថា ដោយសារ​កីឡាករ ពូ សុវិជ្ជា ហែល​លឿន និង​ប្រើ​រយៈពេល​តិចជាង​រូបគេ​។ កាលពីមុន សុវិជ្ជា ប្រើ​រយៈពេល​៥៨​វិនាទី​លើ​វិ​ញ្ញា​ហែល​មេអំបៅ​ចម្ងាយ​១០០​ម៉ែត្រ ខណៈ កែវ​ឧ​ត្ត​ម ប្រើ​១​នាទី​៤​វិនាទី​។ តែ​បច្ចុប្បន្ន កែវ​ឧ​ត្ត​ម ប្រើ​ត្រឹមតែ​១​នាទី​១​វិនាទី​តែប៉ុណ្ណោះ ហើយ​គេ​រំពឹងថា ក្នុង​រយៈពេល​១​ខែ​នឹង​អាច​បញ្ជ​ប់​ត្រឹម​៥៨ ឬ​៥៩​វិនាទី​។

​ទោះបី​យ៉ាងនេះ​ក្តី កីឡាករ​ហែល​ទឹក​ជម្រើសជាតិ លឹម កែវ​ឧ​ត្ត​ម បានដាក់​ក្តីសង្ឃឹម​ត្រឹម​អាច​បំបែក​កំណត់ត្រា​ចាស់​តែប៉ុណ្ណោះ​សម្រាប់​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខនេះ​។ ក្រៅពី​កីឡាករ លឹម កែវ​ឧ​ត្ត​ម សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​បញ្ជូន​កីឡាករ ហែម ថុ​ន​ពន្លឺ​, ចេង ពី​រោ​ទ​, ចេង សូ​ផា​, ធឿន ចាន់ថុល​, កីឡាការិនី  ហែម ថុ​ន​វិ​ទិ​នី និង​កីឡាការិនី សុខ វ​លក្ខណ៍ ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ផងដែរ​៕ 


Tag:
 ហែល​ទឹក​
  លឹម កែវ​ឧ​ត្ត​ម​
  ពូ សុវិជ្ជា​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com