កីឡាជាតិ
ជាតិ
AFF U15៖ វៀតណាមលើកពាន តែ សៀង ចន្ធា ជា Top Scorer វៀតណាមលើកពាន AFF U15 ជាលើកទីបី ក្រោយឈ្នះថៃ ដោយការទាត់ប៉េណាល់ទី។ រូបថត AFF
× ខ្សែប្រយុទ្ធ U15 កម្ពុជា សៀង ចន្ធា បានក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំព្រឹត្តិការណ៍ AFF U15 Championship 2017 នៅប្រទេសថៃ ក្រោយរកបាន៥គ្រាប់ម្នាក់ឯង។ ក្រុម U15 វៀតណាមបានយកឈ្នះម្ចាស់ផ្ទះ ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តី ដើម្បីគ្រងតំណែងជើងឯក ខណៈ U15 អូស្ត្រាលីបានចំណាត់ថ្នាក់លេខ៣ក្រោយយកឈ្នះម៉ាឡេស៊ី ៣-២។
ទោះបីក្រុមយុវជន U15 កម្ពុជាបានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U15 Championship 2017 ត្រឹមវគ្គជម្រុះតាមពូលក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា បានសាងកំណត់ត្រាល្អមួយសម្រាប់កម្ពុជាតាមរយៈជាប់ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍។ ជ័យជម្នះដ៏អស្ចារ្យនេះ បន្ទាប់ពី ចន្ធា រកបាន៥គ្រាប់ក្នុងចំណោម៥ប្រកួតរបស់គេ ដែលតាមពីក្រោយដោយកីឡាករឡាវ Chony Wenpaserth និង Suphanat Mueanta របស់ថៃ ដែលរកបានម្នាក់៤គ្រាប់។
៥គ្រាប់របស់ខ្សែប្រយុទ្ធ សៀង ចន្ធា រកបាន១គ្រាប់ពីការចាញ់វៀតណាម ២-១ មុនរកបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-០ លើហ្វីលីពីន និង១គ្រាប់ពីជ័យជម្នះ ១-០ លើទីម័រខាងកើត។
ក្រុម U15 វៀតណាម បានគ្រងជើងឯកពានរង្វាន់ AFF U15 Championship ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះម្ចាស់ផ្ទះថៃ ៤-២ ដោយបាល់ពិន័យ១១ម៉ែត្រក្នុងវគ្គផ្តាច់់ព្រ័ត្រកាលពីម្សិលមិញ បន្ទាប់ពីក្រុមទាំងពីររក្សាលទ្ធផលស្មើ ០-០ រហូតចប់ការប្រកួត។ ចំណែក U15 អូស្ត្រាលីទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ U15 ម៉ាឡេស៊ី ៣-២៕
Tag:
បាល់ទាត់
AFF U15
សៀង ចន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com