បទយកការណ៍ / បទសម្ភាសន៍
យ៉ាងហោចណាស់ មាន​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដែល​ចរាចរណ៍​ក្នុង​អាជីវកម្ម​ចុងភៅ​
23, Jul 2017 , 9:39 pm        
រូបភាព
​វិស័យ​ផ្ត​ត់​ផ្គង់​សេវា​សម្រាប់​អាពាហ៍ពិពាហ៍ ជាពិសេស​ផ្នែក​ម្ហូបអាហារ (​ចុងភៅ​) កាន់តែ​មមាញឹក​ឡើង នៅពេលដែល​កម្ពុជា​ត្រូវបាន​មើលឃើញថា មាន​កំណើន​ប្រជាសាស្ត្រ និង​កំណើន​នៃ​កម្មវិធី​ជាច្រើន​។ ក្រៅពី​ពិធី​អាពាហ៍ពិពាហ៍ វា​ក៏​នៅមាន​កម្មវិធី​បុណ្យ​ជា​ប្រពៃណី​ជាច្រើន​ផ្សេងទៀត​ដែល​តម្រូវ​ឲ្យ​សេវាកម្ម​ផ្គត់ផ្គង់​អាហារ​កាន់​តែមាន​ទំហំ​ធំ​។ តើ​អ្វីខ្លះ​ជា​ចំនុច​ប្រកួតប្រជែង​នៅក្នុង​វិស័យនេះ​? តើ​វិស័យនេះ​បាន​ចូលរួមចំណែក​ច្រើន​ប៉ុណ្ណា​ក្នុង​សេដ្ឋកិច្ចកម្ពុជា​?



​សូម​លោកអ្នក​អាន​បទ​សម្ភាស​រវាង​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ទូច រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​អាជីវកម្ម សេង ហុក​ហេង​៖

​លោក លាង ដឺ​លុច​៖ តើ​លោក រដ្ឋា​អាច​ដឹង​ទេ​ថា នៅក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​អាជីវកម្ម​ចុងភៅ ប្រហែល​ប៉ុន្មាន​?
​លោក ទូច រដ្ឋា​៖ ជាដំបូង​ខ្ញុំ​ចង់​បញ្ជាក់ថា ជាទូទៅ​អាជីវកម្ម​របស់​ពួកយើង​បានផ្តល់​សេវា​លើសពី​ចុងភៅ​។ បានន័យថា វា​មាន​សេវា​ផ្សេងៗ​ទៀត​ដូចជា សេវា​កាហ្វេ រចនា​រោង ម៉ាស៊ីនត្រជាក់​ចល័ត​ជាដើម​។ ត្រឡប់មក​សំណួរ​របស់លោក​វិញ វា​មាន​ជាង​១០០​អាជីវកម្ម​ចុងភៅ​នៅ​ភ្នំពេញ​។​

​លោក លាង ដឺ​លុច​៖ តើ​អាជីវកម្ម​ប្រភេទ​នេះ មានការ​ប្រកួតប្រជែង​តានតឹង​យ៉ាងណាខ្លះ​?
​លោក ទូច រដ្ឋា​៖ តាមពិត អាជីវ​កម្មនេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​មែនទែន ហើយ​ខ្ញុំ​គិតថា ចំនួន​អាជីវកម្ម​ក៏​នឹង​អាច​ធ្លាក់ចុះ​វិញ​ដែរ ដោយសារតែ​ការប្រកួតប្រជែង​នេះ​។ របរ​នេះ យើង​មិន​ត្រឹម​គិតតែ​អំពី​អនាម័យ និង​សេវា​ប៉ុណ្ណោះ​ទេ​។ នៅ​ពីក្រោយ​បញ្ហា​ពីរ​នេះ គឺ​គំនិត​ច្នៃប្រឌិត នានា​ជាច្រើន​ទៀត​។ អតិថិជន​តែង​ចង់បាន​សេវា​មួយ​ដែល​ប្លែក​ហើយ​ល្អ​។ ឧទាហរណ៍​ដូចជា ការរៀបចំ​តុបតែង​រោងការ ឆាក ការច្នៃ​ម៉ូត​កំណាត់​ផ្សេងៗ​។ បន្ទាប់មក​គឺ​គុណភាព​នៃ​សម្ភារ​នេះឯង ដែល​ទាមទារ​ឲ្យ​ជា​ម្ចាស់​សេវា​ត្រូវធ្វើ​ផ្លាស់ប្តូរ​ញឹកញាប់ និង​ថ្មី​រហូត​។ បើ​យើង​ធ្វើ​បច្ចុប្បន្នភាព​បាន​លឿន​ប៉ុណ្ណា នោះ​យើង​នឹង​ចាប់​យកបាន​ទីផ្សារ​បាន​ច្រើន និង​មុនគេ​។​

​លោក លាង ដឺ​លុច​៖ លោក​និយាយ​អំពី​គំនិត​ច្នៃប្រឌិត ពិសេស​អំពី​ការតុបតែង​នានា​។ តើ​គេ​បាន​គំនិត​ទាំងនោះ​មកពីណា​?
​លោក ទូច រដ្ឋា​៖ ពួកយើង​មាន​ក្រុមការងារ​ដែល​ទទួលបន្ទុក​លើ​ផ្នែក​នេះ​។ ព្រោះ​យើង​ត្រូវការ​គំនិត​ច្រើន​។ គ្មាន​សាលា​បន​ណ្តុះ​បណ្តាល​វិជ្ជា​ជំនាញ​ផ្នែក​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​អាច​បង្ហើប​បាន​ថា កិច្ចការ​នេះ​វា​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ជំនាញ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។ ម្យ៉ាងវិញទៀត ក្នុងសម័យ​អ៊ីនធឺណិត​នេះ អ្វីៗ​គឺ​នៅ​ក្នុងនោះ​ទាំងអស់​។​



​លោក លាង ដឺ​លុច​៖ ដោយសារតែ​លោក​ស្ថិតនៅក្នុង​វិស័យនេះ​យូរ​ឆ្នាំ តើ​លោក​អាច​ប៉ាន់ស្មាន​បានទេ​ថា តើ​មាន​ទឹកប្រាក់​ទំហំ​ប៉ុណ្ណា​ដែល​បាន​ចរាចរណ៍​នៅក្នុង​វិស័យនេះ​ក្នុង​មួយឆ្នាំៗ​? ហើយ​ថា តើ​វា​បាន​ជួយ​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា​?
​លោក ទូច រដ្ឋា​៖ ជាការ​ពិត ខ្ញុំ​មិនមែន​អ្នកសេដ្ឋកិច្ច​ទេ ខ្ញុំ​គ្រាន់តែ​អាច​ប៉ាន់ស្មាន​បាន​ខ្លះ​។ ខ្ញុំ​ថា នៅ​ទូទាំងប្រទេស​ទឹកប្រាក់​ដែល​ចរាចរណ៍​ក្នុង​វិស័យនេះ​មាន​ប្រហែល​ជាង​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​គ្រាន់តែ​នៅក្នុង​ភ្នំពេញ វា​មាន​ពី​៥០​ទៅ​៦០​លាន​ដុល្លារ​ហើយ​។​

​លោក លាង ដឺ​លុច​៖ ខ្ញុំ​ឆ្ញ​ល់​អំពី​ការទទួល​ផល​ពី​អាជីវកម្ម​នេះ​វិញ​។ ខ្ញុំ​ទទួលស្គាល់ថា អាជីវកម្ម​បានផ្តល់​ក​ម្លាំ​ង​ពលកម្ម ផ្តល់​ផល​ទៅដល់​អ្នកធ្វើ​សិប្បកម្ម​ផលិត​រោង កៅអី តុ ជាដើម​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ចង់ដឹង​វិញ គឺ​ទាក់ទង​នឹង​ការផ្គត់ផ្គង់​បន្លែ ត្រី សាច់ និង​ម្ហូប​នានា​។ សព្វថ្ងៃ កម្ពុជា​នាំចូល​បន្លែ ត្រី សាច់ ពី​ប្រទេសជិតខាង​។ ពេលខ្លះ អ្នកមាន​ទ្រព្យសម្បត្តិ​បាន​បញ្ជា​ទិញ​មុខម្ហូប​ថ្លៃៗ​ដែល​ត្រូវតែ​នាំចូល​ពី​បរទេស​ទៀត​។ ដូច្នេះ តើ​បានន័យថា អាជីវកម្ម​ចុងភៅ​នេះ ហាក់​កំពុងតែ​ផ្តល់​ផល​ទៅ​ប្រទេសជិតខាង​វិញ​ច្រើន​ដែរ​មែន​ទេ​?
​លោក ទូច រដ្ឋា​៖ ឆ្លើយ​ទៅនឹង​សំណួរ​នេះ វា​ពាក់ព័ន្ធ​នឹង​អ្នកផ្គត់ផ្គង់​របស់ខ្ញុំ​វិញ​។ អ្នកផ្គត់ផ្គង់​ក៏​ជួប​ឧបសគ្គ​ក្នុង​ការរក​ផលិតផល​ក្នុងស្រុក​។ ហើយ​ខ្ញុំ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​អំពី​លទ្ធភាព​នៃ​ការផ្គត់ផ្គង់ ទាំង​គុណភាព ទាំង​បរិមាណ និង​ឲ្យ​ទាន់ពេលវេលា​។ ដូច្នេះ​ពួក​ខ្ញុំ ត្រូវបង្កើត​នីតិវិធី​ផ្ត​ត់​ផ្គង់​សម្ភារ​។ យើង​ទទួល​បានការ​ត្អូញត្អែរ ដែលថា​ពិបាក​រក​ផ​លិ​ផល​ក្នុងស្រុក​ដែលមាន​គុណភាព​។​

​ភាគច្រើន​គ្រឿងទេស គ្រឿងផ្សំ និង​មាន​ផលិតផល​មួយចំនួន ដែល​ត្រូវតែ​នាំចូល​ពី​បរទេស​។ ប៉ាវ​ហ៊ឺ ព្រុយ​ត្រី មាន​គ្រឿងផ្សំ​ផ្សេង គ្រឿង​កំប៉ុង ផ្សិត សុទ្ធតែជា​ផលិតផល​នាំចូល គ្មាន​រោងចក្រ​កែច្នៃ​នៅ​ស្រុក​យើង​ទេ​។ មិនមែន​តែ​ខាង​ខ្ញុំ​ទេ ប៉ុន្តែ​តាម​សណ្ឋាគារ​ក៏​ប្រើប្រាស់​ផ​លិ​ផល​នាំចូល​ដូចគ្នា​ដែរ​។​

​លោក លាង ដឺ​លុច​៖ តើ​អាជីវកម្ម សេង ហុក ហេង របស់លោក​ទូច រដ្ឋា បានផ្តល់​ការងារ​ប៉ុន្មាន​នាក់​?
​លោក ទូច រដ្ឋា​៖ យើង​មាន​កម្លាំង​ពលកម្ម​ក្នុង​ដៃ​៣៥០​នាក់​។ ពួកគេ​មិន​ទទួល​ប្រាក់ខែ​ទេ តែ​ទទួលបាន​កម្រៃ​នៅពេល​មានការ​ងារ​។ ពួកគេ​មិនទាន់មាន​បរិញ្ញាបត្រ​ទេ​។ ខ្ញុំ​បាន​ព្យាយាម​ឲ្យ​ពួកគេ​អាច​ទទួលបាន​កម្រៃ​សមរម្យ​ដើម្បី​បង្កើន​គុណភាព​រស់នៅ​របស់​ពួកគេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com