កីឡាជាតិ
ជាតិ
AFC U23៖ ចិន​ឈ្នះ​ជប៉ុន ២-១ ធ្វើ​ឲ្យ​ការ​ប៉ះគ្នា​រវាង​កម្ពុជា​-​ហ្វីលីពីន​ក្លាយជា​ជំនួប​បង្គ្រប់កិច្ច​
23, Jul 2017 , 5:21 pm        
រូបភាព
ក្រុមអ្នកគាំទ្រ U23 ចិននៅពហុកីឡដ្ឋានជាតិ។ រូបថត តន ចាន់រិទ្ធារ៉ា
ក្រុមអ្នកគាំទ្រ U23 ចិននៅពហុកីឡដ្ឋានជាតិ។ រូបថត តន ចាន់រិទ្ធារ៉ា
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ចិន បាន​យកឈ្នះ U23 ជប៉ុន ២-១ នា​ការប្រកួត​ចុងក្រោយ​ពូ​ល J នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ល្ងាច​ថ្ងៃអាទិត្យ​នេះ។



​លទ្ធផល​នេះ បាន​នាំ​ឲ្យ​ចិន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ហើយ​ជប៉ុន​ដែល​បាន​យកឈ្នះ​កម្ពុជា និង​ហ្វីលីពីន មាន​ភាគរយ​ខ្ពស់​ឈាន​ឡើងទៅ​វគ្គ​ចុងក្រោយ​ក្នុងចំណោម​ក្រុម​លេខ​២​ឆ្នើម (Best Runners-Up)​។ សម្រាប់​ជំនួប​ជាមួយ​ហ្វីលីពីន ក្រុម U23 កម្ពុជា ត្រូវការ​ឈ្នះ​ដើម្បី​ក្រុម​អ្នកគាំទ្រ​ខ្លួន​ប៉ុណ្ណោះ ពីព្រោះ​ក្តី​សុបិន​ទៅកាន់​វគ្គ​បន្តបាន​បញ្ចប់ ដោយ​ពួកគេ​មានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​

​តាម​លក្ខន្តិកៈ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បានកំណត់ ចិន​ដែលជា​ម្ចាស់ផ្ទះ​សម្រាប់​វគ្គ​ចុងក្រោយ​ដែលមាន​១៦​ក្រុម​ចូលរួម​នោះ បានទទួល​កៅអី​ជា​ស្វ័យប្រវត្តិ​ហើយ​សម្រាប់​ការប្រកួត​នៅ​ទឹកដី​ខ្លួន​នា​ឆ្នាំ​២០១៨ ។ ដូច្នេះ ការទទួល​ចំណាត់ថ្នាក់​លេខ​១​ពូ​ល J របស់​ចិន នាំ​ឲ្យ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ ត្រូវ​ឡើងដល់​៦​ក្រុម ដែល​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​កំពូល​តារាង​ទាំង​១០​ពូ​ល​៕


Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com