កីឡាជាតិ
ជាតិ
AFC U23៖ ច្រឹង ពលរដ្ឋ ជាកីឡាករល្អក្នុងក្រសែភ្នែករបស់គ្រូបង្វឹកហ្វីលីពីន
× ការលេងចល័តចុះឡើងរបស់កីឡាករ ច្រឹង ពលរដ្ឋ បានធ្វើឲ្យគ្រូបង្វឹកក្រុម U23 ហ្វីលីពីនចាត់ទុករូបគេជាកីឡាករល្អ នាជំនួប U23 កម្ពុជាយកឈ្នះហ្វីលីពីន ១-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 កាលពីល្ងាចថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិ។ ដើម្បីលើកទឹកចិត្ត ក៏ដូចជាអបអរជ័យជម្នះ U23 កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភថវិកាម្នាក់១ពាន់ដុល្លារដល់កីឡាករ គ្រូបង្វឹក និងមន្ត្រីសរុបទាំង៣៣រូប។
នាជ័យជម្នះ ១-០ របស់ U23 កម្ពុជាលើក្រុមហ្វីលីពីក្នុងជំនួបបង្គ្រប់កិច្ចពូល J នៃពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិកាលពីល្ងាចម្សិលមិញ ច្រឹង ពលរដ្ឋ បានក្លាយជាកីឡាករល្អក្នុងក្រសែភ្នែករបស់គ្រូបង្វឹកហ្វីលីពីន លោក Marlon Maro ទោះបីរូបគេស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេចក៏ដោយ។ ការចាត់ទុកបែបនេះ ដោយសារលោកមើលឃើញថា ពលរដ្ឋ អាចចល័តលេងបានពីរតំបន់យ៉ាងល្អ។
គ្រូបង្វឹករូបនេះបាននិយាយសរសើរកីឡាករពលរដ្ឋយ៉ាងដូច្នេះថា៖«ខ្ញុំគិតថា កីឡាករដែលលេចធ្លោរជាងគេក្នុងក្រុម U23 កម្ពុជា គឺកីឡាករលេខ១៦(ច្រឹង ពលរដ្ឋ)ព្រោះរូបគេអាចលេងបានពីរតំបន់ ការពារ និងបម្រើបានយ៉ាងល្អ»។ គួររំលឹកថា កីឡាករ ច្រឹង ពលរដ្ឋ ជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតនាជំនួបបើកឆាកពូល J ដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយចិនផងដែរ។
គ្រូបង្វឹកជនជាតិហ្វីលីពីនរូបនេះ បានចាត់ទុកការចាញ់ 1-0 ក្រោយថ្វីជើង U23 កម្ពុជា វាជាលទ្ធផលមិនល្អមួយសម្រាប់ក្រុមរបស់លោក។ តែយ៉ាងណា លោកសង្កេតឃើញសមត្ថភាពកូនក្រុមរបស់លោកមានភាពល្អប្រសើរជាងមុន ដែលនេះជាសញ្ញាល្អសម្រាប់ក្រុមរបស់លោកក្នុងការត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខ។
ដើម្បីជាការលើកទឹកចិត្ត និងអបអរជ័យជម្នះ ១-០ របស់ U23 កម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីកោតសរសើរនៃការរីកចម្រើនផ្នែកសមត្ថភាពរបស់ក្រុមយុវជន U23 កម្ពុជា សម្តេចបានឧបត្ថម្ភថវិកាដល់កីឡាករ គ្រូបង្វឹក និងមន្ត្រីទាំង៣៣ម្នាក់១ពាន់ដុល្លារ ដោយសម្តេចត្រូវចំណាយថវិកាសរុបចំនួន៣៣,០០០ដុល្លារ៕
Tag:
AFC U23
ច្រឹង ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com