អន្តរជាតិ
យក្ស​ចិន​ព្រមាន​យក្ស​ឥណ្ឌា «​កុំ​យល់ច្រឡំ​សមត្ថភាព​កងទ័ព​ចិន​ឲ្យ​សោះ​»
24, Jul 2017 , 3:06 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Qian អំឡុងពេលសន្និសីទកាសែត (រូបភាព China Daily)
អ្នកនាំពាក្យក្រសួងការពារជាតិចិន Wu Qian អំឡុងពេលសន្និសីទកាសែត (រូបភាព China Daily)
​ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃទី​២៤ ខែកក្កដា បានចេញ​សេចក្ដី​ព្រមាន​មួយ​ចំពោះ​ឥណ្ឌា ជុំវិញ​ជម្លោះព្រំដែន​នៅ​តំបន់ភ្នំ​ហិមាល័យ​។ ចិន បាន​ប្រាប់​ឲ្យ​ឥណ្ឌា​កុំ​មាន​ក្ដីសង្ឃឹម​ថា​អាច​យកឈ្នះ​ចិន​បាន​ឲ្យ​សោះ ព្រោះ​កងទ័ព​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ពី​ការឈ្លានពាន​ណាមួយ​។ ចិន ក៏បាន​ឲ្យ​ឥណ្ឌា​ដកទ័ព​ចេញពី​ទឹកដី​របស់ខ្លួន​ឲ្យ​បាន​ឆាប់ មុននឹង​ការចរចា​សម្រួល​ស្ថានការណ៍​ណាមួយ​អាច​រៀបចំ​ទៅបាន​។​



​ជម្លោះព្រំដែន​រវាង​ចិន និង​ឥណ្ឌា​នៅ​តំបន់ Dokglam នៃ​រដ្ឋ Sikkim របស់​ឥណ្ឌា នៅ​មិនទាន់​បញ្ចប់​នៅឡើយ ព្រោះ​ឥណ្ឌា​មិនទាន់​ដកទ័ព​របស់ខ្លួន​តាម​ការទាមទារ​របស់​ចិន​ទេ​។ យក្ស​ចិន នៅតែ​ទាមទារ​ឲ្យ​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ដកទ័ព​ចេញពី​ទឹកដី​របស់ខ្លួន ប៉ុន្តែ​ឥណ្ឌា​ឯណោះ​ក៏​អះអាងថា​តំបន់​នោះ គឺជា​ទឹកដី​របស់ខ្លួន និង​បាន​ប្រាប់​ឲ្យ​ចិន​បញ្ឈប់​ការ​សាង​ស់​ផ្លូវ​នៅ​តំបន់​ទៀតផង​។ កម្ដៅ​តានតឹង​រវាង​អតីត​គូសត្រូវ​ទាំងពីរ​កើនឡើង​ខ្លាំង និង​ឈានដល់​ការពង្រាយ​កងទ័ព​បន្ថែម​ទៀតផង​។​

​ចិន និង​ឥណ្ឌា ដែល​ធ្លាប់ធ្វើ​សង្គ្រាម​ព្រំដែន​ក្នុង​ឆ្នាំ​១៩៦២ មាន​ព្រំដែន​ជាមួយគ្នា​ប្រវែង​៣៥០០​គីឡូម៉ែត្រ ហើយ​តំបន់​ខ្លះ​នៅ​មិនទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ​។ ជម្លោះព្រំដែន​នៅ​តំបន់ភ្នំ​នៃ​រដ្ឋ Sikkim នៅ​ឆ្នាំ​២០១៧ រឹតតែ​ធ្វើ​ឲ្យ​ជម្លោះ​រវាង​មហាអំណាច​ទាំងពីរ​កាន់តែ​រាលដាល​ខ្លាំង​។ ចិន ក៏​ធ្លាប់​ព្រមាន​ឥណ្ឌា​ទុក​មុន​ហើយ​ថា កងទ័ព​របស់ខ្លួន​មិនមែន​កងទ័ព​ដូច​ឆ្នាំ​១៩៦២ ហើយ​ត្រៀម​រួចស្រេច​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​។​

​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២៤ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian បាន​ព្រមាន​ឥណ្ឌា​ថា ក្រឡុក​ភ្នំ​ជា​រឿង​ស្រួល តែ​ក្រឡុក​កងទ័ព​រំដោះប្រជាជន​ចិន​ជា​លំបាក​។ លោក​បន្តថា សមត្ថភាព​របស់​កង​ទ័ព​ចិន ត្រូវបាន​ពង្រឹង​ជា​លំដាប់​ដើម្បី​ការពារ​ទឹកដី និង​អធិបតេយ្យ​របស់​ចិន​។ លោក​និយាយ​បែបនេះ ខណៈដែល​កងទ័ព​ចិន និង​ឥណ្ឌា​ច្រើន​រយ​នាក់​កំពុង​ប្រឈមមុខគ្នា​នៅ​តំបន់ Dokglam ក្បែរ​ប៊ូ​តាន់ ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ឥណ្ឌា​។​

​ក្រុង​ញូវដែលី​បាន​លើក​ហេតុផល​ថា ការដ្ឋាន​សាងសង់​ផ្លូវ​របស់​ចិន​ដែល​ប៉េកាំង​អះអាងថា​ស្ថិតក្នុង​ទឹកដី​របស់ខ្លួន និង​ស្ថិត​នៅតែ​ក្បែរ​ព្រំដែន​រួមគ្នា បាន​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ឥណ្ឌា​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​មិនបាន​ស្ដាប់​សម្ដី​ក្រុង​ញូវដែលី​ឡើយ ហើយ​ម្ដង​ជា​ពីរដង​នៅតែ​ប្រាប់​ឲ្យ​ឥណ្ឌា​ដកទ័ព​សិន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​ថែមទាំង​ប្រាប់​ឥណ្ឌា​កុំ​ពឹង​ផ្អែកលើ​សំណាង និង​មិនត្រូវ​យល់​ខុស​លើ​សមត្ថភាព​របស់​កង​ទ័ព​ចិន​ឲ្យ​សោះ​។​

​ដោយ​សំដៅលើ​វត្តមាន​ទ័ព​ឥណ្ឌា​លើទឹក​ដី​របស់ខ្លួន ចិន បាន​ប្រាប់​ឲ្យ​ឥណ្ឌា​កែ​កំហុស ឈប់​បង្ករឿង និង​ត្រូវ​ងាក​មកជួប​តទល់​ជាមួយ​ចិន​ឡើងវិញ ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ល្អប្រសើរ​។ បើតាម​ទីភ្នាក់ងារ​ព័ត​មាន Reuters មន្ត្រី​ទាំងពីរ​ប្រទេស​បាន​ជួបគ្នា​ស្ងាត់ៗ​ដើម្បី​សម្រួល​ស្ថានការណ៍​ព្រំដែន និង​ធានាថា​ជម្លោះ​មិន​រាលដាល​ជាង​នេះ​។ ទូត​ឥណ្ឌា​ប្រចាំ​ប៉េកាំង​ហាក់​ចេញ​មុខជា​ញឹកញាប់​ដើម្បី​ស្វែងរក​ច្រកចេញ​សម្រាប់​ភាគី​ទាំងពីរ និង​ដើម្បី​បញ្ចប់​បញ្ហា​ដោយ​ចៀសវាង​បំបាក់​មុខមាត់​គ្នា​៕


Tag:
 ​ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com