ជាតិ
ព័ត៍មានសុខភាព
CDC ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ពី​ជំងឺផ្ដាសាយបក្សី H5N1 និង H7N9
24, Jul 2017 , 3:20 pm        
រូបភាព
លោក លី សូវ៉ាន់
លោក លី សូវ៉ាន់
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា ឲ្យ​ប្រុងប្រយ័ត្ន​ពី​ជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9​។  ជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9 ជា​ប្រភេទ​នៃ​វីរុស​ផ្ដាសាយ​។ ម្យ៉ាងទៀត ជំងឺ​នេះ បណ្ដាល​ឲ្យ​មាន​ការឆ្លង​យ៉ាងខ្ពស់​លើ​ប​សុ​បក្សី​។ ជាពិសេស ជំងឺផ្ដាសាយបក្សី​នៅ​កម្ពុជា ភាគច្រើន​កើតឡើង​ចាប់ពី​ខែ ធ្នូ ដល់​ខែមេសា​។​



​ជំងឺផ្ដាសាយបក្សី  H5N1  និង ជំងឺផ្ដាសាយបក្សី H7N9 ជា​ប្រភេទ​នៃ​វីរុស​ផ្ដាសាយ​។ សម្រាប់​ជំងឺផ្ដាសាយបក្សី H5N1​នេះ បណ្ដាល​ឲ្យ​មាន​ការឆ្លង​យ៉ាងខ្ពស់​លើ​ប​សុ​បក្សី ហៅថា​ជំងឺផ្ដាសាយបក្សី​លើស​ត្វ​។ ករណី​ជំងឺផ្ដាសាយបក្សី H5N1 ដែល​កើតឡើង​ជារឿយៗ គឺជា​ការចម្លង​មក​មនុស្ស ប៉ុន្តែ​ការចម្លង​នេះ មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ទេ​។ ម្យ៉ាងទៀត មនុស្ស​ឆ្លង​ជំងឺ​នេះ មាន​អត្រា​ស្លាប់ ប្រហែល ៦០​ភាគរយ​។

​ចំណែកឯ ជំងឺផ្ដាសាយបក្សី H7N9 វិញ វា​ជា​វីរុស​ធម្មតា ដែល​ចរាចរ​លើស​ត្វ​ស្លាប​។ ជាមួយគ្នានេះ ករណី H7N9 លើកដំបូង គឺ​បាន​ឆ្លង​មក​មនុស្ស​នៅក្នុង​ឆ្នាំ ២០១៣ នា​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា មិនមាន​ករណីនេះ​ទេ​។ ចំពោះ​ជំងឺផ្ដាសាយបក្សី H7N9 គិត​ត្រឹម​ថ្ងៃទី ១៥ មិថុនា ២០១៧​នេះ នៅលើ​ពិភពលោក​មាន​ករណី​សុ​រប ១៥៣៣ ដោយ​ក្នុងនោះ​មាន​ស្លាប់​ចំនួន ៥៩២​នាក់​។​



​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន ស្ដីពី​ស្ថានភាព​ជំងឺផ្ដាសាយបក្សី នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ជំងឺផ្ដាសាយបក្សី នៅពេលដែល​ឆ្លងទៅ​មនុស្ស គឺ​ភាគច្រើន​បណ្ដាល​ឲ្យ​ស្លាប់​។ លោក លី សូ​វ៉ាន់ បាន​បន្តថា ជំងឺផ្ដាសាយបក្សី កើតឡើង​នៅ​កម្ពុជា ភាគច្រើន គឺ​ចាប់ពី​ខែ ធ្នូ ដល់​ខែ មេសា ដោយសារតែ​ខែ​ទាំងនេះ មាន​ពិធីបុណ្យ​ច្រើន​។​

​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​រូបនេះ បន្ថែមថា នៅ​កម្ពុជា មាន​មន្ទីរពិសោធន៍​ចំនួន ២ សម្រាប់​ពិសោធន៍​លើ​សារធាតុ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​ធ្វើតេស្ត​គ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះ សម្រាប់​សុវត្ថិភាព​ចំណីអាហារ​វិញ មាន​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៦​ចូលរួម​ដូចជា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួង​ពាណិជ្ជកិច្ច ក្រសួងទេសចរណ៍ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​។​

​សូមបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H5N1  បាន​ផ្ទុះឡើង​នៅ​កម្ពុជា លើ​ប​សុ​បក្សី មាន​លើ​ខេត្តស្វាយរៀង កំពត សៀមរាប បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កណ្ដាល​។ ជំងឺ H5N1 មាន​រោគសញ្ញា​លើ​មនុស្ស ដូចជា គ្រុនក្ដៅ អស់កំលាំង ក្អក ឈឺបំពង់ក និង​ឈឺ​សាច់ដុំ អាច​វិ​វត្ត​ទៅជា​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​។ ជំងឺផ្ដាសាយបក្សី ចាប់ពី​ឆ្នាំ​២០១៣​មក ករណីនេះ បាន​កើតឡើង​ចំនួន ៨៥៩ ករណី ដែល​អះអាង​ដោយ​មន្ទីរពិសោធន៍​ពី ១៦ ប្រទេស​ទូទាំង​ពិភពលោក​។


Tag:
 ផ្ដាសាយ​បក្សី H5N1
  H7N9
© រក្សាសិទ្ធិដោយ thmeythmey.com