រថយន្ត
ជិះ​រថយន្ត​អត់​លាង​ទឹក​ក្នុង​ក្រុង​អា​ប៊ូ​ដា​ប៊ី នឹងត្រូវ​រង​ពិន័យ​ចាប់ពី​៨០០​ដុល្លារ​អាមេរិក​ឡើងទៅ​
24, Jul 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​រាប់រយ​គ្រឿង ត្រូវបាន​រឹបអូស និង​ម្ចាស់​រថយន្ត​ជាច្រើន​ត្រូវបាន​ពិន័យ​ចាប់ពី​៣០០០​ដា​ហាម (​ជាង​៨០០​ដុល្លារ​អាមេរិក​) ខណៈ​អាជ្ញាធរ​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត បើក​យុទ្ធនាការ​ប្រឆាំងនឹង​អ្នកជិះរថយន្ត​មិន​លាង​ទឹក​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The National របស់​អារ៉ាប់​រួម អេ​មី​រ៉េត​។​



​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មន្ត្រី​អធិការកិច្ច​នៃ​ក្រុង​អា​ប៊ូ​ដា​ប៊ី បាន​រូប​អូស​រថយន្ត​ចំនួន​១៤១​គ្រឿង​នៅ​តំបន់ឧស្សាហកម្ម Mussaffah និង Mafraq ដោយ​ដាក់ពិន័យ​លើ​ម្ចាស់​រថយន្ត​៣១​នាក់ និង​ម្ចាស់​រថយន្ត​២៨៩​នាក់​ទៀត ត្រូវបាន​ព្រមាន​ឲ្យ​បោះបង់​រថយន្ត​ចាស់ៗ​របស់ខ្លួន​ចោល​។ វិធានការ​កាន់តែ​តឹងរឹង​បន្ថែមទៀត ដោយ​អាជ្ញាធរ​ក្រុង បានកំណត់​ការដាក់ពិន័យ​អ្នក​ដែល​ជិះ​រថយន្ត​មិន​លាង​ទឹក ក្រោយ​វិលត្រឡប់​ពី​វិស្សមកាល​។​

​មន្ត្រី​អាជ្ញាធរ​ម្នាក់ បាន​លើកឡើងថា ការសម្រេច​ពិន័យ​លើ​អ្នកជិះរថយន្ត​កខ្វក់ គឺ​ក្នុង​គោលបំណង​រឹង​បន្តឹង​សុវត្ថិភាព និង​ភាពស្រស់ស្អាត​នៅក្នុង​ទីក្រុង​។ បើតាម The National មន្ត្រី​រូបនេះ បាន​អះអាងថា ការ​ជិះ​រថយន្ត​កខ្វក់​នៅក្នុង​ទីក្រុង​បង្ក​ហា​នី​ភ័យ​ជាច្រើន ជាពិសេស​នៅពេល​មាន​ខ្យល់​បោកបក់ វា​បង្ក​គ្រោះថ្នាក់​ដល់​រថយន្ត និង​មនុស្ស​ទូទៅ​។​

​លោក​បាន​បន្ថែមថា ច្បាប់​នៅក្នុង​ប្រទេស មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​រថយន្ត​កខ្វក់​ឡើយ ដោយ​អាជ្ញាធរ​នឹង​ចុះ​ធ្វើ​អធិការកិច្ច ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ភាពកខ្វក់​នោះ បណ្តាលមកពី​ទុកចោល​យូរ ឬក៏​ដោយសារ​ម្ចាស់​ទើប​ជិះ​វិលត្រឡប់​ពី​វិស្សមកាល​។ លោក​បាន​បន្ថែមថា អ្នក​ដែល​ចេញពីផ្ទះ ក៏​មិនត្រូវ​ទុក​រថយន្ត​ចោល​ទាំង​ស្ថាន​ភាពកខ្វក់​នោះដែរ​។​

​តាមច្បាប់​មួយ​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​អា​ប៊ូ​ដា​ប៊ី បាន​តម្រូវ​ឲ្យ​យានយន្ត​ទាំង​មាន​ស្ថានភាព​ស្អាត បើ​មិន​ដូច្នោះ​ទេ ម្ចាស់​យានយន្ត​ទាំងនោះ ត្រូវ​រង​ពិន័យ​ចាប់ពី​៣០០០​ដា​ហាម (​លុយ​អារ៉ាប់​) ឬ​ជាង​៨០០​ដុល្លារ​អាមេរិក​ឡើងទៅ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​ក៏មាន​ការបញ្ចុះ​តម្លៃ​ពិន័យ​ផងដែរ ក្នុងករណី​អ្នកបើកបរ​នោះ​ទទួលស្គាល់​កំហុស​របស់​ខ្លួន លើ​ការបញ្ជា​យានយន្ត​កខ្វក់​ដែល​បង្ក​រូបភាព​មិនល្អ​នៅក្នុង​ទីក្រុង​៕


© រក្សាសិទ្ធិដោយ thmeythmey.com