ជាតិ
បក្សសម រង្ស៊ី ត្រៀមប្តូរឈ្មោះ ឯបក្សហ្វ៊ុនស៊ិនប៉ិចគ្រោងដករូបសម្តេចក្រុមព្រះ
× គណបក្ស សម រង្ស៊ី គ្រោងធ្វើសមាជដើម្បីប្តូរឈ្មោះគណបក្សចេញ ខណៈដែលខ្លឹមសារនៃសេចក្តីស្នើច្បាប់គណបក្សនយោបាយថ្មី មិនទាន់ចូលជាធរមាន។ ចំណែកឯគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ឯណេះវិញ ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តឲ្យស្របតាមខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយថ្មីផងដែរ។
សេចក្តីស្នើវិសោធនកម្មច្បាប់គណបក្សនយោបាយថ្មី កំពុងជះឥទ្ធិពលដល់គណបក្ស សម រង្ស៊ី និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ គណបក្សទាំងពីរនេះ កំពុងគិតគូររកច្រកចេញ ដើម្បីកុំឲ្យគណបក្សរបស់ខ្លួនមានចំណុចខ្សោយ ដែលផ្ទុយនឹងខ្លឹមសារច្បាប់ថ្មី។ ខ្លឹមសារសំខាន់នៃច្បាប់ថ្មី ដែលធ្វើឲ្យបក្ស សម រង្ស៊ី និងបក្សហ្វ៊ុនស៊ិនប៉ិច ខ្វល់ខ្វាយ គឺនៅត្រង់មាត្រា ៤៨ ថ្មី ដែលបានចែងយ៉ាងនេះថា៖«ចំពោះគណបក្សនយោបាយណា ដែលមានឈ្មោះ ឬសញ្ញាសម្គាល់របស់គណបក្សជាឈ្មោះ ឬរូបភាពរបស់រូបវន្តបុគ្គល ត្រូវផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ ឲ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ក្នុងរយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន»។
បច្ចុប្បន្នគណបក្ស សម រង្ស៊ី កំពុងប្រើឈ្មោះរូបវន្តបុគ្គល គឺឈ្មោះរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទ្ទេសខ្លួននៅក្នុងប្រទេសបារាំង។ គណបក្សនេះ មានលោក ទាវ វណ្ណុល ជាប្រធានស្តីទី និងមានសមាជិកព្រឹទ្ធសភាចំនួន ១១ រូប។ ចំណែកគណបក្សដែលដាក់រូបភាពរូបវន្តបុគ្គល សម្រាប់សម្គាល់គណបក្សវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដាក់រូបសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។
លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានថ្លែងតាមទូរសព្ទ ប្រាប់សារព័ត៌មានថ្មីៗថា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សលោកនឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែកក្កដា ដើម្បីពិភាក្សាអំពីការប្តូរឈ្មោះគណបក្ស មុននឹងបន្តធ្វើសមាជ។ លោក ទាវ វណ្ណុល លើកឡើងដូច្នេះថា៖«រូបសញ្ញាភ្លើងទៀន គឺយើងរក្សាទុកដដែល ដោយយើងដូរតែឈ្មោះទេ។ ខ្ញុំសូមប្រាប់ឈ្មោះថ្មីចំនួន៣សិនចុះ គឺគណបក្សជាតិខ្មែរ គណបក្សរស្មីប្រជាធិបតេយ្យ និងគណបក្សពន្លឺភ្លើងទៀន»។ សម្រាប់លោក វណ្ណុល ខ្លឹមសារថ្មីនៃច្បាប់បក្សនយោបាយ មិនបានបម្រើផលប្រយោជន៍សង្គមនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងការពារសេចក្តីស្នើវិសោធនកម្មច្បាប់នេះថា ច្បាប់នេះ មានខ្លឹមសារល្អ និងសមស្របនឹងបរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកថា តំណាងរាស្ត្រគណបក្សបក្សប្រជាជនកម្ពុជា ស្នើច្បាប់នេះឡើង មិនមានចេតនាធ្វើបាបគណបក្សណាមួយទេ តែធ្វើឡើងដើម្បីប្រយោជន៍សង្គមទូទៅ។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានប្រាប់សារព័ត៌មានថ្មីៗថា ថ្នាក់ដឹកនាំគណបក្សរបស់លោក បានសម្រេចគ្នារួចហើយ ដើម្បីអនុវត្តទៅតាមខ្លឹមសារថ្មីនៃច្បាប់គណបក្សនយោបាយ ដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ « យើងគ្មានលទ្ធភាពអ្វីនឹងតវ៉ាទេ ក្រៅតែពីអនុវត្តតាមច្បាប់ប៉ុណ្ណោះ»។ លោក ប៊ុនជិន បញ្ជាក់យ៉ាងនេះហើយ ក៏ឆ្លៀតត្អូញត្អែរពីការចំណាយនៅពេលដែលគណបក្សរាជានិយមមួយនេះ ប្តូរស្លាកសម្គាល់សញ្ញាគណបក្ស ដោយដករូបសម្តេចក្រុមព្រះចេញ។ លោក បញ្ជាក់យ៉ាងនេះថា៖« យើងជាគណបក្សក្រណាស់ លំបាក់បន្តិចហើយ នៅពេលដូរស្លាកសញ្ញាសម្គាល់ទូទាំងប្រទេស»។
សេចក្តីស្នើរបស់តំណាងរាស្ត្រគណបក្សកាន់អំណាច ដើម្បីវិសោធនកម្មមាត្រាចំនួន ៥ នៃច្បាប់គណបក្សនយោបាយថ្មី ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួចរាល់ហើយ។ បច្ចុប្បន្ន សេចក្តីស្នើនេះ បានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ។ នេះជាលើកទី ២ ហើយដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្នើឲ្យវិសោធនកម្មគណបក្សនយោបាយ នៅក្នុងឆ្នាំ ២០១៧ នេះ។ លើកទី ១ តំណាងរាស្ត្របក្សប្រជាជនកម្ពុជា បានស្នើវិសោធនកម្មច្បាប់នេះ ដោយមានខ្លឹមសារ ហាមអ្នកទោសមិនឲ្យធ្វើជាប្រធានគណបក្ស និងធ្វើជាសមាជិកគណៈកម្មាធិការនាយកនៃគណបក្សនយោបាយ៕
Tag:
ច្បាប់បក្សនយោបាយ
សម រង្ស៊ី
ទាវ វណ្ណុល
ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com