ជាតិ
ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​!
27, Jul 2017 , 8:39 am        
រូបភាព
ដោយ:
«​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​» គឺជា​ចំណងជើង​នៃ​ខ្សែភាពយន្ត​ឯកសារ ដែល​ផលិត​ដោយ​លោក ប៉ាន់ រិទ្ធី​។ ខ្សែភាពយន្ត​នេះ ត្រូវបាន​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​កម្ពុជា យកមក​ចាក់​បញ្ចាំង​ជូន​យុវជន​ទស្សនា នៅ​ថ្ងៃទី ២៦ ខែកក្កដា​។​



​ខ្សែភាពយន្ត​ឯកសារ «​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​» (Duch, Master of the forges of hell) មាន​រយៈពេល ១ ម៉ោង និង ៣៨ នាទី ដែល​ផលិតករ ប៉ាន់ រិទ្ធី ផលិត​ចប់​នៅ​ឆ្នាំ ២០១២​។ សាច់​រឿងនេះ ផលិតករ បាន​ផ្តោត​សំខាន់ ទៅលើ​តួអង្គ កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។



​ចាប់តាំងពី​ការចាប់ផ្តើម​រហូតដល់​បញ្ចប់​នៃ​សាច់រឿង ផលិតករ បានបង្ហាញ ពី​ការរៀបរាប់​របស់លោក ឌុ​ច អំពី​សកម្មភាព​ឧក្រិដ្ឋ​របស់ខ្លួន ក្នុង​របប​ខ្មែរក្រហម ក្នុងនាម​លោក​ជា​ប្រធាន​គុក​ទួលស្លែង​។ ជាមួយគ្នានេះ ផលិតករ ក៏បាន​បង្ហាញ​ពី​ការលើកឡើង​របស់​សាក្សី ដែល​បានឃើញ​នូវអំពើ​ឃោរឃៅ​លើ​ជនរងគ្រោះ​នៅក្នុង​មន្ទីរ​សន្តិសុខ ស​-២១ ( គុក​ទួលស្លែង​) នាពេលនោះ ដើម្បី​ឲ្យ​លោក ឌុ​ច បកស្រាយ​រ​។​

​យ៉ាងណា​តាមរយៈ​ខ្សែភាពយន្ត​នេះ លោក​អតីត​មេ​គុក​ទួលស្លែង ក៏​ទទួលស្គាល់​ពី​កំហុស​របស់ខ្លួន និង​មាន​វិប្ប​ដិ​សារី​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់ខ្លួន​ផងដែរ​។



​កញ្ញា ស សុ​ភាវ​ឌ្ឍ​នា ជា​និស្សិត​នៅ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) និយាយថា ពីមុន​នាង​ស្រពិចស្រពិល​នៅពេលដែល​គេ​និយាយ​ពី​ឈ្មោះ លោក ឌុ​ច អតីត​មេ​គុក​ទូល​ស្លែង តែ​ក្រោយ​កញ្ញា​បាន​ទស្សនា​ខ្សែភាពយន្ត​«​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​»  ធ្វើ​ឲ្យ​ខ្លួន​កាន់​ដឹង​ជាង​មុន​ពី​សកម្មភាព​របស់លោក​ឌុ​ច ដែល​បានធ្វើ​នៅក្នុង​របប​ខ្មែរក្រហម​។ « ជាងនេះទៅទៀត ក្រោយពី​ស្តាប់​សម្តី​លោក​ឌុ​ច ធ្វើ​ឲ្យ​ខ្ញុំ​គិតពិចារណា កាន់តែច្រើន​អំពី​មូលហេតុ​ដែល​ខ្មែរ​ក្រហម​សម្លាប់​មនុស្ស​។ ខ្ញុំ​មិនទាន់​អាចនិយាយបាន​ថា បែប​ណា​ទេ តែ​ខ្ញុំ​យល់​ច្រើនជាង​មុន​»​។ នេះ​ជាការ​បន្ថែម​របស់ សុ​ភាវ​ឌ្ឍ​នា ។

​ជាមួយគ្នានេះ មិត្តភក្តិ សុ​ភាវ​ឌ្ឍ​នា គឺ​កញ្ញា ឈឿន គឹម​លាង ដែល​បាន​ទស្សនា​រឿងនេះ​ដែរ យល់ថា លោក ឌុ​ច គឺជា​មនុស្ស​សាហាវឃោរឃៅ ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​ខ្មែរ​ប្រមាណ ១ ម៉ឺន ២ ពាន់​នាក់​បាត់បង់​ជីវិត នៅ​មន្ទីរ​សន្តិសុខ ស​-២១ ដែល​លោក​បាន​គ្រប់គ្រង​នា​សម័យ​នោះ​។ គឹម​លាង បន្ថែម​ដូច្នេះ​ថា​៖« ពេលខ្លះ​យើង​ស្តាប់​ការបកស្រាយ​របស់លោក​ឌុ​ចមួយ​ភ្លែត ដូច​គាត់ ជា​មនុស្ស​ល្អ តែ​នៅពេល​ស្តាប់​សាក្សី និង​ពិចារណា​បន្ថែម ទើប​យល់ថា គាត់​ជា​ឧក្រិដ្ឋជន​ដ៏​ឃោរឃៅ​។ ខ្ញុំ​ជឿថា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ មានការ​សម្លាប់​មនុស្ស​សហាវ​មែន បើ​ទោះ​ខ្ញុំ​កើត​មិនទាន់​»​។​

​ទោះជា​យ៉ាងណា បើ​ស្តាប់​ការលើកឡើង​របស់​និស្សិត​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា កើត សុគន្ធា ឯណេះ​វិញ ហាក់​ប្លែក​បន្តិច​ពី​និស្សិត​ទាំងពីរ​ខាងលើ​។ និស្សិត​រូបនេះ យល់ស្រប​ថា ទោសកំហុស​របស់លោក​ឌុ​ច ធ្ងន់ធ្ងរ​មែន តែ​នាង​ហាក់​មាន​អារម្មណ៍​អាណិត​លោក​ឌុ​ច ខ្លះ​ដែរ ដោយសារ ពេលនេះ​លោក​ចាស់​ហើយ​។ សុគន្ធា ពន្យល់​យ៉ាងនេះ​ថា​៖« កំហុស​របស់គាត់ វា​មិនអាច​នឹង​លើកលែងទោស​ឲ្យ​បានទេ តែ​ខ្ញុំ​គ្រាន់តែ​មានចិត្ត​មួយ​អាណិត​គាត់​ខ្លះ​ដែរ ព្រោះ​គាត់​(​ឌុ​ច​)​ចាស់​ហើយ និង​ជាប់ពន្ធនាគារ គ្មាន​កូនចៅ​ថែរក្សា​»​។

​ផលិតករ ប៉ាន់ រិទ្ធី បាន​ថ្លែង​នៅក្នុង​ពិធី​ចាក់​បញ្ចាំងភាពយន្ត « ឌុ​ច គ្រូ​លត់​ដំនៅ​ឋាន​រក​» នៅ​ថ្ងៃទី ២៦ ខែកក្កដា ថា លោក​ផលិត​រឿង​«​ឌុ​ច គ្រូ​លត់​ដំនៅ​ឋាននរក​» មិនមាន​ចេតនា ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ចងកំហឹង​នោះទេ​។ « ការ​រម្លឹក​របស់ខ្ញុំ​តាមរយៈ​ខ្សែភាពយន្ត​នេះ មិនមែន​ដើម្បី​យក​កំហឹង​មក​ដាក់​ក្នុង​ខ្លួន​ទេ តែ​ជាការ​រម្លឹក ដើម្បី​ដឹងគុណ​ដល់​អ្នកស្លាប់​។ អ្នកស្លាប់​ជា​អ្នក​ជួយ​យើង​ឲ្យ​នៅរស់​ដល់ពេល​បច្ចុប្បន្ន​»​។ លោក រិទ្ធី បញ្ជាក់​ដូច្នេះ ក៏​បន្ថែម​យ៉ាងនេះ​ទៀតថា​៖ «​ខ្ញុំ​ផលិត​រឿងនេះ គ្រាន់តែ​ចូលរួមចំណែក ដើម្បី​ស្វែ​ករក​ជន​ដែល​សម្លាប់​ប្រជាជន​ខ្មែរ​ជាង ១ លាន ៦ សែន នាក់ ពិតប្រាកដ​។ ហើយ​ថា ពួកគេ​សម្លាប់​មនុស្ស​ដើម្បី​អ្វី​? ហើយ​អង្គការ​ជា​អ្វី​? ខ្ញុំ​គិតថា វា​ជា​ផ្នែក​មួយ​សម្រាប់​អ្នក​ចង់ដឹង​ពី​របប​នេះ​»​។​



​សូមបញ្ជាក់ថា បច្ចុប្បន្ន កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច មាន​អាយុ ៧៥ ឆ្នាំ​។ លោក កាំ​ង ហ្កេ​ក​អ៊ា​វ គឺជា​ជនជាប់ចោទ​ទី​១ ដែល​ត្រូវបាន​វិនិច្ឆ័យ​សេចក្តី​នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​។ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ អ​.​វ​.​ត​.​ក បានសម្រេច​តម្កល់​ពិរុទ្ធភាព​របស់លោក ឌុ​ច ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ ១៩៤៩ ហើយ​អង្គជំនុំជម្រះ​តុលាការ​កំពូល​បានសម្រេច​បង្កើន​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​។ សព្វថ្ងៃនេះ លោក ឌុ​ច កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​៕






Tag:
 ឌុ​ច​
  ប៉ាន់ រិទ្ធី​
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com