បទយកការណ៍ / បទសម្ភាសន៍
បទវិភាគ
មូលហេតុ​ដែល​ផ្លូវ​ធ្វើ​រួចហើយ ឆាប់​ខូច​ទៅវិញ​…
27, Jul 2017 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ តូច កុសល ពលរដ្ឋ​រាជធានី​ភ្នំពេញ
​ដោយ​មិន​និយាយ​ពី​ផ្លូវ​នៅតាម​បណ្តា​ខេត្ត​នានា គេ​សង្កេតឃើញថា ផ្លូវលំ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជួសជុល ឬ​សាងសង់​ហើយ​បាន​មួយរយៈ ក៏​ខូច ឬ​ទ្រុឌទ្រោម​ទៅវិញ​។ តើ​ហេតុអ្វី​បានជា​ផ្លូវ​ទាំងនោះ​ឆាប់​ខូច​ទៅវិញ​ម្ល៉េះ​?



​ក្នុងនាម​ជា​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ​ជិត​៤០​ឆ្នាំ​មកហើយ​នោះ ខ្ញុំ​សាកល្បង​វិភាគ និង​គិតថា វា​មាន​ហេតុ និង​ផលរប​ស់វា ដែល​នាំ​ឲ្យ​ផ្លូវ​ទាំងនោះ​ឆាប់​ខូច​ទៅវិញ​។

​បញ្ហា​ទី​១ គឺ​ដោយសារ​គុណភាព​ជួសជុល ឬ​សាងសង់​មិនល្អ​តែម្តង​។ ទី​២ ដោយសារ​ការជួសជុល​ទើបបាន​មួយរយៈ ក៏​ស្រាប់​តែមាន​គេ​មក​ជីកដី​ធ្វើ​លូ ឬ​ជីកដី​ដាក់​បណ្តាញ​ខ្សែកាប ឬ​ខ្សែភ្លើង​។ ទី​៣ គឺ​ដោយសារ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន​ដឹកទំនិញ​ធ្ងន់​ចូល​ភ្នំពេញ​កំទេច​ផ្លូវ និង​ទី​៤ គឺ​ដោយសារ​អ្នក​ជួសជុល ឬ​សាងសង់​ផ្លូវ​ធ្វើ​ខុស​បច្ចេកទេស មានន័យថា ជួសជុល ឬ​សាងសង់​ឲ្យ​មានទឹក​ដក់​នៅ​កណ្តាលផ្លូវ ចំហៀង​ផ្លូវ​។​ល​។



​ម្យ៉ាងទៀត តាម​ការសង្កេត​របស់​ខ្ញុំ ពេលខ្លះ ការជួសជុល​ផ្លូវ​បិទ​ច្រក​ទឹក​បង្ហូរ​ចូល​លូ​ក៏មានដែរ​។ ចំណុច​ចុង​ក្រោយនេះ កើតមាន​ច្រើនណាស់​នៅ​ទីក្រុង​ភ្នំពេញ​។ ការដក់​ទឹក​លើផ្លូវ​ដែល​បណ្តាលមកពី​ការបិទ​ផ្លូវទឹក​ចូល​លូ ឬ​បណ្តាលមកពី​ការជួសជុល​ទ្រូងផ្លូវ​មិនល្អ បង្ក​ឲ្យ​ផ្លូវ​ឆាប់​ខូច​ទៅវិញ​។

​បើតាម​ខ្ញុំ​គិត ប្រសិនបើ​ក្រុម​ជំនាញ​ជួសជុល​ផ្លូវ​ធ្វើការ​ហ្មត់ចត់ បូកផ្សំ​នឹង​ក្រុម​ត្រួតពិនិត្យ​ធ្វើការ​ហ្មត់ចត់ ហើយ​គ្មាន​ការ​លួច​គុណភាព​ផ្លូវ ពេលនោះ ផ្លូវ​ដែល​ជួសជុល​ហើយ ឬ​សាងសង់​ហើយ ពិតជា​មិន​ងាយ​ខូច​ទៅវិញ​ឡើយ​។ សូមមេត្តា​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើយ៉ាងណា​ត្រួតពិនិត្យ​ការជួសជុល ឬ​កសាង​ផ្លូវ​ឲ្យ​មានគុណ​ភាព ពោល គឺ​ចៀសវាង​ការបំផ្លាញ​ថវិកាជាតិ​។ ការបំផ្លាញ​ថវិកាជាតិ វា​គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល​៕






© រក្សាសិទ្ធិដោយ thmeythmey.com