ជាតិ
បទវិភាគ
គួរតែដោះស្រាយករណីចតរថយន្តតាមចិញ្ចើមផ្លូវមុខក្រសួងដែនដី!
× លិខិតមិត្តអ្នកអាន៖ ខ្ញុំបានឃើញសារព័ត៌មានថ្មីៗ ចុះផ្សាយជាបន្តបន្ទាប់ទាក់ទងនឹងការចតដោយរំលោភលើចិញ្ចើមផ្លូវរបស់ម្ចាស់យានយន្តមួយចំនួន។ តាមការសង្កេត និងការធ្វើដំណើរទៅមករបស់ខ្ញុំ ខ្ញុំយល់ថា ករណីចតតាមចិញ្ចើមផ្លូវនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជារឿងដែលត្រូវដោះស្រាយ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវបានគេមើលឃើញថា ជាឥស្សរជនដែលមានស្នាដៃយ៉ាងធំធេងក្នុងការរៀបចំសណ្តាប់ធ្នាប់ ជាពិសេសនាអំឡុងពេលដែលលោកធ្វើជាអភិបាលរាជធានីភ្នំពេញ ហើយកាលពីពេលថ្មីៗកន្លងមកនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានដឹកនាំដោះស្រាយប្រកបដោយសន្តិវិធីជាមួយពលរដ្ឋនៅប៊ូឌីញ ស ។ ដូច្នេះ មិនមានបញ្ហាអ្វីនោះឡើយសម្រាប់លោកក្នុងការរៀបចំសណ្តាប់ធ្នាប់នៅមុខក្រសួងរបស់លោក។
អ្នកធ្វើដំណើរឆ្លងកាត់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមមហាវិថីព្រះមុនីវង្ស មានការត្អូញត្អែរយ៉ាងខ្លាំងចំពោះការកកស្ទះជាញឹកញាប់ ដោយសារតែរថយន្តមន្ត្រីរាជការមួយចំនួន បានចតនៅលើចិញ្ចើមផ្លូវ ជាពិសេសផ្លូវសម្រាប់ថ្មើរជើង។
ការចតពេញផ្លូវបែបនេះ ត្រូវបានគេរិះគន់ថា ក្រសួងដែលជំនាញរៀបចំដែនដី និងសំណង់ បែរជាមិនមានសមត្ថភាពរៀបចំសណ្តាប់ធ្នាប់នៅស្ថាប័នរបស់ខ្លួន ហើយវាហាក់ដូចជាទាញប្រជាប្រិយភាពលោក ជា សុផារ៉ា ឲ្យធ្លាក់បន្តិច ខណៈដែលលោកបានសាងស្នាដៃវិជ្ជមានដ៏ច្រើនសន្ធឹកសន្ធាប់។
ហេតុអ្វីបានជាមានការចតឥតសណ្តាប់ធ្នាប់បែបនេះ? បរិវេណតូច? ឬក៏សំណង់ខុសបច្ចេកទេស? នេះជារឿងដែលមិនត្រូវយកមកដោះសារនោះឡើយ ពីព្រោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាស្ថាប័នជំនាញស្រាប់ ដូច្នេះការសាងសង់ច្បាស់ជាមានប្លង់មេច្បាស់លាស់។
ប្រសិនបើមិនមានកន្លែងចតគ្រប់គ្រាន់ មន្ត្រីរាជការនៃក្រសួងដែនដី គួរតែសាកល្បងនាំគ្នាប្រើប្រាស់រថយន្តសារធារណៈ ឬតាក់ស៊ី ដើម្បីលើកស្ទួយសេវាកម្មដឹកជញ្ជូនសាធារណៈ និងដើម្បីលើកទឹកចិត្តដល់អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសេវារថយន្តក្រុង។
ករណីនេះ ប្រហែលជាមិនពិបាកនោះឡើយសម្រាប់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ពីព្រោះលោកអាចសម្របសម្រួលប្រកបដោយសន្តិវិធីជាមួយពលរដ្ឋនៅប៊ូលឌីញ ស ដូច្នេះមន្ត្រីរាជការក្រោមឱវាទរបស់លោកមិនមែនជាមនុស្សពិបាកនិយាយគ្នានោះដែរ។
តាមសារព័ត៌មាននានា ខ្ញុំសង្កេតឃើញថា លោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ តែងតែប្រកាសចាត់វិធានការលើអ្នកដែលមិនគោរពច្បាប់ចរាចរណ៍ និងបង្កឲ្យមានការកកស្ទះ ដូច្នេះលោកក៏មិនត្រូវមើលរំលងករណីនៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
សមត្ថកិច្ចចរាចរណ៍ និងសណ្តាប់ធ្នាប់ តែងតែនាំគ្នាព្រមាន និងស្ទួចរថយន្តដែលចតរំលោភលើចិញ្ចើមផ្លូវ ហេតុការអនុវត្តមិនត្រូវមានការយោគយល់នោះឡើយ៕
ពីខ្ញុំ ឡា ធារៈ ពលរដ្ឋក្នុងរាជធានីភ្នំពេញ
អត្ថបទពាក់ព័ន្ធ៖
Tag:
ចរាចរណ៍
ចិញ្ចើមផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com