ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
ប្រាសាទវត្តអធ្វាបង្ហាញពីសំណង់ប្រាសាទដែលមិនទាន់សាងសង់រួចរាល់
30, Jul 2017 ,
10:00 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ប្រាសាទវត្តអធ្វា មានភូមិសាស្ត្រស្ថិតនៅភូមិក្រសាំងរលើង ឃុំពោធិ៍បន្ទាយជ័យ ស្រុកសៀមរាប ខេត្តសៀមរាប នៅខាងលិចស្ទឹងសៀមរាប។ ពាក្យអធ្វា មកពីពាក្យសំស្ក្រឹត អធ្ធន៊ (អធ្ធ័ន) ជានាមមានន័យថា ផ្លូវ ឬដងផ្លូវ។ ប្រាសាទនេះបានបង្ហាញពីសំណង់មិនទាន់ធ្វើសម្រេច ដោយសង្កេតតាមរយៈផ្ទៃថ្មដែលមិនទាន់រំលីង និងចម្លាក់មិនទាន់ពេញលេញ ជារួមបានតែមួយផ្នែកតូចតែប៉ុណ្ណោះ។ ចំណែកឯគំនរថ្មជាច្រើនបានរៀបចំជារាងហោជាង មិនមែនជាគំនរថ្មបាក់បែកនោះដែរ។
ប្រាសាទវត្តអធ្វាសង់នៅលើផ្ទៃរាបស្មើ មានប្រាង្គកណ្តាលអមដោយសំណង់៤ ដាក់ឲ្យបែរទៅទិសខាងលិចដូចអង្គរវត្តដែរ។ ប្រាសាទនេះ កសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១២។
ប្រាសាទវត្តអធ្វាមានក្លោងទ្វារទី២ និងខឿនត្រឡែងកែងមួយ ដែលបន្តពីក្លោងទ្វារទី១ ទៅខាងលិចបន្តគ្នា ២៥ម៉ែត្រ និង១២២ ម៉ែត្រ បានធ្វើឲ្យវាមានប្លង់រាងទ្រវែងជា Axiale។ នៅភាគពាយព្យនៃកំពែងទី១ មានស្រះ២ជាប់គ្នា និងនៅខាងកើតក៏មាន២ដែរ តាមដំណាលចាស់ៗ បាននិយាយថា ជាស្រះដែលគេជីកលើកផ្លូវ និងចាក់បំពេញទីធ្លាវត្តប្រហែល ៥០ទៅ៦០ឆ្នាំមកនេះ តែស្រះមួយដែលនៅចំពីមុខវិហារជាស្រះចាស់។ ចំណែកកំពែងធ្វើពីថ្មបាយក្រៀមកម្ពស់ ៣.៧៥ ម៉ែត្រ ព័ទ្ធជុំវិញបរិវេណទី១ ដែលមានទំហំ ៥៧ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ តែមិនមានរោងទងទេ។ ហើយប្រាង្គកណ្តាលមានកម្ពស់១៧ម៉ែត្រ ស្ថិតចំប្រសព្វអ័ក្សនៃក្លោងទ្វារទាំង៤ ហើយមិននៅចំកណ្តាលបរិវេណប្រាសាទទេ វារៀងខិតទៅផ្នែកខាងកើតបន្តិច។
ប្រាសាទវត្តអធ្វា មានប្លង់សាមញ្ញទៅតាមទំហំប្រាសាទ តែពិបាកកំណត់ឲ្យបានច្បាស់លាស់ ណាស់ ព្រោះវាធ្វើមិនទាន់សម្រេច យើងអាចមើលឃើញតែស្ថានភាពបច្ចុប្បន្នរបស់វាតែ ប៉ុណ្ណោះ។ ប្លង់របៀបនេះមានភាគច្រើននៅសតវត្សទី១២ ក្នុងរចនាបថអង្គរ មានដូចជាប្រាសាទ ភីម៉ាយ ចៅសាយ ធម្មានន្ទ បន្ទាយសម្រែ ជាដើម។ល។ នៅប្រាសាទវត្តអធ្វា គ្រាន់តែប្លែកគេត្រង់ថា មានទិសបែរមុខទៅខាងលិចដូចអង្គរវត្តដែរ តែគេមិនអាចសំអាងលើហេតុផលនេះដើម្បីកំណត់កាលបរិច្ឆេទឡើយ ព្រោះនៅតំបន់អង្គរ ក៏មានប្រាសាទតូចមួយនៅខាងកើតប្រាសាទ ឃ្លាំងខាងជើងក៏បែរទៅទិសខាងលិចដែរ។
ស្ថានភាពបច្ចុប្បន្ននៃប្រាសាទវត្តអធ្វា គឺស្ថិតក្នុងសភាពរឹងមាំជាងបណ្តាប្រាសាទដទៃ ដោយសារមានការជួសជុលនាពេលកន្លងមក តែក៏បន្សល់ស្លាកស្នាមរបើកស្រទាប់ថ្ម ដោយទឹកភ្លៀងជ្រាបចូលមុនការជួសជុលខ្លះៗដែរ៕
ឯកសារយោង៖ សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា «បុរាណដ្ឋានវត្តអធ្វា» របស់និស្សិតបុរាណវិទ្យាជំនាន់ទី៩ ហេង ពិភាល់ និងកញ្ញា វ៉ា ស៊ីម៉ែន នៃមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំ២០០២
សូមទស្សនាទិដ្ឋភាពខ្លះៗ នៃប្រាសាទវត្តអធ្វា ដែលថតនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៧ ដូចតទៅ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម