ជាតិ
បដិមា​កម្ពស់​ជិត​២​ម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅជិត​បរិវេណ​ក្រុង​អង្គរធំ​
31, Jul 2017 , 11:07 am        
រូបភាព
សៀមរាប​៖ ចម្លាក់​បដិមា​ដែលមាន​កម្ពស់​រហូតដល់​ទៅ ១,៩០​ម៉ែត្រ និង​ស្មា​ទទឹង​រហូតដល់​ទៅ ០,៥៨​ម៉ែត្រ ត្រូវបាន​ប្រទះឃើញ​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ខាងជើង​ក្រុង​អង្គរធំ​។ នេះ​ជាការ​ចៃដន្យ នៅពេលដែល​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ បាននិងកំពុង​ចាប់ផ្តើម​លើ​គម្រោង​សិក្សា​ពី មន្ទីរពេទ្យ​ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។​



​ចម្លាក់​ដែល​បាន​រកឃើញ​នៅពេលនេះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​ប្រទះឃើញ​នៅ​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៧ និង​ត្រូវបានធ្វើ​ពិធី​សាសនា​លើក​បដិមា​ចេញពី​ក្នុង​ដី នៅ​ថ្ងៃទី​៣០ កក្កដា​។ ការរកឃើញ​រូប​បដិមា​ដ៏​ធំ​នេះ ត្រូវបានក្រុមអ្នកជំនាញចាត់ទុកជា​រឿង​ចៃដន្យ​មួយ ខណៈដែល​គម្រោង​ស្វែងយល់​ពី​មន្ទីរពេទ្យ​ដែល​កសាង​ក្នុង​រាជ្យ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា មហាវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី​។​



​យោងតាម​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា បដិមា​នេះ មាន​កម្ពស់​១,៩០ ម៉ែត្រ ស្មា​ទទឹង ០,៥៨ ម៉ែត្រ ហើយ​ស្ថិតក្នុង​រចនាបថ​បាយ័ន​។ បដិមា​នេះ​មាន​សណ្ឋាន​កំបុត​ដៃ​ទាំងពីរ​ត្រឹម​ស្មា កំបុត ជើង​ស្តាំ​ត្រឹម​កជើង និង​ជើងឆ្វេង​ត្រឹម​គល់ភ្លៅ ហើយ​ដងខ្លួន និង​ព្រះ​កេស​នៅមាន​ក្បាច់ចម្លាក់ សម្លៀកបំពាក់ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំងអស់​។ បដិមា​នេះ កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ ៤ តឹក ប៉ុណ្ណោះ អំឡុងពេល​អ្នកស្រាវជ្រាវ​ធ្វើ​កំណាយ​រកឃើញ ដោយ​ដេក​ផ្ញា​រ​ពោះ​បែរ​ព្រះ​កេស​ទៅ ទិស​ខាង​លិចទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​។ នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ជាតិ អប្សរា​។​

​លោក ខៀវ ច័ន្ទ អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ការដ្ឋាន​កំណាយ បាន​ឲ្យ​ដឹងថា នេះ​ចាត់ទុកជា​សំណាង​មួយ ដែល​អាច​ឲ្យ​គេ​យក​បដិមា​ដ៏​ធំ​នេះ​ទៅ​រក្សាទុក​នៅ​ទី​មាន​សុវត្ថិភាព និង​សិក្សា​ពី​វា​លម្អិត​។ លោក​បន្ថែមថា បដិមា​នេះ​នឹងត្រូវ​នាំទៅ​រក្សាទុក​នៅ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​សុវត្ថិភាព ដុសលាង ព្យាបាល​នៅ​ផ្នែក​ខ្លះ ពិសេស នោះ គឺ​យកជាតិ​អំបិល​ចេញ​ដើម្បី​កុំ​ឲ្យ​មានការ​ខូចគុណភាព​ថ្ម ឬ​រង​ប្រតិកម្ម​នៅពេល​ចម្លាក់ ត្រូវដាក់​តាំង​ក្នុង​លំហ​បរិយាកាស​ថ្មី​៕


Tag:
 បដិមា​
  អង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com