ជាតិ
យូនីកូដអក្សរចាមនឹងជំរុញការប្រើប្រាស់ភាសាចាមឲ្យកាន់តែទូលំទូលាយ «ព្រឹត្តិបត្រមុអ្វាដែលបោះពុម្ពផ្សាយជារៀងរាល់ខែដើម្បីជំរុញការអានអក្សរចាម»
× ភ្នំពេញ៖ ពុម្ពអក្សរចាម បាននិងកំពុងរៀបចំទៅជាកម្មវិធីយូនីកូដ ដើម្បីងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសដើម្បីជំរុញការប្រើប្រាស់ភាសាចាម ឲ្យកាន់តែទូលំទូលាយ។ អ្នកស្រាវជ្រាវអក្សរចាម បានលើកឡើងថា ការបង្កើតពុម្ពអក្សរនេះក្នុងកម្មវិធីយូនីកូដ នឹងអាចលើកកម្ពស់តម្លៃភាសាចាម និងទាញការប្រើប្រាស់អក្សរនេះមួយថែមមួយកម្រិតទៀត។
លោក ឡឹប កើ បានឲ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយឈ្មោះ Breogán Consulting កំពុងរៀបចំកម្មវិធីយូនីកូដអក្សរចាម។ លោកថា ស្ថាប័ននេះក៏បាននិងកំពុងបោះពុម្ពព្រឹត្តិបត្រ មុអ្វា ជាភាសាចាមផងដែរ ដើម្បីជំរុញការអាន និងសរសេរអក្សរចាម។
តាមអ្នកស្រាវជ្រាវភាសាចាម លោក ឡឹប កើ គម្រោងនេះនឹងអាចចេញជារូបរាងនៅពេលឆាប់ៗនេះ ហើយក្នុងគោលបំណងសំខាន់ ដើម្បីជំរុញការប្រើប្រាស់ភាសាចាម និងបង្ហាញដល់សាធារណជនឲ្យបានដឹងថា អក្សរចាមក៏មានប្រើប្រាស់ក្នុងឧបករណ៍ទំនើបៗផងដែរ។
ក្នុងការបង្កើតកម្មវិធីយូនីកូដអក្សរចាមនេះដែរ តាមការបញ្ជាក់របស់លោក ឡឹប កើ ក៏ដើម្បីបង្ហាញពីភាពផ្ទុយគ្នាទៅលើផ្តត់គំនិតចាស់ៗ ដែលតែងនិយាយថា ដែលចាត់ទុកអក្សរចាមគ្មានតម្លៃ និងមិនអាចប្រើប្រាស់បានក្នុងសង្គមបច្ចុប្បន្ន។ លោកបន្ថែមថា អក្សរចាមអាចសរសេរជាកាសែត និងព្រឹត្តិបត្រផ្សេងៗបាន មិនដូចការលើកឡើងទាំងនោះទេ។ លោកបកស្រាយទៀតថា៖« តាមពិត ដូនតាយើងជាអ្នកបង្កើតអក្សរឲ្យជនជាតិចាមប្រើប្រាស់ ហើយយុវជនសម័យថ្មី ក៏អាចប្រើទៅតាមអ្វីដែលខ្លួនត្រូវការផងដែរ»៕
សូមស្តាប់សំឡេងរបស់លោក ឡឹប កើ ក្នុងបឋកថាមួយនិយាយពីស្ថានភាពបច្ចុប្បន្ននៃភាសាចាម ដែលរៀបចំធ្វើនៅពុទ្ធសាសនបណ្ឌិត្យ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៧
Tag:
អក្សរចាម
យូនីកូដ
ឡឹប កើ
© រក្សាសិទ្ធិដោយ thmeythmey.com