ជាតិ
ច្បាប់​ថ្មី​៖ អាចរំលាយ​បក្ស​ចោល បើ​ឲ្យ​អ្នកទោស​ធ្វើ​សកម្មភាព ដើម្បី​ប្រយោជន៍​បក្ស​នោះ​
01, Aug 2017 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបាន​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​អំណាច​យ៉ាង​ធំធេង ដល់​តុលាការ​។ តុលាការ អាចរំលាយ​គណបក្ស​ណាមួយ បើ​គណបក្ស​នោះ បានធ្វើ​ខុស​នឹង​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​



​ក្នុងចំណោម​មាត្រា​ថ្មី​ទាំងអស់ ដែល​ទើប​សរសេរ​បន្ថែម​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាន​មាត្រាមួយ បានកំណត់​ឲ្យ​រំលាយ​គណបក្ស​ចោល ប្រសិនបើ​អ្នកទោស​បានធ្វើ​សកម្មភាព​ដើម្បី​ជួយ​ជ្រោមជ្រែង​គណបក្ស​នោះ​។ មាត្រា ៦ ថ្មី ត្រង់ចំណុច​ទី ៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​គណបក្សនយោបាយ មិនត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​អ្នកទោស​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​ខ្លួន​»​។ តាម​ខ្លឹមសារ​នេះ ទំនងជា​មានន័យថា មាត្រា​ថ្មី តម្រូវ​ឲ្យ​គណបក្ស ចេញមុខ​បដិសេធ​ជា​សាធារណៈ ចំពោះ​សកម្មភាព​របស់​អ្នកទោស ដែល​បាន​ធ្វើឡើង ក្នុង​គោលបំណង​ទាញយក​ផលប្រយោជន៍​ផ្នែក​ន​យោ​បោយ​ទៅ​ឲ្យ​គណបក្ស​នោះ​។

​ជាមួយគ្នានេះ មាត្រា ៦ ថ្មី ត្រង់ចំណុច​ទី ៦ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ មានចែង​ទៀតថា គណបក្ស មិនអាច​ប្រើប្រាស់​រូបថត សារ​ជា​សំឡេង និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​រប​ស់​អ្នកទោស​ឡើយ​។ បើ​គណបក្ស​ណា បាន​ប្រ​ពឹ​ត្ត​ខុសពី​បទបញ្ញត្តិ​ខាងលើ គណបក្ស​នោះ អាច​នឹងត្រូវ​បញ្ឈប់​សកម្មភាព ឬក៏​ត្រូវ​រំលាយចោល​ដោយ​តុលាការ​។

​បន្ថែម​ពីលើ​នេះ មាត្រា ៤៨ ថ្មី នៃ​ច្បាប់​ដដែល ក៏​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​យកឈ្មោះ​របស់​បុគ្គល ទៅ​ដាក់​ជា​ឈ្មោះ​របស់​គណបក្ស ហើយក៏​មិន​អនុញ្ញាត​ឲ្យ​យក​រូបភាព​រូបវន្តបុគ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​ដែរ​។

​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើប​នឹងធ្វើ​វិសោធន​កម្មនេះ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២0១៧ តាមរយៈ​ការចុះហត្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់ ដោយ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ខណៈ​ព្រះមហាក្សត្រ ទ្រង់​អវត្តមាន​ពី​ប្រទេស​កម្ពុជា​។​

​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន បាន​ជំទាស់​នឹង​ការធ្វើ​វិ​សោ​នក​ម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ​។ គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​សង្គម​ស៊ីវិល យល់ថា មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចំនួន​ពីរលើក​ហើយ ក្នុង​ឆ្នាំ​២0១៧​នេះ​។ ការធ្វើ​វិសោធនកម្ម​លើកទីមួយ បានកំណត់​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថា អ្នកទោស​មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ណាមួយ​ឡើយ​។ អ្នក​ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ទាំងពីរ​លើក​នេះ គឺ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕

Tag:
 ច្បាប់​គណបក្ស​
 ​ សម រង្ស៊ី​
  ហ៊ុន សែន​
  សាយ ឈុំ​
© រក្សាសិទ្ធិដោយ thmeythmey.com