ជាតិ
គណៈកម្មការ​ចម្រុះ​កំណត់​យក​ថ្ងៃ​១០​សម្រាប់​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​អង្គរ​
01, Aug 2017 , 10:39 pm        
រូបភាព
​សៀមរាប​៖ ជា​សេចក្តីសម្រេច​ចុងក្រោយ គណៈកម្មការ​ចម្រុះ​ដែលមាន​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​យក​ថ្ងៃទី​១០ សីហា ជា​ថ្ងៃ​ចុះ​រុះរើ​សំណង់​ខុស ច្បាប់ ក្នុង​រមណីយដ្ឋាន​អង្គរ​។ ការកំណត់​យក​ថ្ងៃទី​១០​នេះ ក្រោយពេល​គណៈកម្មការ បាន​ទុក​រយៈពេល​ដល់​ម្ចាស់​សំណង់​ខុសច្បាប់​ទាំងនោះ ត្រូវ​រុះរើ​សំណង់​ដោយ​ខ្លួនឯង និង​ដោយ​ការស្ម័គ្រចិត្ត​។​



​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ សីហា និង​ដែល​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន បានកំណត់​យក​ថ្ងៃទី​១០ សីហា ជា​ថ្ងៃ​រុះរើ​សំណង់​ខុសច្បាប់ ក្រោយ​អាជ្ញាធរ​បាន​ចុះ​ចែក​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​សំណង់ ឲ្យ​ធ្វើការ​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​ដោយ​ខ្លួនឯង តែ​ផ្ទុយទៅវិញ​រហូតមកដល់​ថ្ងៃនេះ ម្ចាស់​សំណង់​ទាំងនោះ មិនបាន​គោរព​ទៅតាម​សេចក្តីជូនដំណឹង​នោះឡើយ​។

​ក្នុង​សេចក្តីជូនដំណឹង ដែល​កំណត់​យក​ថ្ងៃទី​១០ សីហា សម្រាប់​យុទ្ធនា​ការរុះរើ​សំណង់ បានសរសេរថា «​អាស្រ័យហេតុនេះ គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល​លើ​ការរុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ​របស់​រដ្ឋបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា សូម​ទុក​រយៈពេល​ចុងក្រោយ​ជូន​ម្ចាស់​សំណង់​ខាងលើ ឱ្យ​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​រហូតដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧ ជា​កំហិត​»​។ សេចក្តីជូនដំណឹង​ដដែល គណៈកម្មការ​ចម្រុះ​នឹង​ចាប់ផ្តើម​ចុះ​អនុវត្ត​វិធានការ​រុះរើ​សំណង់ ចាប់ពី​ថ្ងៃទី​១០ សីហា តាម​នីតិវិធី ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងអំឡុង​ពេលមុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ មាន​សំណង់​ខុសច្បាប់​ជាង​៥០០​សំណង់ ដែល​លួច​សាងសង់​ដោយ​លាក់លៀម ក្នុង​រមណីយដ្ឋាន​អង្គរ បើទោះបីជា​អាជ្ញាធរ​ចុះ​ណែនាំ​ក៏ដោយ​។ ក្នុង​របាយការណ៍​ដាច់ដោយឡែក​មួយទៀតរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា មាន​សំណង់​ខុសច្បាប់​ចំនួន​ជាង​១០០​ករណី​ទៀត ដែល​លួច​សាងសង់​ក្រោយ​ថ្ងៃ​បោះឆ្នោត​៕


Tag:
 ​សំណង់​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com