ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាស្ត្រាចារ្យ​ជប៉ុន​ដែល​ចំណាយពេល​ជាង​ពាក់កណ្តាល​ជីវិត​ដើម្បី​អភិរក្ស​អង្គរ​!
02, Aug 2017 , 3:26 pm        
រូបភាព
លោកសាស្រ្តាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា។ រូបថត៖ អ៊ីសា រ៉ហានី
លោកសាស្រ្តាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា។ រូបថត៖ អ៊ីសា រ៉ហានី
​សៀមរាប​៖ លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា​ (Yoshiaki Ishizawa) នឹង​ទទួលបាន​ពានរង្វាន់ Ramon Magsaysay ឬ​ហៅថា ណូបែល​អាស៊ី​ប្រចាំឆ្នាំ​២០១៧ ក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ថ្ងៃទី​៣១ ខែសីហា ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ការទទួលពាន​នេះ ក៏​ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​ជនជាតិ​ជប៉ុន​រូបនេះ ចាប់ពី​ទសវត្សរ៍​៦០ មក លើ​ការងារ​ស្ដារ ជួសជុល និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​។ ទោះជា​លោក​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នឹង​អង្គរ​ជាច្រើន​ឆ្នាំ​ក៏ដោយ តែ​លោក អ៊ី​ស៊ី​សាវ៉ា នៅតែមាន​ចម្ងល់​ទៅនឹង​សំណង់​អង្គរ ដែល​លោក​ចាត់ទុកថា​ជា​សំណង់​អច្ឆរិយ ដែល​មនុស្ស​សម័យមុន​អាចធ្វើ​បាន​។​



​នៅ​ឆ្នាំនេះ​លោក អ៊ី​ស៊ី​សាវ៉ា មាន​វ័យ​៧៩​ឆ្នាំ​ហើយ​។ ជា​អតីត​សាកលវិទ្យាធិការ សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​នេះ ហើយ តួនាទី​មួយទៀត គឺជា​ប្រធាន​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធាន នៃ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប​។ សម្រាប់​លោក​សាស្ត្រាចារ្យ អង្គរ​ពិតជា​អស្ចារ្យ ហើយ​លោក​នៅតែមាន​ឆន្ទៈ​ខ្ពស់ ក្នុងការ​ចូលរួម ថែរក្សា អភិរក្ស ជួសជុល ត​ទៅមុខទៀត​។ លោក​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ល្បី​ដែលមាន​ចំណងជើង​ថា «Along the Royal Roads to Angkor» ផងដែរ​។​

​ខាងក្រោម​នេះ​ជា​បទ​សម្ភាស ដែល​អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ បាន​ជួប​សម្ភាស​ផ្ទាល់ ជាមួយ​លោក​សាស្ត្រាចារ្យ អ៊ី​ស៊ី​សាវ៉ា នៅ​ថ្ងៃទី​២ សីហា ឆ្នាំ​២០១៧ ៖

​អ៊ី​សា រ៉​ហា​នី​៖ លោក​សាស្ត្រាចារ្យ នៅពេល​ថ្មីៗ​នេះ លោក​ទើបនឹង​ទទួលបាន​ពានរង្វាន់ ណូបែល​អាស៊ី ទៅនឹង​ស្នាដៃ​ដែល​លោក​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​អភិរក្ស និង​ជួសជុល​រមណីយដ្ឋាន​អង្គរ​។ តើ​លោក​មាន​អារម្មណ៍​បែបណា​ចំពោះ​ការទទួល​ពានរង្វាន់​មួយ​នេះ​?

​លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា​៖ ខ្ញុំ​ត្រូវ​ទទួល​រង្វាន់ Ramon Magsaysay​។ ខ្ញុំ​មាន សេចក្តី​សប្បាយរីករាយ​ណាស់ រង្វាន់​នេះ​មិនមែន​បាន​សម្រាប់តែ​ខ្ញុំ​ទេ គឺ​ដោយសារ​ក្រុមការងារ​ខ្ញុំ ដែល​បាន​ខំប្រឹងប្រែង​រហូតមក ដោយ​ឈរលើ​ទស្សនៈ «​មរតក​វប្បធម៌​របស់​ខ្មែរ ត្រូវបាន​ជួសជុល ការពារ​ដោយ​ដៃ​ខ្មែរ សម្រាប់​ខ្មែរ​»​។​

អ៊ី​សា រ៉​ហា​នី​៖ ក្រោយ​ទទួលបាន​ពានរង្វាន់​នេះហើយ តើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ ខ្មែរ​នៅតែ​បន្ត ឬ​យ៉ាងណា​លោក​សាស្ត្រាចារ្យ​?

​លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា​៖ ពិតប្រាកដ​ណាស់ យើងខ្ញុំ​នៅតែ​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​សកម្មភាព ក្នុងការ​ថែរក្សា​សម្បត្តិ​វប្បធម៌​មរតក​អង្គរ​របស់​ខ្មែរ​តទៅទៀត ពីព្រោះ សកម្មភាព​របស់​យើងខ្ញុំ​នេះ ឈរ​នៅលើ​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ខ្មែរ និង​ជប៉ុន ក៏ដូចជា​រូបខ្ញុំ ហើយនឹង​ជនជាតិខ្មែរ​។ ដូច្នេះហើយ យើងខ្ញុំ​នៅតែ​បន្ត​ការយកចិត្តទុកដាក់ ការ​ស្គាល់គ្នា​ទៅវិញទៅមក និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ខ្មែរ​រហូត​។​

​អ៊ី​សា រ៉​ហា​នី​៖ លោក​សាស្ត្រាចារ្យ ដោយសារ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា គឺជា​សាកលវិទ្យាល័យ​ដំបូង​គេ​បង្អស់ ដែល​បាន​ចូលរួម​បណ្តុះបណ្តាល​ធនធាន​ខ្មែរ ទៅលើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លោក​សាស្ត្រាចារ្យ​មើលឃើញ​បែបណា ចំពោះ​ធនធានមនុស្ស​កម្ពុជា ទៅលើ​ការងារ​ខាងលើនេះ បើ​ធៀប​ទៅនឹង​ពេលមុន ដែល​ពឹង​លើ​តែ​បរទេស​?



​លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា​៖ យើងខ្ញុំ​យល់ថា ជា​រឿង​ធម្មតា​ទេ ដែលថា​មរតក របស់​ប្រទេសមួយ ត្រូវតែ​ជនជាតិ​របស់​ប្រទេស​នោះ​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ថែរក្សា និង ជួសជុល​មរតក​រប​ស់​ខ្លួន​។ ដូច្នេះហើយ​បានជា​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ឈរលើ​ការបណ្តុះ បណ្តាល​ធនធានមនុស្ស​នេះ​បាន​នាំ​និស្សិត​ខ្មែរ​ជាច្រើន​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ហើយ​ពួកគេ​ទាំង​១៨​នាក់​នោះ បានទទួល​វិញ្ញាបនបត្រ​ដូចជា​អនុបណ្ឌិត និង​បណ្ឌិត ជាដើម អ្នកខ្លះ​បានក្លាយ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​ពួកគេ​ក៏បាន​បង្ហាត់បង្រៀន​សិស្ស​របស់​ពួកគេ​ទៀត មានន័យថា ខ្ញុំ​មាន​រហូត​ទៅដល់​ចៅ​ខ្ញុំ​ហើយ ដែលជា​អ្នកទទួលខុសត្រូវ​។ ដូច្នេះ​នៅ​ចុងក្រោយ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​កូន​ខ្មែរ​ទាំងអស់គ្នា ដើម្បី​ធ្វើ​ម៉េច​ថែរក្សា​ជួសជុល សម្បត្តិ​វប្បធម៌​របស់ខ្លួន​។ ជាពិសេស​ទៀត​នោះ ខ្ញុំ​សប្បាយរីករាយ​ណាស់ នៅពេល​ដែលមាន​កិច្ចប្រជុំ អាយ​ស៊ី​ស៊ី អង្គរ​ម្តងៗ គឺមាន​អ្នកជំនាញ​ខ្មែរ​ឡើង​ធ្វើ​បទ​បង្ហាញ​ជា​ភាសា​ខ្មែរ មានន័យថា អ្នក​ទាំងអស់នោះ​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ដែលជា​ស្នាដៃ​របស់ខ្លួន​ហើយ អ្នកខ្លះ​សរសេរ​បានជា​របាយការណ៍​ជា​ភាសា​ខ្មែរ​ផ្សេងៗ​ទៀត នេះ​ជាការ​រីកចម្រើន​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​។​

​អ៊ី​សា រ៉​ហា​នី​៖ ជា​សំណួរ​ចុងក្រោយ តើ​នៅក្នុង​បេះដូង​របស់លោក​សាស្ត្រាចារ្យ ចាត់ទុក​អង្គរ ដូច​ទៅនឹង​អ្វី​?

​លោក​សាស្ត្រាចារ្យ យ៉ូ​ស៊ី​អាគី អ៊ី​ស៊ី​សាវ៉ា​៖ អង្គរ​ជា​សម្បត្តិ​វប្បធម៌​ក្នុង​ប្រវត្តិ​មួយ​ហើយ ក៏​ជា ស្នាដៃ​ដ៏​ល្អ​ពិសិដ្ឋ​មួយ​របស់​ខ្មែរ​ដែរ​។ គេ​តែង​ចោទ​ជា​សំណួរ​ពី​៨០០​ឆ្នាំមុន ទៅ​១០០០​ឆ្នាំមុន ហើយ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ នៅតែមាន​អ្នក​ស្រឡាញ់​ដែល​ការពារ​ថែរក្សា​មក​ចោទ​ជា សំណួរ​ទៅ​មនុស្សលោក​ថា តើ​មនុស្ស​នោះ​ជា​អ្វី​ទៅ មនុស្ស​នោះ​ត្រូវធ្វើ​អ្វី​ជា​របៀប​សាសនា ផង ជា​មនោគតិ​ផង​។ ខ្ញុំ​ឃើញ​អង្គរ ខ្ញុំ​នៅតែ​ចោទ​ខ្លួន​ខ្ញុំ​ថា តើ​មនុស្ស​នោះ​ជា​អ្វី​ទៅ មកពីណា ទៅណា ហើយ​បម្រុង​ធ្វើ​អ្វី​។​

​គួរ​រម្លឹក​ដែរ​ថា នេះ​ជា​ពានរង្វាន់ និង​គ្រឿង​ឥស្សរិយយស​ទី​៥​ហើយ ចាប់ពី​ឆ្នាំ​១៩៩១​មក​ ដែលលោកសាស្រ្តាចារ្យ អ៊ីស៊ីសាវ៉ា បានទទួល។ ទី​១ នៅ​ឆ្នាំ​១៩៩១ ពានរង្វាន់​ក្រសួងការបរទេស​នៃ​ប្រទេស​ជប៉ុន (Japan Foreign Minister’s Commendation)​។ ទី​២ ឆ្នាំ​១៩៩៨ គ្រឿង​ឥស្សរិយយស សហ​មេត្រី ពី​ព្រះបាទ​នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​៣ ឆ្នាំ​២០០៧ គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​ធិបឌិន ពី​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​៤ ឆ្នាំ​២០១២ គ្រឿង​ឥស្សរិយយស សម្បត្តិ​ពិសិដ្ឋ ផ្កាយ​មាស​និង​ប្រាក់ ពី​ព្រះ​ចៅ​អធិរាជ នៃ​ប្រទេស​ជប៉ុន (The Order of the Sacred Treasure, Gold and Silver Star)​។ និង​ទី​៥ ពានរង្វាន់ រ៉ា​ម៉ុ​ន ម៉ាក​សាយ​សាយ ដែល​គេ​និយម​ហៅ រង្វាន់​ណូបែល​អាស៊ី (The Ramon Magsaysay Award (Asia Version of the Nobel Prize)៕


Tag:
 សាស្ត្រាចារ្យ អ៊ី​ស៊ី​សាវ៉ា​
  អង្គរ​
  Ramon Magsaysay
© រក្សាសិទ្ធិដោយ thmeythmey.com