បទយកការណ៍ / បទសម្ភាសន៍
លោក សុខ ទូច​៖ តំណែង​មិនមែនជា​គ្រឿង​លម្អ​ទេ តែ​ជា​អ​ម្រែ​ក​ដ៏​ធ្ងន់​សម្រាប់​ខ្ញុំ​!
02, Aug 2017 , 4:54 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ដោយ:
​លោក សុខ ទូច ដែល​ទើប​ទទួលបាន​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថ្មី​ថ្មោង បាន​អរគុណ​រដ្ឋាភិបាល ដែល​ផ្តល់​តួនាទី​នេះ​ដល់​រូបលោក​។ ក៏ប៉ុន្តែ​នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក សុខ ទូច ដែលមាន​គោ​រម្យ​ងារ​ជា បណ្ឌិតសភា​ចា​រ្យ​ផង​នោះ លើកឡើងថា តំណែង​ថ្មី​នេះ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​មួយទៀត​សម្រាប់​រូបលោក​។ តើ​ហេតុអ្វី​បានជា​លោក​ចាត់ទុក​តំណែង​នេះ​ថា ជា​អ​ម្រែ​ក​? ហើយ​ថា​លោក​បណ្ឌិតសភា​ចា​រ្យ​រូបនេះ នឹងមាន​ផែនការ​ថ្មី​អ្វីខ្លះ ដើម្បី​ដឹកនាំ​ស្ថាប័ន​មួយ​នេះ​? សូម​អាន​បទសម្ភាសខាងក្រោម​៖ 



លោក ជា ធី​រិ​ទ្ធ​៖ លោក សុខ ទូច ប្រាកដជា​សប្បាយចិត្ត​ហើយ​មែន​ទេ ដែល​ទទួលបាន​តំណែង​ថ្មី​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​?

លោក សុខ ទូច​៖
ខ្ញុំ​អរគុណ ដែល​រដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត​ដល់​ខ្ញុំ ដោយ​ឲ្យ​ខ្ញុំ​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​នៅពេលនេះ​។ ខ្ញុំ​គិតថា តំណែង​នេះ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ខ្ញុំ​វិញ​ទេ​។​

លោក ជា ធី​រិ​ទ្ធ​៖
ហេតុអ្វី​បានជា​លោក​ថា វា​ជា​អ​ម្រែ​ក​? លោក​មិន​ចង់បាន​តួនាទី​នេះ​ទេ​ឬ​?

​លោក សុខ ទូច​៖ យើង​ដឹង​ហើយ​ថា តួនាទី ឬ​តំណែង​នេះ មិនមែនជា​គ្រឿង​លម្អ ឬ​យកមក​ធ្វើជា​ទីសក្ការៈ​សម្រាប់​បូជា​ទេ តែ​វា​ជា​អ​ម្រែ​ក ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ដឹកនាំ​រាជបណ្ឌិត្យសភាកម្ពុជា​រីកចម្រើន​។​

​លោក ជា ធី​រិ​ទ្ធ​៖ តើ​លោក​ចង់​ឲ្យ​ស្ថាប័ន​នេះ រីកចម្រើន​ដូចម្តេច​?

លោក សុខ ទូច​៖ ខ្ញុំ​នឹងធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ក្លាយជា​កន្លែង​ផ្តល់​គំនិត​ដ៏​ល្អ​សម្រាប់​អភិវឌ្ឍ​ប្រទេស​។ បច្ចុប្បន្ន​យើង​មាន​វិទ្យាស្ថាន​ចំនួន ៦ ដើម្បី​សិក្សា​ស្រាវជ្រាវ ហើយ​ស្ថាប័ន​ទាំង ៦ នេះ គ្រប់​ដណ្តប់​លើ​ក្រសួង​នានា​។ យើង​នឹង​ផ្តល់​គំនិត និង​ទ្រឹស្តី ដែល​បាន​រកឃើញ ដាក់ជូន​ក្រសួង​នានា ដើម្បី​យកទៅអនុវត្ត​។ ម្យ៉ាងទៀត ខ្ញុំ​នឹងធ្វើ​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា ក្លាយ​ជាទី​ដែល​បញ្ញវន្ត ឬ​អ្នកប្រាជ្ញ អាច​បញ្ចេញយោបល់ បញ្ចេញ​នូវ​បញ្ហា​ដែល​បញ្ញវន្ត​តឹងទ្រូង​កន្លងមក ជាជាង​ពួកគាត់​ដើរ​និយាយ​តែ​នៅតាម​ចិញ្ចើមថ្នល់ ឬ​តាមផ្លូវ​។

​លោក ជា ធី​រិ​ទ្ធ​៖ តើ​លោក​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​អ្នក​ទាំងនោះ ចូលមក​បញ្ចេញយោបល់​តាមរយៈ​រាជបណ្ឌិតសភា​កម្ពុជា​?

លោក សុខ ទូច​៖ ទី ១ យើង​នឹង​កែសម្រួល​រចនាសម្ព័ន្ធ​ឡើងវិញ​។ ទី ២ យើង​នឹង​រៀបចំ​លក្ខន្តិកៈ​ថ្មី ដើម្បី​សម្រួល​ឲ្យ​បញ្ញវន្ត ឬ​អ្នកប្រាជ្ញ អាច​ចូលរួម​ជាមួយ​យើង កាន់តែច្រើន​។ ខ្ញុំ​សូមបញ្ជាក់ថា «​ទ្វារ​សម្រាប់​បញ្ញវន្ត បើក​ហើយ​ពេលនេះ សូម​អញ្ជើញ​ចូលមក​រាជបណ្ឌិត្យសភា​កម្ពុជា​»​។

​លោក ជា ធី​រិ​ទ្ធ​៖ ជា​ចុងក្រោយ ខ្ញុំ​មិនអាច​មិន​សួរ​លោក​នោះទេ​។ លោក​ប្រហែលជា​ដឹង​ហើយ​ថា រាជ្យ​បណ្ឌិត្យសភា​កម្ពុជា  ហាក់​បាត់​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​មួយចំនួន​។ ពួកគេ​យល់ថា ស្ថាប័ន​នេះ មិនមែនជា​ស្ថាប័ន​បញ្ញវន្ត​ពិតប្រាកដ ឬ​ជា​ស្ថាប័ន​ដែល​និយាយ​ការពិត​ទេ តែ​ស្ថាប័ន​នេះ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ឆ្លើយតប​បែបណា​?

​លោក សុខ ទូច​៖ ជាការ​ពិត ស្ថាប័ន​នេះ បង្កើត​ដោយ​រដ្ឋាភិបាល​។ ដូច្នេះ​យើង​ត្រូវ​បម្រើ​រដ្ឋាភិបាល​។ ក៏ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​រិះគន់​ចេះ​គិត​ផង កុំ​ឲ្យ​តែ​ពេល​គេ​និយាយ​ការពិត ផ្អែក​តាម​ឯកសារ តាមច្បាប់ ឬ​រដ្ឋធម្មនុញ្ញ ហើយ​ចំណេញ​ខាង​បក្ស​ប្រជាជន​កម្ពុជា មក​ចោទ​គេ​ថា បម្រើ​បក្ស​ប្រជាជន​នោះ​។ តើ​លុះត្រាតែ​គេ​និយាយ​ការពារ​បក្សប្រឆាំង បាន​ថា គេ​ល្អ​ឬ​យ៉ាងម៉េច​? ខ្ញុំ​សូមបញ្ជាក់ ពួកយើង​ធ្វើការ​ឈរលើ​វិជ្ជាជីវៈ​ពិតប្រាកដ ហើយ​យើង​ក៏​មិនអាច​តម្រូវ​ចិត្ត​អ្នក​ដែល​រិះគន់​យើង​អស់​នោះទេ​៕


Tag:
 សុខ ទូច​
  រាជបណ្ឌិត្យសភាកម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com