ជាតិ
ក្រសួង​អប់រំ​សុំ​ស្នើ​ម្ចាស់​ផ្ទះសំណាក់​-​សណ្ឋាគារ កុំ​ឡើងថ្លៃ​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​
21, Aug 2017 , 9:27 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានស្នើ​ដល់​គ្រប់​អភិបាលខេត្ត​-​រាជធានី ឲ្យ​ជួយ​សម្រួល​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប នៅពេល​ពួកគេ​ទៅ​ស្នាក់នៅ​ទី​រួម​ខេត្ត និង​រាជធានី​ក្នុង​ថ្ងៃទី​២១-២២ ខែសីហា ដែលជា​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​២០១៧​។  នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣ ខែសីហា​។



​ខណៈ​ការប្រឡង​បាក់​ឌុប​នឹង​រៀបចំ​នៅ​គ្រប់​ទី​រួម​ខេត្ត​ទាំង​២៤ និង​រាជធានី​ភ្នំពេញ ក្រសួង​អប់រំ​ស្នើ​ដល់​អភិបាលខេត្ត និង​រាជធានី​ទាំងអស់ ជួយ​សម្រួល​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប ដូចជា​៖ សម្រួល​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ កុំ​ឡើងថ្លៃ​នៅ​ថ្ងៃ​២១-២២ ខែសីហា ដែល​ថ្ងៃ​ប្រឡង​បាក់​ឌុប ជួយ​សម្រួល​ចរាចរណ៍ ត្រួតពិនិត្យ​ប្រព័ន្ធ​អគ្គិសនី​នៅតាម​មណ្ឌល​ប្រឡង និង​សម្រួល​ដល់​បេក្ខជន​អាច​ស្នាក់​វត្ត ដែល​ជិត​មណ្ឌល​ប្រឡង​ជាដើម​។ 

​ការស្នើ​នេះ គឺធ្វើឡើង​ដើម្បី​សម្រួល​ដល់​បេក្ខជន មាតាបិតា និង​អាណាព្យាបាល​របស់​បេក្ខជន ដែល​នឹង​មក​ស្នាក់នៅ​ទី​រួម​ខេត្ត និង​រាជធានី​ចាប់តាំងពី​ថ្ងៃមុន​ប្រឡង​មួយថ្ងៃ រហូត​ការប្រឡង​បានបញ្ចប់​។​

​សូមបញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅ​ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែសីហា​ខាង​មុននេះ ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១០៣,១១២ នាក់ មណ្ឌល​ប្រឡង​ចំនួន​១៧៨ ។ លទ្ធផល​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​ទី​១៣ ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​បណ្តាល​ខេត្ត​ផ្សេង​៕


Tag:
 អប់រំ​
  បាក់​ឌុប​
  ហង់ ជួនណា​រ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com