សៀមរាប៖ ជិត៣០ឆ្នាំមកហើយ ដែលបេសកកម្មសូហ្វីយ៉ា នៃសាកលវិទ្យាល័យ សូហ្វីយ៉ា ប្រទេសជប៉ុន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស លើការងារជួសជុល និងអភិរក្សប្រាសាទ។ បេសកកម្មនេះ ចាប់ផ្តើមពីឆ្នាំ១៩៨៩ ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល ហើយជិត៣០ឆ្នាំមកនេះ បេសកកម្មនេះ បានបណ្តុះធនធានមនុស្សកម្ពុជាជាច្រើននាក់ ដែលបច្ចុប្បន្នធ្វើឲ្យពួកគេក្លាយជាអ្នកជំនាញផ្នែកផ្សេងៗ និងធ្វើឲ្យការងារអភរិក្ស ជួសជុលប្រាសាទបុរាណខ្មែរ កាត់បន្ថយការពឹងលើអ្នកជំនាញការបរទេសដូចពេលមុន។
បេសកកម្មសូហ្វីយ៉ា ដឹកនាំដោយលោកសាស្ត្រាចារ្យជនជាតិជប៉ុន លោកបណ្ឌិត យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលបានដឹកនាំផ្នែកបណ្តុះបណ្តាលធនធានមនុស្សលើការងារបុរាណវិទ្យា និងស្ថាបត្យកម្ម និងបានបញ្ជូននិស្សិតខ្មែរ១៨នាក់ ទៅសិក្សានៅប្រទេសជប៉ុន ដែលពួកគេជាធនធានសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាតិ។ លើសពីនេះ ក៏មានធនធានមនុស្សប្រមាណ៦០នាក់ទៀត បានក្លាយជាអ្នកជំនាញកាត់ថ្ម រៀបថ្ម និងតថ្មជាដើម។
សូមអានបទសម្ភាសខ្លីរវាងអ្នកសារព័ត៌មានថ្មីៗ និងលោកសាស្រា្តចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ដូចតទៅ
អ៊ីសា រ៉ហានី៖ លោកសាស្ត្រាចារ្យ មានចម្ងល់ជាច្រើនដែលបានចោទសួរ សម្រាប់បេសកកម្មសូហ្វីយ៉ា ថាតើហេតុអ្វីបានជាចូលខ្លួនមកជួយការងារបណ្តុះបណ្តាល ជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរមុនគេនៅកម្ពុជា?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ ដំបូងខ្ញុំមកកម្ពុជា ក្នុងនាមជាកូនសិស្សតាមរយៈលោកគ្រូខ្ញុំ នៅឆ្នាំ១៩៦០។ នៅឆ្នាំ១៩៦១ ខ្ញុំបានមកម្តងទៀតនៅតំបន់អង្គរ និងបានជួបលោកគ្រូម្នាក់នៅសាលាបារាំងចុងបូព៌ា ហើយសុំគាត់ថាខ្ញុំចង់សិក្សាស្រាវជ្រាវពីអង្គរ។ ហើយលោក រ៉ូយេ ក៏បានអនុញ្ញាតឲ្យចូលជាមួយ ហើយបានចូលរួមជាមួយក្រុមអ្នកជំនាញខ្មែរក្នុងប្រទេសកម្ពុជាពីពេលនោះមក ហើយបន្តរហូតមកដល់សព្វថ្ងៃនេះ។
អ៊ីសា រ៉ហានី៖ តើបេសកកម្មសូហ្វីយ៉ា ចាប់ផ្តើមការងារពីឆ្នាំណាមក?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ នៅឆ្នាំ១៩៨៩ យើងចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្ស លើគម្រោងសិក្សាស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី។ ហេតុអ្វីបានជាយើងជ្រើសរើសយកប្រាសាទបន្ទាយក្តី ព្រោះថាវានៅក្បែរក្រុងផង ងាយស្រួលទៅផង ប៉ុន្តែក៏មានព្រៃប្រឹក្សា មានប្រជាជនរស់នៅផង។ មានហេតុផងច្រើនទៀតដែលយើងជ្រើសរើសប្រាសាទបន្ទាយក្តីជាកន្លែងស្រាវជ្រាវ ដូចជាប្រាសាទនេះអាចធ្វើការស្រាវជ្រាវសម្រាប់ជំនាញទូទៅបានច្រើន និងអាចប្រមូលទិន្នន័យជាលក្ខណៈវិទ្យាសាស្ត្រ និងងាយយល់ពីវិធីសាស្ត្រជូសជុល និងថែរក្សា។ ជាប្រាសាទដែលមានលក្ខណៈស្ថាបត្យកម្មរួមនៃសម័យអង្គរដូចជា ក្លោងទ្វារ កំពែង គូទឹក រានហាល ស្រះ ថែវ និងតួប៉មកណ្តាលជាដើម។ ជាងនេះទៅទៀត ប្រាសាទនេះ ធ្លាប់មានការស្រាវជ្រាវដោយជនជាតិបារាំងរយៈពេល៤០ឆ្នាំមុន ដែលចាំបាច់ត្រូវសិក្សាបន្តទៀត។ អ្វីដែលអ្នកស្រាវជ្រាវមិនទាន់ធ្វើមានដូចជា ទំនាក់ទំនងរវាងប្រាសាទ មនុស្ស និងធម្មជាតិ ភូគព្ភសាស្ត្រ រុក្ខវិទ្យា បរិស្ថាន ប្រព័ន្ធទឹក និងបរិស្ថានវប្បធម៌ជាដើម។ល។
អ៊ីសា រ៉ហានី៖ លោកសាស្ត្រាចារ្យ តើអាចសរុបជាតួលេខបានទេ ចាប់តាំងពីបេសកកម្មសូហ្វីយ៉ាចូលមកកម្ពុជា តើបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាបានប៉ុន្មាននាក់ហើយ ទៅលើជំនាញអ្វីខ្លះ?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ បើនិយាយពីអ្នកដាប់ថ្មមាន៥០នាក់ បើនិយាយពីកម្មកររួម៣០នាក់ ដែលអ្នកដែលបានមកធ្វើការធំៗ៥នាក់។ ក្នុងបេសកកម្មរបស់យើងនេះ យើងបានបញ្ជូននិស្សិតខ្មែរចំនួន១៨នាក់ ទៅបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ សូហ្វីយ៉ា ដោយខ្លះបញ្ចប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយពួកគេឥលូវមានការងារល្អៗ ខ្លះជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងវប្បធម៌ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរជាតិអប្សរាជាដើម។
អ៊ីសា រ៉ហានី៖ ទាក់ទងនឹងការជួសជុលវិញ តើចាប់តាំងពីចូលមកកម្ពុជា បេសកកម្មសូហ្វីយ៉ា បានជួយលើការជួសជុលបានប៉ុន្មានកន្លែងដែរ?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ ចាប់ពីឆ្នាំ១៩៨០ ដល់១៩៨៩ យើងចូលមកប្រទេសកម្ពុជានៅពេលដែល បញ្ហានយោបាយនៅមិនទាន់ស្រួលនៅឡើយ ចុះមកធ្វើការស្រាវជ្រាវ និងធ្វើកំណត់ត្រាផ្សេងៗអំពីការខូចខាត ហើយធ្វើជារបាយការណ៍បញ្ជូនទៅអង្គការយូណេស្កូ។ ហើយចាប់ពីនោះមក យើងបានដឹកនាំក្រុមបុរាណវិទ្យា និងស្ថាបត្យកម្មមកធ្វើការសិក្សាស្រាវជ្រាវ និងធ្វើកំណាយនៅទីតាំងផ្សេងៗ។ បណ្តុះអ្នកជំនាញលើការងាររៀបថ្ម កាត់ថ្ម តម្រៀបថ្ម ក្នុងគម្រោងជួសជុលស្ពានហាលផ្នែកខាងជើងដំណាក់កាលទី១ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៧ ហើយយើងក៏បានចូលរួមជួសជុលក្នុងដំណាក់កាលទី២ ដែលកំពុងដំណើរការណ៍មកដល់ពេលនេះ ដោយជួយលើផ្នែកគ្រឿងចក្រ ចំណែកបច្ចេកទេសធនធានមនុស្ស លើអាជ្ញាធរជាតិអប្សរាទាំងស្រុង។
អ៊ីសា រ៉ហានី៖ ជាសំណួរចុងក្រោយ ខ្ញុំចង់សួរលោកសាស្ត្រាចារ្យថា តើបេសកកម្មសូហ្វីយ៉ា ជួយលើការងារបណ្តុះបណ្តាល អភិរក្សបេតិកភណ្ឌនេះ តែនៅកម្ពុជាទេ ឬនៅប្រទេសណាខ្លះ?
លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា៖ បើនិយាយពីសាកលវិទ្យាល័យ សូហ្វីយ៉ា គឺយើងមានទំនាក់ទំនងចូលរួមសហការជាមួយប្រទេសពាសពេញសាកលលោក ក្នុងវិស័យផ្សេងៗ។ ចំណែកនៅអាស៊ីវិញ មានតែនៅកម្ពុជានេះទេ៕