ជាតិ
រយៈពេល​៧​ខែ​ដើមឆ្នាំ​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ជាង​៦០​លាន​ដុល្លារ​
06, Aug 2017 , 6:59 pm        
រូបភាព
 
​សៀមរាប​៖ យោងតាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​ចំនួន​ជាង ៦០​លាន​ដុល្លារ គឺ​ស្មើនឹង ៦០,៣៩១,៦៥៦​ដុល្លារ​។ ចំនួន​នេះ​គឺមាន​ការកើនឡើង ៦៨.៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

 
​តាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​របស់​រដ្ឋ មាន​ទេសចរ​បរទេស​ចំនួន ១,៤១៥,៧៦៩​នាក់ ដែល​បាន​ចូល​ទិញ​ប័ណ្ណ​ក្នុង​រយៈពេល​៧​ខែ​នេះ ដែល​ចំនួន​នេះ​មានការ​កើនឡើង ១២.៣៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ 
 
​ក្នុង​របាយការណ៍​ដដែល ត្រឹម​ខែកក្កដា ចំណូល​ពី​លក់​ប័ណ្ណ​ចូល​អង្គរ​មាន​ចំនួន ៨,២២៣,៦៨៤​ដុល្លារ កើន ៧៨.៥៧% ក្នុង​ចំនួន​ភ្ញៀវ​ចូល​ទិញ​ប័ណ្ណ ១៨២,៦២៣​នាក់ តែ​គ្រឹះស្ថាន​អង្គរ បាន​ដក​ថវិកា​ចំនួន ៣៦៥,២៦៤​ដុល្លារ ចូលទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
 
​គួរ​បញ្ជាក់ថា គ្រឹះស្ថាន​អង្គរ បានចាប់ផ្តើម​អនុវត្តន៍​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​មក​។ តម្លៃ​ប័ណ្ណ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដើរ​មួយថ្ងៃ​ឡើង​ពី​២០ ទៅ​៣៧​ដុល្លារ ប័ណ្ណ​រយៈពេល​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​ប័ណ្ណ​រយៈពេល​មួយ​សប្តាហ៍ ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា​ឆ្នាំ​២០១៦​កន្លងទៅ តម្លៃ​ទាំងអស់ នឹងត្រូវ​កាត់​ចូលទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ ហើយ​វា​នឹងត្រូវ​ដាក់​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោយ​ខ្នងសំបុត្រ  ដើម្បី​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​ផងដែរ​៕
 

Tag:
 ចំណូល​អង្គរ​
  គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com