ជាតិ
វត្ត​អារញ្ញ​សាគរ​វត្ត​បុរាណ​ដែល​ស្ថិតនៅតាម​បណ្តោយ​ស្ទឹង​សៀមរាប​
06, Aug 2017 , 7:59 pm        
រូបភាព
 
​សៀមរាប​៖ វត្ត​អារញ្ញ​សាគរ គឺជា​វត្ត​ដ៏​ចំណាស់​មួយ ដែល​ស្ថិតនៅ​ចុងក្រោយ​គេ​តាម​បណ្តោយ​ស្ទឹង​សៀមរាប ឆ្ពោះទៅ​ភ្នំ​ក្រោម​នៃ​បឹង​ទន្លេសាប​។ ក្នុង​វត្ត​នេះ មាន​ព្រះវិហារ​មួយ​ខ្នង ដែលមាន​អាយុ​មិន ក្រោម​រយ​ឆ្នាំ​ទេ ហើយ​បច្ចុប្បន្ន​កំពុងធ្វើការ​ជួស​ជុល កែលម្អ ប៉ុន្តែ​គោរព​ទៅតាម​រចនាបថ​ដូចដើម​។

 
​វិហារ​អារញ្ញ​សាគរ មាន​ទម្រង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​ពិសេស​ជាងគេ​។ ព្រះវិហារ​សង់​នៅលើ​ខឿន​ខ្ពស់​មួយ​ជាន់ ចំណែក​ជញ្ជាំង​សង់​ពី​ឥដ្ឋតាន់ និង​សសរ​ជុំវិញ មាន​ទម្រង់​រមូល ដែល​ភាព​រមូល​នេះ គឺ​ធ្វើ​ពី​ឥដ្ឋ​រមូល​ស្រាប់ ដែល​រចនា​ដោយ​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​។ អ្វីដែល​ពិសេស​នោះ ភាព​រមូល​នីមួយៗ ក៏មាន​សភាព​ខុសៗ​គ្នា​ថែមទៀត​។ សសរ​ខាងក្នុង និង​គ្រឿង​បង្គំ​ដំបូល​នៃ​វត្ត​អារញ្ញ​សាគរ គឺ​ធ្វើ​ពី​ឈើ ទៅតាម​រចនាប័ទ្ម​ខ្មែរ​សុទ្ធសាធ​។​
 
​វត្ត​អារញ្ញ​សាគរ មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ ព្រះអង្គ ហ៊ា​ក់ គឹម​ហ៊ត់ មាន​សង្ឃដីកា​ថា ដោយសារ​ជាវ​ត្ត​បុរាណ ដូច្នេះ មាន​ភ្ញៀវទេសចរ​តែង​ចូលមក​ទស្សនា​ក្នុង​វត្ត​អារាម​នេះ​។ ព្រះអង្គ​រំពឹងថា តទៅ​មុខ វត្ត​នេះ​នឹង​ក្លាយជា គោលដៅ​ទេសចរណ៍​មួយ​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​សិក្សា និង​ស្វែងយល់​ពី​រចនាបថ សំណង់​បុរាណ​របស់​ខ្មែរ​ផងដែរ​៕
 






















Tag:
 វត្ត​អារញ្ញ​សាគរ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com