បទយកការណ៍ / បទសម្ភាសន៍
ផលិតករចម្រៀងវ័យក្មេង ម៉ម ពេជ្ជរឹទ្ធ ៖ យុវជនត្រូវមានគំនិតច្នៃប្រឌិត ហ៊ានធ្វើអ្វីដែលថ្មី
×
ម៉ម ពេជ្ជរឹទ្ធ ជាក្មេងដែលមានទេពកោសល្យនិពន្ធបទភ្លេងថ្មីៗជាច្រើន និងក៏មានសមត្ថភាពច្រៀងដែរ។ ស្នាដៃលេចធ្លោដែលផលិតករចម្រៀងវ័យ១៨ឆ្នាំរូបនេះ បានផលិត មានបទស្នេហ៍៩ ចូលរួមផលិតចម្រៀងសម្រាប់បុណ្យភូមិចាប់ពីឆ្នាំ២០១៥មក បទ«ទឹកចិត្ត » បទចម្រៀងAlbum My Wayឲ្យក្រុមក្មេងខ្មែរ ស្មារតីកីឡា និង Album2x5 ក្រុមSWSB។ ជាសិស្សថ្នាក់ទី១២ មកពីខេត្តកំពត យុវជនម៉ម ពេជ្ជរឹទ្ធ ចង់បន្តការសិក្សាឧបករណ៍ភ្លេងខ្មែរ នៅសាលាភូមិន្ទវិ ចិត្រសិល្បៈ និងរៀនបច្ចេកទេសសំឡេងនៅបរទេស ដើម្បីផលិតចម្រៀងមានគុណភាព មានស្តង់ដាអន្តជាតិ និងឲ្យពិភពលោកទទួលស្គាល់។
ម៉ម ពេជ្ជរឹទ្ធ យុវជនកម្ពុជាវ័យក្មេងមួយរូបរបស់កម្ពុជា ដែលមានទេពកោសលផ្នែកចម្រៀង និងបទភ្លេង។ គេមានសមត្ថភាពលេងទាំងឧបករណ៍តន្ត្រីបុរាណ និងតន្ត្រីសម័យ។ មានឪពុកជាអ្នកភ្លេង និងម្តាយជាអ្នកចម្រៀងផង យុវជន ពេជ្ជរឹទ្ធ ចាប់ផ្តើមរៀនឧបករណ៍ភ្លេងនៅអាយុ៧ឆ្នាំ។ ពេជ្ជរឹទ្ធ អះអាងថា ខ្លួនចូលចិត្តឧបករណ៍ភ្លេងទាំងអស់ ដូច្នេះហើយទើបរូបគេ ចេះលេងទាំងឧបករណ៍សម័យ និងបុរាណ និងមានសមត្ថភាពមួយចំនួនទៀត។ បើតាមពេជ្ជរឹទ្ធ រូបគេចេះលេងហ្គីតា ព្យាណូ ឧបករណ៍ភ្លេងខ្មែរមួយចំនួនដូចជាខ្លុយ ស្គរ និងទ្រជាដើម ចេះច្រៀង និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង។
ចេះឧបករណ៍ភ្លេង ភាគច្រើនមិនបានរៀនពីសាលានោះទេ។ រូបគេបានរៀនពីបងប្អូនរបស់ខ្លួន ហើយម្នាក់ក្នុងចំណោមនោះ ជាតារាចម្រៀង ដួង វីរះសិទ្ធ។ ជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់ អះអាងថា គេស្រឡាញ់ទាំងអស់ មិនអាចចោលទេពកោសល្យណាមួយនោះទេ។ ពេជ្ជរឹទ្ធ បន្ថែម៖«បើឲ្យខ្ញុំទៅលេងហ្គីតា ខ្ញុំចោលស្គរម៉េចនឹងកើត ឬឲ្យច្រៀង ចោលហ្គីតាម៉េចនឹងកើត។ ដូច្នេះបានជាខ្ញុំបង្កើតជាស្នាដៃថ្មីបាន ដែលមានឈ្មោះថា ផលិតករចម្រៀង»។
នៅចុងឆ្នាំ២០១៤ យុវជនរូបនេះ បានចូលជាសមាជិកក្រុម Small World Small Band ។ នៅពេលនោះពេជ្ជរឹទ្ធ និងលោក ភីរម្យ ប្រធានក្រុម SWSB មានគម្រោងបង្កើតជាStudio សម្រាប់ផលិតបទចម្រៀងផ្ទាល់ខ្លួន។ នៅឆ្នាំ២០១៥ រូបគេបានចូលហាត់ការ ១ឆ្នាំផ្នែក Mixing engineer និងផលិតករ តន្ត្រីនៅ Acoustic Media ដើម្បីទទួលបានបទពិសោធន៍។ នៅទីនេះ ពេជ្ជរឹទ្ធបានធ្វើបទចម្រៀងឲ្យភ្ញៀវជាច្រើន។ បន្ទាប់មកនៅ ឆ្នាំ២០១៦ ក្រុមSWSB និងក្មេងខ្មែរ បានបង្កើតជា Studioខ្លួនឯង ដែលមានឈ្មោះថា«ស្តាប់Studio» ហើយពេជ្ជរឹទ្ធបានប្តូរមករស់នៅជុំគ្នា នៅស្តាប់Studio នេះ។
មានដើមកំណើតនៅខេត្តកំពត យុវជនរូបនេះ មានគំនិតច្នៃប្រឌិត បាននិពន្ធបទភ្លេងថ្មីជាច្រើន និងបានបញ្ជូលឧបករណ៍ភ្លេងខ្មែរ លាយនឹងភ្លេងសម័យពីរោះយ៉ាងរណ្តំ។ ក្នុងនោះស្នាដៃដែលរូបគេ បានផលិតដែលមានភាពលេចធ្លោ និងពេញនិយមសម្រាប់យុវវ័យមានដូចជា បទស្នេហ៍៩ ផលិតបទចម្រៀងអំពីបុណ្យភូមិ បទទឹកចិត្ត បទចម្រៀងAlbum My Wayឲ្យក្រុមក្មេងខ្មែរ ស្មារតីកីឡា និង Album2x5 ក្រុមSWSB។
ពេជ្ជរឹទ្ធនិយាយថា ការផលិតបទចម្រៀងមួយបទៗ ត្រូវចំណាយពេលប្រហែល៣ខែ ទៅ៤ខែ។ ទន្ទឹមនឹងក្រុមខ្លួនមិនទាន់មានឧបករណ៍ទំនើបផងនោះ ការច្នៃប្រឌិតខ្ពស់ រឹតតែជាតម្រូវការចាំបាច់ដែល ពេជ្ជរឹទ្ធ ត្រូវមាន ជួនកាលបើទោះខំប្រឹងច្នៃក៏ដោយ ក៏ចម្រៀងនោះហាក់មិនដូចអ្វីដែលបានគិតទៅទៀត។ យុវជនវ័យក្មេង អះអាងថា បទចម្រៀងមួយ ល្អ ឬមិនល្អ ពីរោះ ឬមិនពីរោះ អ្នកស្តាប់ជាអ្នកវាយតម្លៃ ហើយអ្វីដែលខ្លួនអាចធ្វើបាននោះគឺខំប្រឹងផលិតចម្រៀងមួយបទ ឲ្យអស់ពីលទ្ធភាព។ ពេជ្ជរឹទ្ធ ថ្លែងបន្ថែមដូច្នេះថា៖«ការមានគំនិតច្នៃប្រឌិត ដោយសារខ្ញុំហ៊ានធ្វើ ផលិតនូវអ្វីដែលថ្មី ជួនកាលស្តាប់ទៅវាចម្លែកៗ។ ភាពចម្លែកនោះ អ្នកខ្លះស្តាប់ទៅស្រដៀងបទនេះ ឬបទនោះ។ ហើយនៅប្រទេសគេជុំវិញពិភពលោក គេព្យាយាមធ្វើអ្វីដែលថ្មីដូចគ្នា»។
ទោះយ៉ាងណាក្តី ពេជ្ជរឹទ្ធ ក៏លើកឡើងពីការលំបាកមួយចំនួនទៀតរបស់ខ្លួននាពេលបច្ចុប្បន្ន ស្របពេលដែលគេនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧នេះផង។ ពេជ្ជរឹទ្ធថ្លែងថា៖«មានផលលំបាកដោយសារ គេងមិនបានគ្រប់គ្រាន់ និងម្យ៉ាងត្រូវបែងចែកពេលរៀន គ្រួសារ ធ្វើចម្រៀង និងពេលសម្រាក និងត្រូវរៀនសម្របជាមួយគ្នាក្នុងក្រុម»។
យុវជនរូបនេះ បានចាត់ទុក ក្រុម SWSB ប្រៀបដូចជាក្រុមគ្រួសារមួយអីចឹងដែរ។ ជាគ្រួសារដែលអាចកាន់ដៃគេឆ្ពោះទៅមុខ ទៅរកក្តីស្រមៃរបស់ខ្លួន ដែល ចង់បន្តការសិក្សាឧបករណ៍ភ្លេងខ្មែរនៅសាលាភូមិន្ទវិចិត្រសិល្បៈ ក្រោយចប់បាក់ឌុបរូបគេ និងបន្តរៀនបច្ចេកទេសសំឡេងនៅបរទេស ដើម្បីផលិតចម្រៀងមានគុណភាព ស្តង់ដាអន្តជាតិ ឲ្យពិភពលោកទទួលស្គាល់។ ផលិតករចម្រៀនរូបនេះ ក៏ចង់ក្លាយជាអ្នកចែករំលែកដល់ក្មេងជំនាន់ក្រោយ។ ពេជ្ជរឹទ្ធ លើកទឹកចិត្តយុវជន ហ៊ានធ្វើអ្វីដែលខ្លួន ចង់ធ្វើ មានគោលដៅច្បាស់ និងប្រាកដថា ខ្លួនឯងចង់ក្លាយជាបុគ្គលបែបណា និងកុំបណ្តោយពេលវេលា។ ពេជ្ជរឹទ្ធ ថ្លែងបញ្ជាក់ដូច្នេះថា៖«ត្រូវតែច្បាស់ថាខ្លួនឯងកំពុងធ្វើអ្វី ហើយធ្វើនោះល្អ ឬក៏អាក្រក់? ហើយធ្វើអ្វីដែលយើងចង់ធ្វើ កុំបណ្តោយខ្លួនឯងធ្វើរឿងអ្វីដែលមិនល្អ និងធ្វើអ្វីខ្លួនឯងមិនដឹងខ្លួន»៕
Tag:
ម៉ម ពេជ្ជរឹទ្ធ
ចម្រៀង
បុណ្យភូមិ
SWSB
© រក្សាសិទ្ធិដោយ thmeythmey.com