ជាតិ
ប្រាសាទបេង​មាលា​ស្ថិតក្នុង​រចនាប័ទ្ម​អង្គរ​ តែ​មិនបាន​បន្សល់ទុក​សិលាចារឹក​បញ្ជាក់​ឆ្នាំ​សាងសង់​
06, Aug 2017 , 9:30 pm        
រូបភាព
 
​សៀមរាប​៖ ប្រាសាទបេង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ ស្ថិតនៅ​ខាងកើត​ជើងភ្នំ​គូលែន និង​ខាងកើត​ក្រុង​សៀមរាប លើ​ចម្ងាយ​ផ្លូវ​ប្រហែល​៧៧​គីឡូម៉ែត្រ​។ ប្រាសាទ​នេះ មាន​រចនាប័ទ្ម​ដូច​ទៅនឹង​ប្រាសាទអង្គរវត្ត​ដូច្នោះ​ដែរ ដែល​អាច​ឲ្យ​គេ​ដឹងបាន​ថា ជា​ប្រាសាទ​ដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១១ ដើម​សតវត្សរ៍​ទី​១២ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ទោះជា​មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រាសាទអង្គរវត្ត​ក៏ពិតមែន ប៉ុន្តែ​គេ​មិនអាច​ដឹង​កាល​បរិ​ច្ចេ​ទ​ពិតប្រាកដ​នៃ​ឆ្នាំ​ដែល​កសាង​ប្រាសាទបេង​មាលា​ឡើយ ព្រោះ​ហេតុថា​គ្មាន​សិលាចារឹក​បញ្ជាក់​។​

 
​បើ​សរុប​ទំហំ​ដែល​ត្រូវការពារ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៅ​តំបន់​ប្រាសាទបេង​មាលា មាន​ទំហំ​ដល់​ទៅ ៨៦៩​ហិកតា​។ នៅ​ខាងកើត​ប្រាសាទ​នេះ​ មាន​បារាយណ៍​ដ៏​ធំ​មួយ មាន​​បណ្តោយ ១៦០០​ម៉ែត្រ និងទទឹង ៨០០​ម៉ែត្រ​។ តួ​ប្រាសាទ​មាន​ទំហំ​បណ្តោយ ១០៧៦​ម៉ែត្រ ទទឹង ៩១៣​ម៉ែត្រ។ នៅក្បែរ​ប្រាសាទ​នេះ មាន​ប្រាសាទតូចៗ​ជាច្រើន​ទៀត មានដូចជា​ប្រាសាទជ្រៃ និង​ប្រាសាទ​កង​ភ្លក់​ជាដើម ចំណែក​ខាងជើង​ឆៀង​ខាងលិច មាន​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា តំបន់​អូរ​ថ្ម​ដាប់ ដែលជា​កន្លែង​ដាប់ថ្ម​បុរាណ សម្រាប់​បម្រើការ​សាងសង់​ប្រាសាទ​នៅ​តំបន់​អង្គរ​ទាំងមូល​។
 
 
​នៅ​ចុងឆ្នាំ​២០០៣ ប្រាសាទបេង​មាលា ត្រូវបាន​ផ្ទេរ​ការគ្រប់គ្រង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មក​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​។ តាម​ប្រធានស្តីទី​នៃ​នាយកដ្ឋាន​អភិរក្ស​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ពេល​ចូលមក​ដំបូង ប្រាសាទបេង​មាលា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​ការបែកបាក់​មាន​ទំហំ​ពី​៦០ ទៅ​៧០ភាគរយ​។ តាម​ការលើកឡើង​រប​ស់លោក ឈាន រដ្ឋា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​ដើម្បី​សង្គ្រោះ​ប្រាសាទ​ទាំងមូល អាជ្ញាធរ​ជាតិ​អប្សរា បាន​​ទល់​ទ្រ​ថ្ម​ជាច្រើន​កន្លែង​កុំ​ឲ្យ​ដួល​តទៅទៀត  និង​ជួសជុល​បាន​មួយ​ទីតាំង ក៏ដូចជា​រៀបចំ​កន្លែង​បដិសណ្ឋារកិច្ច​ដល់​ទេសចរ​ផងដែរ​។​
 
​មិនថាតែ​ប្រាសាទបេង​មាលា​ទេ គឺ​សឹង​គ្រប់​ប្រាសាទ​ទាំងអស់ បាន​រង​ការខូចខាត​ស្ទើរ​គ្មានសល់ ដោយសារ​កត្តា​មួយចំនួន​ ដូចជាកត្តា​សង្គ្រាម កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ​។ សម័យ​សង្គ្រាម​រង​ការទម្លាក់​គ្រាប់បែក ចំណែក​មនុស្ស​បាន​ជីក​កកាយរ​កមាស​នៅក្រោម​គ្រឹះ ប្រាសាទ និង​ធម្មជាតិ ឬ​ស​ឈើ​បាន​ដុះ​ចាក់​ជ្រែក​ថ្ម​ប្រាសាទ បូករួម​នឹង​កង្វះ​ការថែទាំ​ត្រឹមត្រូវ ។​ល​។ ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រាសាទ​នេះ គឺមាន​ការបាក់​បែក​ដោយ​គំនរ​ថ្ម ហើយ​រាល​ហាល ទាំង​៤​ទិស បាន​ដួល​រំលំ និង​ប្រាសាទ​កណ្តាល ក៏​ដួល​រាប​ដល់​ដី​ផងដែរ​។​
 
 
 
​ប្រាសាទបេង​មាលា ជា​បេតិកភណ្ឌ​ជាតិ ដូច្នេះ​ជាការ​ងារ​មួយ​ដ៏​លំបាក​ក្នុងការ​កៀងគរ​ស្ថាប័ន បរទេស​ឲ្យ​ចូលរួម​ជួយ​ជួសជុល​។ ប៉ុន្តែ​នៅ​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៧ ប្រទេស​ចិន ជា​ដៃគូ​ដំបូង​គេ ដែល​បាន​យល់ព្រម សិក្សា​ពី​លទ្ធភាព​នៃ​ការជួសជុល​ប្រាសាទ​មួយ​នេះ​។ យោងតាម​អនុស្សរណៈ​យោគយល់​គ្នា រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​បេតិកភណ្ឌ​ចិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដៃគូ​ទាំងពីរ​ នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​នានា ដើម្បី​ពិនិត្យមើល​ពី​លទ្ធភាព​ការអភិរក្ស និង​ជួសជុល​ប្រាសាទបេង​មាលា នាពេលខាងមុខ​។​
 
​តាម​លោក ឈាន រដ្ឋា គម្រោង​នេះ នឹង​អាច​ប្រើពេល​ដល់​ទៅមួយ​ឆ្នាំកន្លះ ហើយ​ផ្តោត​សំខាន់ លើផ្លូវ​ចូល​ខាងកើត​មុនគេ​។ លោក រដ្ឋា ពន្យល់ថា ប្រាសាទខ្មែរ​ជាទូទៅ ផ្លូវ​ចូល​បែរ​ទៅ​ទិសខាងកើត ហើយ​ចេញ​ទៅវិញ​នៅ​ទិស​ខាងលិច​។ ប៉ុន្តែ​នៅ​បេង​មាលា សព្វថ្ងៃ​កំពុង​ប្រើប្រាស់​ទិស​ខាងត្បូង​សម្រាប់​ចូល និង​ចេញ​ទៅវិញ​នៅ​ទិស​ខាងត្បូង ឬ​ខាងលិច​។ ដូច្នេះ​ដើម្បី​ឲ្យ​ទិសដៅ​ទស្សនា​ស្របទៅនឹង​គោល​គំនិត​របស់​ដូនតា​អ្នក​សាងសង់​ប្រាសាទ គម្រោង​សិក្សា​ជួសជុល​នេះ ផ្តោតលើ​ផ្លូវ​ចូល​ខាងកើត​មុនគេ​។​
 
 
 
ក្នុង​រដូវវស្សា នៅ​ប្រាសាទបេង​មាលា​បាន​ទឹក​ដក់​ច្រើន​កន្លែង ដូច្នេះ​នៅ​ឆ្នាំ​២០១០ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​កំណាយ​មួយកន្លែង និង​បាន​រកឃើញ​ប្រព័ន្ធ​លូ​នៅតាម​សងខាង​ថែវ ហើយ​នៅ​ថ្ងៃ​អនាគត ​គេ​អាច​ស្ដារ​ប្រព័ន្ធ​លូ​នេះ ដើម្បី​ប្រើប្រាស់​ឡើងវិញ​ផងដែរ​។​ ​នៅ​ឆ្នាំ​២០១៦ បានធ្វើ​កំណាយ​ម្តងទៀត​នៅ​ផ្នែក​ខាងជើង ដើម្បី​ដឹង​ពីស​ភាព​គ្រឹះ​នៅ​ផ្លូវ​ចូល ព្រោះ​នៅលើ​ផ្លូវ​នោះ​មានការ​ស្រុត​។ ជា​លទ្ធភាព​រកឃើញថា ប្រព័ន្ធ​បង្ហូរទឹក​នៅ​ចំណុច​នោះ បាន​ស្ទះ​រាប់សិប​ឆ្នាំ​មកហើយ ទើប​ធ្វើ​ឲ្យ​មានទឹក​ដក់ ខូច​ថ្ម គ្រឹះ​ពុកផុយ ស្រុតចុះ បូកផ្សំ​នឹង​ឬ​ស​ដើមឈើ​ចាក់​ជ្រែក ធ្វើ​ឲ្យ​សភាព​គ្រឹះ​​ប្រែប្រួល និង​បង្ក​ឲ្យ​បង្កាន់ដៃ​នាគ​ដួល​រំលំ​ជាដើម​។​
 
​ប្រាសាទបេង​មាលា មិនបាន​បន្សល់ទុក​នូវ​សិលាចារឹក ដែល​បញ្ជាក់​ពី​កាលបរិច្ឆេទ​ឆ្នាំ​សាងសង់​នោះទេ ទើប​វា​នៅតែ​ជា​ចម្ងល់​សម្រាប់​អ្នក​បុរាណវិទ្យា ថា​តើ​រវាង​ប្រាសាទអង្គរវត្ត និង​ប្រាសាទបេង​មាលា​មួយណា​សាងសង់​មុន​។ ភាពដូចគ្នា​នៃ​ប្រាសាទ​នេះ គឺ​ទាក់ទង​នឹង​រចនាប័ទ្ម ក្បាច់ចម្លាក់ ដែល​ស្រដៀង​គ្នាច្រើន ចំណែក​បច្ចេកទេស​សំណង់​ខ្លះ​មាន​ដូច និង​ខុសគ្នា​ផងដែរ​។ ដោយឡែក​ភាពខុសគ្នា គឺ​ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​ពីរ៉ាមីត ឬ​ហៅ​ប្រាសាទភ្នំ ចំណែក​បេង​មាលា សង់​នៅលើ​ដី​រាបស្មើ​។​
 
 
 
​ទោះ​រង​ការខូចខាត និង​ដួល​រំលំ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​ប្រាសាទបេង​មាលា បាន​ទាក់ទាញ​ភ្នែក ភ្ញៀវទេសចរ​ជាច្រើន​ឲ្យ​មក​ទស្សនា ជាពិសេស​ដើមឈើមានម្លប់​ត្រឈឹងត្រឈៃ និង​មាន   ​ឬ​ស​ឈើ​ធំៗ ចាក់​ជ្រែក​ថ្ម​ប្រាសាទ​ដ៏​ទាក់ទាញ មិន​ខុស​អ្វី​ពី​ប្រាសាទតាព្រហ្ម​នោះដែរ​។ តាម​របាយការណ៍ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅ​ប្រាសាទបេង​មាលា ក្នុង​ខែ​ខ្សត់​ភ្ញៀវ មាន​​​ប្រមាណ ​១​ម៉ឺន​នាក់​ក្នុង​មួយខែ ហើយ​ក្នុង​ខែ​សម្បូរ​ភ្ញៀវ មាន​​ជាង ៣​ម៉ឺន​នាក់ ក្នុងនោះ​៩៥ភាគរយ ជា​ទេសចរ​​​​ចិន​។​
 
​សម្រាប់​ការងារ​ជួសជុល តាម​ការវាយតម្លៃ​រប​ស់​អ្នកជំនាញ គេ​អាច​ប្រើពេល​ដល់​ទៅ​៣០​ឆ្នាំ​។ លោក ឈាន រដ្ឋា បាន​បញ្ជាក់ថា ដើម្បី​ដឹង​ច្បាស់​ពី​រយៈពេល គេ​អាច​សាកល្បង​ជួសជុល​នៅ ចំណុច​ណាមួយ ទើប​អាច​ដឹង​ចំនួន​ឆ្នាំ​ក្នុង​ការជួសជុល​ប្រាសាទ​ទាំងមូល​។ លោក​បន្ថែមថា មាន​ជម្រើស​ចំនួន​២ ដែល​កំពុង​ខ្វែងគំនិត​គ្នា​លើ​ការងារ​ជួសជុល​នេះ​។ ទី​១ ការជួសជុល​ត្រូវ​កាប់​ដើមឈើ និង​រុក្ខជាតិ​ចេញពី​ប្រាសាទ​ដើម្បី​ងាយស្រួល​ក្នុងការ​ដំឡើង​ថ្ម និង​រៀប​ថ្ម​ប្រាសាទ និង​ជម្រើស​ទី​២ ត្រូវ​រក្សាទុក​ដើមឈើ​នៅ​ចំណុច​ខ្លះ ដើម្បី​រក្សា​សោ​ភ័​ណភាព ប៉ុន្តែ​លោក រដ្ឋា បារម្ភ​ថា វា​នឹង​មិនអាច​រក្សា​និរន្តរភាព​ប្រាសាទ​បានយូរ​នោះឡើយ​៕
 






Tag:
 បេង​មាលា​
  ឈាន រដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com