បច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឲ្យស្ថានភាពនយោបាយមានស្ថិរភាព។ ដោយ សារយុវជនមានចំណេះដឹង គំនិតថ្មី ពេលវេលាគ្រប់គ្រាន់ និងចំនួនច្រើន ដែលជះឥទ្ធិពលឲ្យអ្នកនយោបាយយកចិត្តទុកដាក់។ ឥទ្ធិពលទាំងនេះកើតចេញពីយុវជនខ្លួនឯងមានសមត្ថភាព អព្យាក្រឹត គិតស៊ីជម្រៅ និងហ៊ានបញ្ចេញមតិទាមទារនូវអ្វីដែលយុជនចង់បាន និងធ្វើការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការចូលរួមសកម្មភាពសង្គម និងការបោះឆ្នោត។
លោក រិន ច័ន្ទរិទ្ធិ យុវជនម្នាក់ដែលបានចូលរួមការងារសង្គម និងនយោបាយច្រើនឆ្នាំមកហើយនោះ យល់ថា យុវជនត្រូវមានការគិតឲ្យស៊ីជម្រៅ និងកុំងាយជឿព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់នោះទេ។ លោកបន្តថា យុវជនចង់ធ្វើអ្វី នឹងព្យាយាមធ្វើទាល់តែបានសម្រេច។ ក្នុងន័យនេះ បើយុវជនដើរផ្លូវខុស ចាប់ផ្តើមទៅរកភាពវឹកវរ។ លោក ច័ន្ទរិទ្ធ ថ្លែងបន្ថែមដូច្នេះថា៖«ការចូលរួមរបស់យុវជនពិតជាសំខាន់ ប៉ុន្តែបើយុវជនចូលរួមដោយខ្វះការពិចារណា គ្មានការយល់ដឹង ជឿតាមគ្នា និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន វាផ្តល់ផលអវិជ្ជាមានចំពោះសង្គម» ។
លោក ច័ន្ទរឹទ្ធ មើលឃើញថាយុវជនខ្លះ ដែលចូលរួមជាមួយគណបក្សប្រឆាំង មានគំនិតទុទ្ទិដ្ឋិនិយម ចំពោះដ្ឋាភិបាល និងមិនបានថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ធ្លាក់ខ្លួនចូលគំនិតមួយ ទៅក្នុងក្រុមជ្រុលនិយម។ ចំណែកក្រុមយុវជនខ្លះទៀត មើលឃើញតែភាពវិជ្ជមាន ទៅជាលម្អៀង ដើម្បីតំណែង និងតួនាទី បានធ្វើយុវជនព្យាយាម និយាយល្អផ្គាប់ចិត្តអ្នកមានអំណាច។ សម្រាប់ លោក ច័ន្ទរិទ្ធ បញ្ហានេះហើយ ធ្វើឲ្យអ្នកនយោបាយជិះសេះលែងដៃ និងបំភ្លេចចោលអំពើអយុត្តិធម៌សង្គមដែលកំពុងកើតឡើង ហើយមនុស្សទន់ខ្សោយ នៅតែទទួលរងនូវអំពើអយុត្តិធម៌។
ដូច្នេះយុវជនត្រូវធ្វើខ្លួនឲ្យអព្យាក្រឹត ក្នុងការវាយតម្លៃព្រឹត្តិការណ៍ ឃើញទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន និងមិនត្រូវធ្វើខ្លួនឯងឲ្យធ្លាក់ខ្លួន ទៅជាឧបករណ៍របស់អ្នកនយោបាយនោះទេ។ លោក បន្តទៀតថា យុវជនត្រូវធ្វើខ្លួនឯង ជាអ្នកតស៊ូមតិដើម្បីសច្ចៈភាព និងតម្លាភាពក្នុងសង្គម។
យុវជនម្នាក់ទៀត គឹ លោក ម៉ៅ គង្គា។ សម្រាប់ យុវជនរូបនេះ យល់ថា យុវជនត្រូវចោទសួរខ្លួនឯងសិន មុននឹងចូលរួមក្នុងសកម្មភាពនយោបាយ។ សំណួរដែលត្រូវសួរនោះ ថាតើពួកគេចង់ឃើញសង្គមជាតិរបស់ខ្លួនក្នុងរូបភាពបែបណា? តើពួកគេចង់ឲ្យសង្គមអភិវឌ្ឍន៍ដោយវិជ្ជមានឬទេ? ប្រសិនបើចង់ត្រូវចូលរួមតាមដានការវិវត្តិនៃនយោបាយក្នុងប្រទេស។ ប៉ុន្តែបើយុវជនខ្លួនឯងមិនចង់ឲ្យមានការអភិវឌ្ឍន៍ដោយការផ្លាស់ប្តូរជាវិជ្ជមានទេ នោះសង្គមមួយនេះ នៅតែបែបនេះ។ នេះបើតាមលោក គង្គា ដែលបន្ថែមដូច្នេះថា៖«ប្រសិនបើយុវជននៅតែខ្លាចនោះ យុវជននឹងមិនទទួលបានអ្វីដែលខ្លួនឯងចង់បាននោះទេ ហើយរាជរដ្ឋាភិបាល ឬបណ្តាអង្គការផ្សេងៗ ក៏មិនដឹងថាយុវជនចង់បានអ្វីដែរ»។
លោក ម៉ៅ គង្គា បានផ្តល់យោបល់ថា យុវជនត្រូវមានភាពក្លាហានក្នុងការបញ្ចេញមតិ និងលើកឡើងពីអ្វីដែលខ្លួនចង់បាន តាមរយៈការធ្វើសកម្មភាពស្របច្បាប់ផ្សេងៗនៅក្នុងផ្លូវវិជ្ជមាន។ ប៉ុន្តែយុវជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមដែរនោះ បន្តទៀតថា មតិយោបល់ទាំងនោះ ត្រូវតែមានសីលធម៌ ហើយក៏ត្រូវផ្សព្វផ្សាយមតិយោបល់ទាំងនោះឲ្យទូលាយ លើប្រព័ន្ធផ្សព្វផ្សាយនានា។ លោក គង្គា បានលើកឧទាហរណ៍ពីកម្មវិធីជជែកពិភាក្សាមួយ ដែលមានយុវជនច្រើនចូលរួម ហើយបានលើកឡើងពីទស្សនៈផ្សេងគ្នារបស់យុវជននឹងត្រូវបានលើកឡើងទាំងបញ្ហា និងដំណោះស្រាយ លើបញ្ហានយោបាយសេដ្ឋកិច្ច បរិស្ថាន និងបញ្ហាសង្គមជាដើម។ ទស្សនៈខុសគ្នានេះហើយ ដែលផ្តល់ជាគំនិតថ្មីៗទៅដល់រាជរដ្ឋាភិបាលយកទៅពិចារណា។
លោក ឆាំ ប៊ុនថេត បានលើកឡើងថា ដើម្បីឲ្យការចូលរួមរបស់យុវជន ក្លាយជាប្រយោជន៍នៃស្ថិរភាពនយោបាយ យុវជនត្រូវចូលរួមតាមរយៈគំនិតថ្មីៗ យុវជនត្រូវមានចក្ខុវិស័យថ្មី និងពិភាក្សាគ្នាឲ្យផុសផុលពីគំនិត និងចក្ខុវិស័យទាំងនោះ។ ផ្ទុយទៅវិញ មិនមែនជាការចូលរួមប្រមាថ និងគិតថាក្រុមផ្សេងអន់ជាងខ្លួននោះទេ យុវជនត្រូវវធ្វើអ្វីដែលជាប្រយោជន៍រួម ហើយគំនិតរបស់ខ្លួន អាចនឹងមានឥទ្ធិពលល្អ ដែលអាចឲ្យគេយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ជីវិត។
ទោះជាយ៉ាងនេះក្តី សាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍មគ្គុទេ្ទសក៍រូបនេះ កត់សម្គាល់ថា សកម្មភាពរបស់យុវជនដែលមានហេតុផល និងមានការយល់ដឹងគ្រប់គ្រាន់ ដែលចូលរួមធ្វើឲ្យមានស្ថិរភាពនយោបាយ នាពេលបច្ចុប្បន្ន នៅមានតិចតួចនៅឡើយ។ លោកសាស្ត្រាចារ្យ ឆាំ ប៊ុនថេត មើលឃើញថា ការចូលរួមយុវជនមួយចំនួន ជាការចូលរួមតាមគ្នា និងមិនបានស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការួបរួមជាតិ និងសេចក្តីថ្លៃថ្នូរនោះឡើយព្រោះមានការលាបពណ៌គ្នា ជេរគ្នា និងការប្រើពាក្យពេចន៍គំរាមជាដើម។ សម្រាប់លោក ប៊ុនថេត ការចូលរួមបែបនេះ មិនបានធ្វើឲ្យមានស្ថិរភាពនយោបាយនោះទេ។
បញ្ហានេះ គឺកើតចេញពីយុវជនស្តាប់ ហើយជឿតាម ដោយគ្មានការត្រឹះរិះ ពិចារណា និងគ្មានការយល់ដឹងពីមូលដ្ឋានសង្គម ចរឹតមនុស្ស។ បញ្ហាមួយទៀត មកយុវជនធ្វើតាមអារម្មរណ៍ ពោលគឺអារម្មរណ៍ថាត្រូវគឺត្រូវ ប៉ុន្តែបើអារម្មរណ៍ថាខុស ចាត់ទុកអ្នកនោះគឺជាសត្រូវ ដោយសារខ្វះការឲ្យតម្លៃភាពខុសគ្នា និងមិនទទួលលយកការរិះគន់ពីក្រុមដទៃ។ សាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្ររូបនេះគិតថា បើយុវជននៅតែបន្តលាបពណ៌គ្នា និងធ្វើជាឧបករណ៍របស់អ្នកនយោបាយនោះ សង្គមនេះ នឹងចាប់ផ្តើមបែកបាក់បន្តិចម្តងៗ ៕