ជាតិ
សង្គមជាតិ
កូន​ខុសត្រូវ​ពិន័យ តែបើ​សន្យាអ្វីមួយ​ជាមួយ​កូន​ត្រូវតែ​ធ្វើតាម​ការសន្យា​
15, Apr 2018 , 9:19 am        
រូបភាព
ដោយ: ធីតា
ការអប់រំ​កូន​មិនមែនជា​រឿង​ងាយស្រួល​ទេ យើង​ត្រូវមាន​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ទូន្មាន​ប្រៀនប្រដៅ​កូន​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ត្រួសៗ​ក្នុងការ​អប់រំ​កូន​៖



១. ត្រូវធ្វើ​អ្វីដែល​អ្នក​បាន​និយាយ ហើយ​កុំ​និយាយ​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន​
​បើ​អ្នក​ដាក់ពិន័យ​កូន​ឲ្យ​ចម្លង​អត្ថបទ ១០០ ចប់ ត្រូវតែ​ឲ្យ​កូនសរ​សេរ​ឲ្យ​បាន​គ្រប់​ចំនួន​។ សូមកុំ​ទទួលយក​អត្ថបទ ២០ ចប់​ឲ្យ​សោះ​។​

២. ត្រូវមាន​គោលជំហរ​រឹងមាំ​ជាង​កូន​
​បើ​អ្នក​និយាយថា​«​ទេ​» មិនត្រូវ​ផ្លាស់ប្តូរ​គំនិត​ឡើយ ទោះជា​កូន​ស្រែកយំ​យ៉ាងណាក៏ដោយ ព្រោះ​ថាបើ​អ្នក​ចុះចាញ់ កូន​នឹង​រឹតតែ​ប្រកាន់យក​ចរិត​រឹងរូស​នេះ​ថែមទៀត​។​

៣. ត្រូវ​ចេះ​សរសើរ និង​លើកទឹកចិត្ត​ចំពោះ​ទង្វើ​ល្អ​របស់​កូន​។​
​ត្រូវ​ចេះ​ថ្លឹងថ្លែង ក្រៅពី​ការស្តីបន្ទោស ត្រូវ​លើក​ពី​ចំណុច​ល្អ​មក​សរសើរ​កូន​ផងដែរ​។​

៤. ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន​ឲ្យ​បាន​ច្រើន​
​ក្រៅពី​ការដាក់វិន័យ និង​ទណ្ឌកម្ម អ្នក​គួរតែ​ចំណាយពេល​នៅ​ជាមួយ​កូន​ផងដែរ​។ ត្រូវ​ផ្តល់​ការចាប់អារម្មណ៍​ចំពោះ​អ្វីដែល​កូន​ធ្វើ ហើយ​បង្ហាញ​ឲ្យ​កូន​ឃើញថា អ្នក​ស្រឡាញ់​រូបគេ​។ នេះ​ជា​វិធី​ល្អ​បំផុត ដើម្បី​ឲ្យ​កូន​យល់ និង​ទទួលយក​ច្បាប់​វិន័យ​របស់​អ្នក​។

៥. ដាក់ពិន័យ​ភ្លាមៗ កុំ​រង់ចាំ​យូរ​
​ការដាក់ពិន័យ​យូរថ្ងៃ​ក្រោយ​ការប្រព្រឹត្ត​ខុស មិនសូវមាន​ប្រសិទ្ធភាព​ចំពោះ​ក្មេង​ឡើយ​។

៦. ការសម្រេចចិត្ត​ស្ថិតនៅលើ​អ្នក​
​អ្នក​ត្រូវធ្វើ​ការសម្រេច​ណាមួយ​ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កូន បន្ទាប់ពី​បាន​ស្តាប់​យោបល់​កូន​។​

៧. បង្រៀន​ឲ្យ​កូន​ចេះ​ផ្តល់​តម្លៃ​ចំពោះ​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន​
​ដើម្បី​ឲ្យ​កូន​ជៀស​ផុតពី​ភាព​អាត្មានិយម ការ​ច្រណែន និង​ការ​មើលងាយ​ជាដើម អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ចេះ​ផ្តល់​តម្លៃ​ចំពោះ​ការគោរព​អ្នកដទៃ ការអត់ធ្មត់ ការអត់ឱន​។​ល​។​

៨. កុំ​ទម្រើសកូន តាមរយៈ​សម្ភារ​
​សុំ​កុំ​ឲ្យ​កូន​មាន​ទម្លាប់​នឹង​ការទទួលបាន​កាដូ​ងាយៗ​ដូចជា សម្លៀកបំពាក់​ថ្មី ឬ​ការ​នាំទៅ​បរិភោគ​អាហារ​ខាងក្រៅ​ផ្ទះ ដោយ​មិនបាច់​ធ្វើការ​ដោះដូរ​អ្វី​នោះ​។​

៩. ផ្តល់​អាទិភាព​ទៅលើ​ការខិតខំ​ប្រឹងប្រែង ជាជាង​លើ​លទ្ធផល​
​ក្មេង​ខ្លះ​អាច​ខំប្រឹងប្រែង​ខ្លាំង ប៉ុន្តែ​នៅតែ​មិនបាន​លទ្ធផល​ល្អ ចំណែក​ក្មេង​ខ្លះទៀត​មិនបាន​ខំប្រឹង​អ្វី​សោះ តែ​បែរជា​បាន​ជោគជ័យ​ទៅវិញ​។​

១០. ជៀសវាង​វត្តមាន​ល្បែង​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​បន្ទប់​
​ល្បែង​ប្រភេទ​នេះ​ធ្វើ​ឲ្យ​កេ្ម​ង​ឯកោ ហើយ​ក្មេង​មិនបាន​ចំណាយពេល​ទៅ​ការសិក្សា​។​

១១. កុំ​ធ្វើ​អ្វី​ជំនួស​កូន ត្រូវ​បង្រៀន​ឲ្យ​គេ​ចេះ​ម្ចាស់ការ​លើ​ខ្លួនឯង​
​ត្រូវ​បង្រៀន​កូន​ឲ្យ​សកម្ម និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​នូវ​អ្វីដែល​គេ​ចង់បាន​។ អ្នក​អាច​ទុក​ឲ្យ​កូន​ជួប​រឿង​បរាជ័យ រួច​ចាប់ផ្តើម​ក្រោកឈរ​សារជាថ្មី​បាន ដើម្បី​ឲ្យ​គេ​រឹងមាំ​។​

១២. កុំ​ដាក់​បញ្ជា​ហាមឃាត់​ដាច់ខាត​ខ្លាំងពេក​
​បើ​អ្នក​ហាម​កូន​កុំ​ឲ្យ​ស្រែក ដោយ​យក​ហេតុផល​ថា អ្នក​មិន​ចូលចិត្ត​សំឡេង​រំខាន កូន​រឹតតែ​ស្រែក​ខ្លាំង​ឡើង​។​

១៣. ធ្វើ​កិច្ចសន្យា​ជាមួយ​កូន (​កូន​មាន​អាយុ​យ៉ាងតិច ៨ ឆ្នាំ​)
​ធ្វើបញ្ជី​មួយ​រៀបរាប់​ពីអ្វី​ដែល​អ្នក​ចង់​ឲ្យ​កូន​ធ្វើ អ្វីដែល​អ្នក​មិន​ចូលចិត្ត រួច​ឲ្យ​កូន​ធ្វើបញ្ជី​មួយ​ដូចគ្នា​ដែរ​។ បន្ទាប់មក ម្នាក់ៗ​ចាប់ផ្តើម​ចរចា​ជាមួយគ្នា ដោយ​ដាក់​លក្ខខណ្ឌ​ផ្សេងៗ​។ ជួនកាល វត្តមាន​ភាគី​ទី​បី​ក៏​អាចមាន​ប្រយោជន៍​ក្នុង​ការចរចា​នេះដែរ​៕

​ប្រែ​សម្រួល និង​ដកស្រង់​ពី​គេហទំព័រ www.dobi.be



Tag:
 អប់រំ
  កូន
© រក្សាសិទ្ធិដោយ thmeythmey.com