បទវិភាគ
បុគ្គលិក​ខ្មែរ​ខ្លះ​ខ្លាច​មេ​ជា​ជនជាតិ​បរទេស ជាង​មេ​ជា​ជនជាតិខ្មែរ​គ្នាឯង​…​ហេតុអ្វី​?
19, Sep 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ទោះបី​ជនជាតិខ្មែរ​មាន​សមត្ថភាព​ស្មើ ឬ​ពូកែ​ជាង​ជនជាតិ​បរទេស​ក៏ដោយ ក៏​ជនជាតិខ្មែរ​មួយចំនួន​នៅតែ​គិតថា ជនជាតិខ្មែរ​មិនសូវ​ពូកែ​ដូច​ជនជាតិ​បរទេស​ឡើយ​។ តើ​ការយល់ឃើញ​នេះ​ត្រឹមត្រូវ​ឬទេ​? តើ​មូល​ហេតុអ្វី​បានជា​ខ្មែរ​គិត​យ៉ាង​ដូច្នេះ​?

 
​ជាការ​ពិត ពលរដ្ឋ​ខ្មែរ​មួយចំនួន​(​មិនតិច​ប៉ុន្មាន​ឡើយ​)​យល់ឃើញថា ជនជាតិ​បរទេស​ពូកែ​ជាង​ជនជាតិខ្មែរ បើទោះបីជា​ចំណេះដឹង​ជនជាតិខ្មែរ និង​បរទេស​បរទេស​នោះ​ស្មើគ្នា​ក៏ដោយ​។ ប្រសិនបើ​ពួកគេ​ធ្វើការ​ជាមួយគ្នា​វិញ បុគ្គលិក​ខ្មែរ​តូចតាច​ពិតជា​គោរព​ជនជាតិ​បរទេស​ជាង​គោរព​អ្នកជំនាញ​ខ្មែរ​នោះ​ហើយ​។ ហេតុអ្វី​? 
 
​នេះ គឺជា​រឿង​ប្រវត្តិសាស្ត្រ​មួយផ្នែក និង​ជា​រឿង​ទម្លាប់​មួយផ្នែក​។ រឿង​ប្រវត្តិសាស្ត្រ ព្រោះ​ខ្មែរ​ធ្លាប់​រស់នៅ​ក្រោម​អាណានិគម​បរទេស ជាពិសេស បារាំង​ជិត​១សតវត្សរ៍​។ បន្ត​បន្ទាប់មក ខ្មែរ​ស្ថិតនៅក្រោម​ឥទ្ធិពល​មនោគមន៍វិជ្ជា និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជឿនលឿន​(​លោកខាងលិច​)​ជាច្រើន​ទសវត្ស​រ៍ដែរ​។ ឥទ្ធិពល​អំណាច​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​នេះ បានធ្វើ​ឲ្យ​ខ្មែរ​មួយចំនួនធំ​គិតថា បរទេស​ល្អ​ជាង​ខ្មែរ បរទេស​ពូកែ​ជាង​ខ្មែរ​។ 
 
​រឿង​មួយទៀត​ដែល​មិនមែនជា​រឿង​មនោគមន៍វិជ្ជា​អ្វី​ឡើយ តែ​វា​ជា​រឿង​ទម្លាប់​សុទ្ធសាធ​នោះ គឺថា ខ្មែរ​មិនសូវ​ឲ្យ​តម្លៃ​គ្នាឯង និង​ចូលចិត្ត​គោរព​ជនជាតិ​បរទេស​។ នេះ គឺជា​រឿង​ចរិត និង​ទម្លាប់​ខ្មែរ​សុទ្ធសាធ​។ នៅក្នុង​ក្រុមហ៊ុន​មួយ ប្រសិនបើ​មេដឹកនាំ​ជា​ជនជាតិខ្មែរ កូនចៅ​ដែលជា​ជនជាតិខ្មែរ​ដូចគ្នា មិនសូវ​គោរព និង​ឲ្យ​តម្លៃ​មេ​ខ្មែរ​គ្នាឯង​ទេ​។ តែបើ​មេដឹកនាំ​ជា​ជនបរទេស​វិញ កូនចៅ​ជា​ជនជាតិខ្មែរ​ត្រង់​ជើង​តែម្តង​។ ខ្លាច​គេ គោរព​គេ កោតសរសើរ​គេ​មិន​ដាច់​ពី​មាត់​។ តើ​ហេតុអ្វី​បានជា​កូនចៅ និង​មេ​និយាយ​ភាសា​ដូចគ្នា​មិន​ឲ្យ​តម្លៃ​គ្នា ហើយ​បែរជា​ទៅ​ឲ្យ​តម្លៃ​បរទេស​ទៅវិញ​? 
 
​នេះ គឺជា​សំណួរ​ដែល​មនុស្ស​ភាគច្រើន​ចេះតែ​ចោទសួរ រីឯ​ចម្លើយ​ពិតប្រាកដ​វិញ គេ​ពិបាក​រក​ឲ្យ​ឃើញ​ណាស់​។ អ្នកខ្លះ​ឆ្លើយ​យ៉ាងខ្លី​ថា​៖«​ខ្មែរ​ចូលចិត្ត​ឲ្យ​បរទេស​ត្រួត​»​។ អ្នកខ្លះ​ទៀតថា​៖«​ខ្មែរ​ចូលចិត្ត​រូបភាព​បរទេស និង​ខ្លាច​ឥទ្ធិពល​បរទេស​»​។  តើ​ខ្មែរ​នៅតែ​ចង់​ឲ្យ​បរទេស​ដឹកមុខ​ទៀត​ឬ​? តើ​ខ្មែរ​គួរតែ​អាច​ងើបឈរ​ឲ្យ​ស្មើរ​មុខស្មើ​រមាត់​ជាមួយ​បរទេស​បាន​ឬទេ​? ចម្លើយ គឺថា «​បាន​»​។ ធ្វើ​«​បាន​»​លុះត្រា​ណា​តែ​ខ្មែរ​ទាំងអស់​ចាប់ផ្តើម​គិតថា ខ្មែរ​គ្នាឯង​ក៏​ពូកែ​ដែរ មិនមែន​មានតែ​បរទេស​ទេ ដែល​ពូកែ​នោះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com