ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី គោរពលោក ម៉ម សូណង់ដូ ដែលឈរលើឆន្ទៈផ្ទាល់ខ្លួន
× ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសើរលោម ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ថាមិនព្រមលក់ឧត្តមគតិ ឲ្យអ្នកដទៃ។ លោក សម រង្ស៊ី សរសើរលោក ម៉ម សូណង់ ដូច្នេះ តាមរយៈសារលើបណ្តាញសង្គម Twitter ពីក្រៅប្រទេស។
ការសរសើរបស់លោក សម រង្ស៊ី គឺធ្វើឡើងក្រោយលោក ម៉ម សូណង់ដូ ប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសំបុកសង្គមប្រជាធិបតេយ្យ កាលពីប៉ុន្មានថ្ងៃមុន។ លោក សម រង្ស៊ី បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖«ខ្ញុំសូមគោរព លោក ម៉ម សូណង់ដូ ដែលស្ថិតក្នុងចំណោមអ្នកនយោបាយកម្ពុជាដ៏តិចតួច ដែលឈរលើឆន្ទៈផ្ទាល់ខ្លួន និងមិនលក់ខ្លួន […..]»។
លោក ម៉ម សូណង់ដូ បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២0១៧។ ការទទួលបានលទ្ធផលមិនល្អ ពីការបោះឆ្នោត គឺជាហេតុផល ដែលលោក ម៉ម សូណង់ដូ សម្រេចចិត្តបោះបង់តំណែងជាប្រធានគណបក្ស។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយលាលែងពីតំណែងជាប្រធានគណបក្ស លោក ម៉ម សូណង់ដូ បាននិយាយយ៉ាងដូច្នេះ៖«បើប្រជាពលរដ្ឋ មិនគាំទ្រ តើឲ្យខ្ញុំនៅធ្វើអ្វីទៀត?»។
លោក ម៉ម សូណង់ដូ ដែលជាម្ចាស់វិទ្យុសំបុកឃ្មុំ បានចេញមុខគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងពេញទំហឹង កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៥ ក្នុងឆ្នាំ២0១៣។ ព្រោះតែអស់ជំនឿលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក ម៉ម សូណង់ ក៏បានបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដោយខ្លួនឯង ក្នុងអំឡុងឆ្នាំ២0១៥ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណតិ្តទី៤ ក្នុងឆ្នាំ២0១៧នេះ ដែរ។ ជាលទ្ធផល បេក្ខជនតែម្នាក់គត់ ពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ធ្លាប់មានឈ្មោះម្តងរួចទៅហើយ ហើយក៏ធ្លាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែរ កាលពីឆ្នាំ១៩៩៨។ ប៉ុន្តែ ដោយសារមិនបានទទួលអាសនៈក្នុងរដ្ឋសភា គណបក្សនេះ ក៏ត្រូវបានរំសាយចោល ចាប់តាំងពីពេលនោះមក។ រហូតដល់ឆ្នាំ២0១៥ លោក ម៉ម សូណង់ដូ ក៏បានបង្កើតនិងរៀបចំរចនាសម្ព័ន្ធនៃគណបក្សនេះ ឡើងវិញ៕
Tag:
សម រង្ស៊ី
ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com