រថយន្ត
រថយន្ត​ស្វយ័ត​ធ្វើដំណើរ​ពី​អាមេរិក​ដល់​កាណាដា ដោយ​គ្មាន​អ្នកបើក​
07, Aug 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​រថយន្ត​ស្វយ័ត​២​គ្រឿង បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​រវាង​សហរដ្ឋអាមេរិក និង​កាណាដា ជា​លើកដំបូង ដោយ​គ្មាន​អ្នកបើកបរ លើ​ចម្ងាយ​ផ្លូវ​៥០០​គីឡូម៉ែត្រ​។ នេះ​បើតាម​ការផ្សាយ​សារព័ត៌មាន​យានយន្ត Auto Plus​។​



​ក្រុមហ៊ុន​ផលិត​គ្រឿង​យានយន្ត​អាមេរិក Continental និង Magna International កាលពី​ចុងខែ​កក្កដា កន្លងមក បាន​ជោគជ័យ​លើ​ការដាក់​ដំណើរការ​សាកល្បង​រថ​យន្ត​ស្វយ័ត​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដោយ​មិនចាំបាច់​មាន​អ្នកបើកបរ​។ រថយន្ត​ពីរ​គ្រឿង បានធ្វើ​ដំណើរ​ទៅវិញទៅមក​លើ​ចម្ងាយ​ផ្លូវ​៥០០​គីឡូម៉ែត្រ រវាង​រដ្ឋ Michigan របស់​អាមេរិក និង​រដ្ឋ Ontario របស់​កាណាដា​។​

​ការដាក់​សាកល្បង​រថ​យន្ត​ដោយ​គ្មាន​អ្នកបើក ក្នុង​ដំណើរ​ឆ្លងកាត់​ព្រំដែន​នេះ ក្នុង​គោលបំណង​សិក្សា​ពី​ឧបសគ្គ និង​បរិស្ថាន​នានា​ដើម្បី​កែលម្អ​គម្រោង​រថយន្ត​ស្វយ័ត​។ រថយន្ត ពីរ គ្រឿង ដែល​ត្រូវ​បានដាក់​ដំណើរការ​ជា​លើកដំបូង​នោះ មាន​រថយន្ត Chrysler 300C និង Cadillac ATS​។​

​ជាមួយនឹង​បច្ចេកវិទ្យា «Cruising Chauffeur» ក្រុមហ៊ុន Continental International បាន​បំពាក់​នូវ​ប្រព័ន្ធ​រ៉ា​ដា ដើម្បី​គ្រប់​លើ​ដំណើរការ​យានយន្ត ជាពិសេស អាច​ដឹង​ពី​ឧបសគ្គ​ផ្សេងៗ ដោយ​រថយន្ត​ត្រូវ​ឈប់ ឬ​ត្រូវ​ជៀសវាង​នៅពេល​ធ្វើដំណើរ​។

​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ Michigan និង Ontario នេះ ក្នុង​គោលបំណង​ស្វែងយល់​បន្ថែម​ពី​ច្បាប់​បើកបរ​នៃ​ប្រទេស​នីមួយៗ ហើយ​រថយន្ត​ស្វយ័ត​នីមួយៗ ត្រូវ​សម្រប​តាម​ទីតាំង​ដែល​ខ្លួន​ទៅដល់ មិន​ថា លើ​ស្ពាន ផ្លូវ​ក្រោម​ដី ឬ​លើទឹក​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គម្រោង​រថយន្ត​ស្វយ័ត​អាច​ដំណើរការ​ទៅបាន​អាស្រ័យ​លើ​ឆ​ន្ទះ​របស់​រដ្ឋាភិបាល ឬ​រដ្ឋ​នីមួយៗ​ប៉ុណ្ណោះ​។ ប្រសិនបើ​មិនមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​ទេនោះ គេ​មិនអាច​គ្រប់គ្រង​លើ​ដំណើរការ​រថយន្ត​ស្វយ័ត​បាន​នោះឡើយ​៕


Tag:
 ​រថយន្ត​ស្វយ័ត
© រក្សាសិទ្ធិដោយ thmeythmey.com