ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
នៅ​ក្មេង​ចូលចិត្ត​បិត​តែម​លេង​សោះ​ឥឡូវ​លោក ណា​រិ​ទ្ធ បើកហាង​បិត​តែម រកចំនូលបាន​រាប់ពាន់​ដុល្លារ​
07, Aug 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក សុ​ផា ណា​រិ​ទ្ធ ម្ចាស់​ហាង Zoom Sticker បាន​អះអាងថា កាល​លោក​នៅ​ក្មេង លោក​មាន​ចំណង់​ចំណូលចិត្ត​លេង​បិត​តែម​ម៉ូតូ ឬ​ទូរសព្ទដៃ គ្រាន់តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដល់ពេល​ធំ​ដឹងក្តី លោក​ក៏បាន​ទៅ​រៀន​បិត​តែម​ពី​ម្ចាស់​ហាង​មួយ ដើម្បី​ក្រេប​យកចំណេះ​ទាំងនេះ មក​បើកហាង​រកស៊ី​ដោយ​ខ្លួនឯង​។ ទីបំផុត​បំណងប្រាថ្នា​របស់លោក ក៏បាន​សម្រេច​។ បច្ចុប្បន្ន​អាជីវកម្ម​របស់លោក កាន់តែ​រីកចម្រើន រហូត​មួយខែ លោក​អាច​រកចំណូលបាន​រាប់ពាន់​ដុល្លារ​អាមេរិក​។

    
            

​លោក សុ​ផា ណា​រិ​ទ្ធ បាន​កែប្រែ​ចំណង់​ចំណូលចិត្ត​ពី​ក្មេងៗ ដែល​ចូលចិត្ត​លេង​បិត​ស្កុ​ត ឬ​តែម​ទៅលើ​ឧបករណ៍​ផ្សេងៗ​ដូចជា ទូរ​សព្ទ​ដៃ ឬ​ម៉ូតូ​ជាដើម ទៅជា​បើកហាង​បិត​តែម​មួយ​នៅក្បែរ​វិទ្យាល័យ​ទួល​ទំពូង ដែល​អាច​រកចំណូលបាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែ​។ លោក​និយាយថា​៖«​ពីមុន ខ្ញុំ​ចូលចិត្ត​បិត​ទូរ​សព្ទ​លេង ចូលចិត្ត​បិត​ម៉ូតូ​លេង​តិចៗ តែ​មិនមែន​ជំនាញ​អី​ទេ​។ ដល់ពេល​មួយ ខ្ញុំ​មើលឃើញថា​ល្អ ក៏រ​ត់ទៅ​រៀន​នៅ​ហាង​ផ្សេង ដែល​គេ​បើកហាង​បិត​តែម​ហ្នឹង​ដែរ​។ ក្រៅពី​រៀន​បិត​តែម ឬ​កាត់​តែម ខ្ញុំ​មាន​ជំនាញ​ឌី​ស្សាញ​ខ្លះៗ​ហើយ​។ ពេល​រៀន​រួច ខ្ញុំ​ចង់​បើកហាង​ខ្លួនឯង​»​។



​ខណៈ​ម៉ូតូ​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​កើនឡើង​រហូតដល់ ៣,៣ លាន​គ្រឿង និង​រថយន្ត​មាន​ចំនួន​៥​សែន​គ្រឿង គេ​សង្កេតឃើញថា អាជីវកម្ម​បិត​តែម​ម៉ូតូ​ឡាន ត្រូវបាន​គេ​បង្កើត​ព្រោងព្រាត​ផងដែរ ដើម្បី​បំពេញតម្រូវការ​នៃ​កំណើន​យានយន្ត​។      

​លោក សុ​ផា ណា​រិ​ទ្ធ ម្ចាស់​ហាង​បិត​តែម Zoom Sticker ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​១០​នាក់​ហើយ​នោះ បាន​និយាយថា តម្លៃបិត​តែម​ឡាន​មួយគ្រឿង សម្រាប់​ប្រភេទ​ការពារ​ឆូត មានតម្លៃ​ចាប់ពី​២០០​ដុល្លារ ទៅ​១,៥០០​ដុល្លារ​។ ចំណែក​កញ្ចក់​ការពារ​ពន្លឺព្រះអាទិត្យ​មានតម្លៃ​ចាប់ពី​៦០​ដុល្លារ ទៅ​៤០០​ដុល្លារ​។ រីឯ​ប្រាក់ចំណូល​វិញ ត្រូវបាន​បុរស​មាឌ​ដំបង​រូបនេះ បង្ហើប​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ក្នុង​មួយថ្ងៃ ខ្ញុំ​អាច​រកប្រាក់​ចូល​ហាង បាន​ពី​៣០០​ដុល្លារ ទៅ​៥០០​ដុល្លារ ឬ​ដល់​១០០០​ដុល្លារ​» ។ 
   
​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក សុ​ផា ណា​រិ​ទ្ធ ដូចតទៅ​៖           















Tag:
 បិត​តែម​
 ​ សុ​ផា ណា​រិ​ទ្ធ​
 ​ រថយន្ត​
 ​ ម៉ូតូ​
© រក្សាសិទ្ធិដោយ thmeythmey.com