ជាតិ
អ្នករាយការណ៍​ពិសេស UN ជួបពិភាក្សា​ជាមួយ​លោក កែវ រ៉េមី​
08, Aug 2017 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២0១៧​នេះ​។ ខណៈ​នេះ អ្នកស្រី រួមទាំង​ក្រុមការងារ កំពុងមាន​ជំនួប​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មន​ស្ស​កម្ពុជា​។



​ក្រៅពី​សមាជិក​រដ្ឋាភិបាល អ្នកស្រី រ៉ូ​ណា ស្មី​ត ក៏មាន​ជំនួប​ជាមួយ​ភាគី​ផ្សេងទៀត​ដែរ ដូចជា ក្រុម​សង្គម​ស៊ីវិល ជាដើម​។



​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លើក​នេះ អ្នកស្រី រ៉ូ​ណា ស្មី​ត នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​កុមារ​។ អ្នកស្រី លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​ការបំពេញ​ទស្សនកិច្ច​មក​កម្ពុជា យ៉ាង​ដូច្នេះ​«​នៅក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ ខ្ញុំ​នឹង​ផ្តោតលើ​សិទ្ធិ​កុមារ ជា​ផ្នែក​មួយ​នៃ​ការងារ ដែល​ខ្ញុំ​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការរើសអើង និង​ក្រុម​ដែល​ងាយ​រងគ្រោះ​។ ខ្ញុំ​មានបំណង​ឈ្វេងយល់​ជាពិសេស​អំពី​ការជួញដូរ​និង​ការកេងប្រវ័ញ្ច​លើ​កុមារ រួមទាំង​គោលជំហរ​ក្នុងការ​មើលថែ​កុមារ​»​។​

​នេះ​ជា​លើក​ទី​៤​ហើយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត មកកាន់​កម្ពុជា​។ អ្នកស្រី រ៉ូ​ណា ស្មី​ត ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ខែ​មិនា ឆ្នាំ​២0១៥៕


Tag:
 រ៉ូ​ណា ស្មី​ត​
  កែវ រ៉េមី​
  សិទ្ធិមនុស្ស​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com