ជាតិ
បន្ទប់​ស្ថានការណ៍​អាច​បន្តសកម្មភាព​បាន​ទៀត ឬ​យ៉ាងណា​? រដ្ឋាភិបាល​កំពុង​ពិចារណា​
08, Aug 2017 , 5:20 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កំពុងតែ​ពិចារណា​ថា គួរ​អនុ​ញ្ញា​ឲ្យ​បន្ទប់​ស្ថានការណ៍ បន្តសកម្មភាព​ទៅមុខទៀត រហូតដល់​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ ឬក៏​បញ្ជា​ឲ្យ​បញ្ឈប់​។ សមាជិក​មួយរូប​នៃ​បន្ទប់​ស្ថានការណ៍ អះអាងថា បន្ទប់​ស្ថានការណ៍ នឹងធ្វើ​តាម ប្រសិនបើ​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​។​



​រដ្ឋាភិបាល មិន​ពេញចិត្ត​សោះឡើយ​ចំពោះ​បន្ទប់​ស្ថានការណ៍ ដែល​បង្កើតឡើង​ដោយ​បណ្តុំ​អង្គការ​ជាង​៤0 នៅ​កម្ពុជា ដើម្បី​ចូលរួម​តាមដាន​និង​ឃ្លាំមើល​ការបោះឆ្នោត​។ រដ្ឋាភិបាល ប្រហែលជា​មិន​អនុញ្ញាត ឲ្យ​បន្ទប់​ស្ថានការណ៍​នេះ បន្ត​សុពលភាព​របស់ខ្លួន ដើម្បី​តាមដាន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៦ ក្នុង​ឆ្នាំ​២0១៨ នោះទេ​។

​លោក លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួងមហាផ្ទៃ នឹង​ចេញ​លិខិតផ្លូវការ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​បញ្ជាក់ថា ឲ្យ​បន្ទប់​ស្ថានការណ៍ ដំណើរ​បន្តទៀត ឬក៏​បញ្ជា​ឲ្យ​បញ្ឈប់​។ ប៉ុន្តែ លោក ខៀវ សុភ័គ សន្និដ្ឋាន​ជាមុន​ថា ក្រសួងមហាផ្ទៃ ប្រហែលជា​បញ្ជា​ឲ្យ​បញ្ឈប់ ច្រើនជាង​ឲ្យ​បន្ត​។

​ទីមួយ បន្ទប់​ស្ថានការណ៍ ត្រូវបាន​ចម្លង​ពី​បរទេស​ទាំងស្រុង​។ ទី​ពីរ បន្ទប់​ស្ថានការណ៍ ធ្លាប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដូចជា​លើកឡើងថា ទឹកខ្មៅ ដែល​ប្រើប្រាស់​សម្រាប់​ការ​ជ្រលក់​ចង្អុលដៃ ពេល​បោះឆ្នោត អាច​លុប​ជ្រះ​ជាដើម ដែល​ធ្វើ​ស្ថានភាព​ច្របូកច្របល់​។ ទី​បី បន្ទប់​ស្ថានការណ៍ ហាក់​មាន​ជំហរ​ដូចនឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សេចក្តីថ្លែងការណ៍ ដើម្បី​រិះគន់​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កន្លងទៅ​។ ទី​បួន កម្ពុជា ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ច្រើនលើក​មកហើយ ដោយ​មិនចាំបាច់​មាន​បន្ទប់​ស្ថានការណ៍​។​លោក ខៀវ សុភ័គ បានលើកឡើង​នូវ​ហេតុផល​ទាំង​បួន​ខាងលើ ដែល​ក្រសួងមហាផ្ទៃ ប្រហែលជា​តម្រូវ​ឲ្យ​បន្ទប់​ស្ថានការណ៍ បញ្ឈប់​សកម្មភាប​រប​ស់​ខ្លួន​។ 

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បង្កើត​បន្ទប់​ស្ថានការណ៍​ហ្នឹង អត់​ប្រយោជន៍​ទេ នាំ​តែមាន​បញ្ហា​វិញ​ទេ​។ ឲ្យ​ពួកគាត់​ទុក​លុយ ជួយ​ប្រជាពលរដ្ឋ ដែល​កំពុងមាន​បញ្ហា ដូច​ទឹកជំនន់ ជាដើម ប្រសើរ​ជាង​។ ហើយ​ម្យ៉ាងទៀត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​យន្តការ​គ្រប់គ្រាន់​ហើយ សម្រាប់​ការរៀបចំ​ការបោះឆ្នោត​។ នេះ ជាការ​យល់ឃើញ​របស់​ខ្ញុំ មិនមែនជា​ជំហរ​របស់​ក្រសួងមហាផ្ទៃ​ទេ​»​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និក​ហ្វិ​ក​) ហើយក៏​ជា​សមាជិក​មួយរូប​រប​ស់​បន្ទប់​ស្ថានការណ៍ បាន​ប្រាប់​សារ​ព័ត​មាន​ថ្មីៗ​ថា បន្ទប់​ស្ថានការណ៍ នឹងមិន​ប្រឆាំង​នោះទេ ប្រសិនបើ​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​។ លោក និយាយ​ដូច្នេះ​ថា​៖«​បើ​មិន​ឲ្យ​បង្កើត យើង​ក៏​មិនបង្កើត​ដែរ កុំ​ឲ្យ​ក្រសួងមហាផ្ទៃ ថា​យើង​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​។ យើង នឹង​បំបែក​គ្នា ហើយ​ទៅធ្វើ​តាម​អង្គការ​រៀងៗ​ខ្លួន​វិញ​»​។

​លោក សំ គ​ន្ធា​មី យល់ឃើញថា សេរីភាព ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នឹង​ត្រូវបាន​រឹតត្បិត​តិចតួច​បន្ថែមទៀត ប្រសិនបើ​ក្រសួងមហាផ្ទៃ ចេញ​លិខិត​ជា​ផ្លូវការ ដើម្បី​តម្រូវ​ឲ្យ​បន្ទប់​ស្ថានការណ៍ បញ្ឈប់​សកម្មភាព​មែន​នោះ​។ យ៉ាងណា​ក៏ដោយចុះ លោក អះអាងថា អង្គការ​នានា អាច​នឹង​បន្ត​សហការ ដើម្បី​ធ្វើការ​រួមគ្នា​ដដែល ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត នាពេល​ខាង​មុន​។ ប៉ុ​ន្ត លោក បញ្ជាក់ថា ការ​ចងក្រង​ជា​បណ្តុំ​រវាង​អង្គ​ការលើក​ក្រោយ មាន​ទម្រង់​ផ្សេង ពោលគឺ​មិនមែន​មានឈ្មោះ​ជា​បន្ទប់​ស្ថានការណ៍​ដដែល នោះទេ​។

​ជា​ចុងក្រោយ លោក សំ គ​ន្ធា​មី បាន​ឆ្លើយតប​នឹង​លោក លោក ខៀវ សុភ័គ ដែលថា​ជំហរ​របស់​បន្ទប់​ស្ថាន​ករ​ណ៍ និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ដូចគ្នា​។ ប្រធាន​និក​ហ្វិ​ក រូបនេះ អះអាងថា ការចេញ​នូវ​សេចក្តីថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍ គឺ​ដើម្បី​សរសើរ​ពី​ការបោះឆ្នោត ដែល​ដំណើរការ​ទៅដោយ​រលូន និង​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​រិះគន់​តែ​ចំណុច​អវិជ្ជមាន​និង​ការខ្វះខាត​មួយចំនួន ប៉ុណ្ណោះ​។ លោក បញ្ជាក់ថា បន្ទប់​ស្ថានការណ៍ មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ​។

​កន្លងមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​នឹង​បន្ទប់​ស្ថានការណ៍ ដែល​រិះគន់​ដំណើរការ​នៃ​ការបោះឆ្នោត​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ ចំពោះ​ភាពស្របច្បាប់​របស់​បន្ទ​ប់​ស្ថានការណ៍​៕       


Tag:
 ក្រសួងមហាផ្ទៃ​
  បន្ទប់​ស្ថានការណ៍​
  បញ្ឈប់​សកម្មភាព​
  ខៀវ សុភ័គ​
  សំ គ​ន្ធា​មី
© រក្សាសិទ្ធិដោយ thmeythmey.com