ជាតិ
លោក គឹម សុខ ត្រូវបាន​តុលាការ កាន់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ កន្លះ​ និងត្រូវបង់ប្រាក់ជាង ២សែនដុល្លារ
10, Aug 2017 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​១​ឆ្នាំ កន្លះ ដោយសារតែ​ចោទ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ដូច្នេះ តាមរយៈ​ការប្រកាស​សាលក្រម នៅ​រសៀល​ថ្ងៃទី​១០ ខែ​ខែសីហា ឆ្នាំ​២០១៧​នេះ​។



ក្រៅពីឲ្យជាប់ពន្ធនាគារ តុលាការ ក៏បានតម្រូវឲ្យលោក គឹម សុខ បង់ប្រាក់ផងដែរ។ បើតាមសាលក្រមរបស់តុលាការ លោក គឹម សុខ ត្រូវបង់ប្រាក់ ៨លានរៀល ចូលទៅរដ្ឋ (ផ្នែកព្រហ្មទណ្ឌ) និងបង់ប្រាក់ ៨00លានរៀលទៀត ឲ្យទៅសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង (ផ្នែករដ្ឋប្បវេណី)។

​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ តុលាការ​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក គឹម សុខ ដែល​ប្តឹង​ដោយ​សម្តេច ហ៊ុន សែន​។ ប៉ុន្តែ ក្រោយ​បញ្ចប់​សវនាការ តុលាការ មិនបាន​ប្រកាស​សាលក្រម​ភ្លាមៗ​នោះទេ ដោយ​រងចាំ​ប្រកាស​នៅ​ថ្ងៃទី​១០ ខែ​ខែសីហា ឆ្នាំ​២០១៧​នេះ​។ 

​លោក គឹម សុខ បាន​ជាប់ឃុំ ចាប់តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​មក ដោយ​រង​បទ​ចោទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​» តាម​ពាក្យបណ្តឹង​របស់​សម្តេច ហ៊ុន សែន​។ បើតាម​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច ហ៊ុន សែន ការប្តឹង​នេះ គឺ​ដោយសារតែ​លោក គឹម សុខ បាន​ចោទថា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ នៅក្នុង​ពាក្យបណ្តឹង​នេះ សម្តេច ហ៊ុន សែន បាន​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ពី​លោក គឹម សុខ​។​

​លោក គឹម សុខ នៅ​រង​ពាក្យបណ្តឹង​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ បណ្តឹង​លើក​ទី​ពីរ​នេះ គឺពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់ គឹម សុខ ដែល​ចោទថា ប្រព័ន្ធ​មួយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន មានការ​សម្លាប់​មនុស្ស ហើយ​រក​ឃាតក​មិនឃើញ​។ សម្រាប់​បណ្តឹង​នេះ សម្តេច ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ២៥០០​ដុល្លារ​អាមេរិក​៕

Tag:
 ​គឹម សុខ​
  ជាប់ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com