ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រឆាំង​នឹងមិន​ទទួលខុសត្រូវ​លើ​ជន​ណា​ដែល​ប្រើ​រូប សំឡេង និង​សកម្មភាព​របស់​អ្នកទោស
10, Aug 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ បក្សប្រឆាំង ប្រកាស​មិន​ទទួលខុសត្រូវ​ចំពោះ​បុគ្គល​ណាមួយ ដែល​ប្រើប្រាស់​រូបភាព សារ​ជា​សំឡេង និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​រប​ស់​អ្នកទោស​។ ការប្រកាស​របស់​បក្ស​ប្រឆាំង ដូច្នេះ គឺ​ដើម្បី​ជៀសវាង​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់​។



​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១0 ខែសីហា ឆ្នាំ​២0១៧​នេះ ដោយ​ប្រកាសថា នឹង​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ទាំងឡាយណា ដែល​បានសម្រេច​ជា​ផ្លូវការ​ក្នុង​គណបក្ស តែប៉ុណ្ណោះ​។ សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ទទួលខុសត្រូវ​ឡើយ ចំពោះ​បុគ្គល​ណាមួយ ដែល​ផ្សារភ្ជាប់​សកម្មភាព​រប​ស់​អ្នកទោស ទៅនឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

​សេចក្តីថ្លែងការណ៍ បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលខុសត្រូវ​ចំពោះ​បុគ្គល​ណាមួយ ដែល​ប្រើប្រាស់​រូបភាព សារ​ជា​សំឡេង ឯកសារ​ជា​លាយលក្ខណ៍អក្សរ​រប​ស់​អ្នកទោស ដោយ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ទទួលខុសត្រូវ​ដែរ ចំពោះ​បុគ្គល​ណាមួយ ដែល​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ភាព​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​អ្នកទោស ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព ដោយ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​បន្ថែម ហើយ​ទើបនឹង​ចូល​ជា​ធរមាន នាពេល​ថ្មីៗ​នេះ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ណាមួយ ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ​ឡើយ​។ ផ្អែកលើ​មាត្រា​ថ្មី តុលាការ អាចរំលាយ​គណបក្ស​នោះ​ចោល ប្រសិនបើ​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ​។ នេះ គឺជា​មូលហេតុ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​បែបនេះ​។

​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​បន្ត​ប្រើប្រាស់​រូបភាព សារ​ជា​សំឡេង វីដេអូ​ឃ្លី​ប និង​អត្ថបទ​របស់លោក សម រង្ស៊ី ដើម្បី​ទាញយក​ប្រជាប្រិយភាព ឬក៏​ប្រយោជន៍​ផ្នែក​នយោបាយ ដូច​ពីមុន​ទៀតឡើយ​។ មូលហេតុ​នោះ គឺថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​បណ្តឹង​ជាច្រើន​ពី​សំណាក់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏បាន​ក្លាយជា​អ្នកទោស​ដែរ ក្រោម​ការសម្រេច​របស់​តុលាការ​។

​មិនមែន​តែ​លោក សម រង្ស៊ី ទេ គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវតែ​ជៀសវាង​ផងដែរ ចំពោះ​ការប្រើប្រាស់​រូបភាព សារ​ជា​សំឡេង និង​វីដេអូ​ឃ្លី​ប របស់​អ្នកទោស​ផ្សេងទៀត ដូចជា លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ និង​លោក មា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​ខ្លួន ជាដើម​៕ 


Tag:
 CNRP
  អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com