ជាតិ
ឧទ្ធរណ៍ បើកសវនាការ លើការដាក់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារជិត២ឆ្នាំ ដែលប្តឹងដោយសម្តេច ហ៊ុន សែន
× ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានបើកសវនាការ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ ពាក់ព័ន្ធនឹងការចោទរដ្ឋាភិបាល ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ មេធាវីរបស់លោក សម រង្ស៊ី ជាអ្នកដាក់បណ្តឹងសុំជំទាស់នេះ។
លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមរួចហើយ ដោយឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៨ខែ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ យ៉ាងណាក៏ដោយចុះ លោក សម រង្ស៊ី មិនបានអនុវត្តទោសក្នុងពន្ធនាគារនោះទេ ដោយសារតែបច្ចុប្បន្ន លោក កំពុងតែរស់នៅឯក្រៅប្រទេស។
ក្រៅពីឲ្យជាប់ពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញ ក៏តម្រូវឲ្យលោក សម រង្ស៊ី បង់ប្រាក់១0លានរៀល ចូលទៅរដ្ឋ និងបង់ប្រាក់ត្រឹមតែ១០០រៀល ប៉ុណ្ណោះ ឲ្យទៅសម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង។
ការរងបណ្តឹងបែបនេះ គឺដោយសារតែលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុកថា រដ្ឋាភិបាលកម្ពុជា ស្ថិតនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើ លោក កែម ឡី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម។ ដោយមិនអាចទទួលយកបាន សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាប្រមុខរដ្ឋាភិបាល ក៏បានពឹងមេធាវី ឲ្យដាក់ពាក្យប្តឹងលោក សម រង្ស៊ី។
លោក សម រង្ស៊ី មិនមែនរងបណ្តឹងតែមួយនេះទេ។ បើគិតទៅ លោក សម រង្ស៊ី បានរងបណ្តឹងរហូតដល់ទៅជិត១០ឯណោះ ។ ហើយបណ្តឹងទាំងនោះ សុទ្ធតែប្តឹងដោយសកម្មជននិងមេដឹកនាំគណបក្សប្រជាជនកម្ពុជា៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
កែម ឡី
ឧទ្ធរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com