ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទៅ​ឡាវ​ថ្ងៃស្អែក​ដើម្បី​ពិភាក្សា​ចុងក្រោយ​លើ​ករណី​ទ័ព​ឡាវ​ចូល​ដី​ខ្មែរ​
11, Aug 2017 , 1:34 pm        
រូបភាព
ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ប្រទេស​ឡាវ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ពិភាក្សា​ពី​បញ្ហា ដែល​កងទ័ព​ឡាវ​ចូលមក​ឈរជើង​លើ​ទឹកដី​កម្ពុជា​។ នេះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដែល​បាន​បង្ហោះ​នៅមុននេះ​បន្តិច​។



​ការប្រកាស​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​នេះ បាន​ធ្វើឡើង​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង បន្ទាប់ពី សម្តេច ហ៊ុន សែន បាន​និយាយ​ពី​បញ្ហា​កងទ័ព​ឡាវ ដែល​ចូលមក​កម្ពុជា ក្នុង​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ងាវ ព្រំដែន​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អា​តា​ពើ ប្រទេស​ឡាវ​។ នៅក្នុង​ពិធី​ដែ​លលោក សុខ ទូច ប្រកាសឡើង​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា ជា​ផ្លូវការ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២0១៧​នេះ សម្តេច ហ៊ុន សែន បានស្នើ​ទៅ​លោក នាយករដ្ឋមន្ត្រី​ឡាវ ឲ្យ​បញ្ជា​កងទ័ព​របស់ខ្លួន ចេញពី​ប្រទេស​កម្ពុជា​។

សម្តេច ហ៊ុន សែន បាន​លើកឡើងថា ប្រសិនបើ​មិន​ព្រម​ដក​កងទ័ព ចេញពី​កម្ពុជា​នោះទេ សម្តេច នឹងធ្វើ​ដំណើរ​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​តែម្តង ដើម្បី​សួរ​ពី​បញ្ហា​នេះ​។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​សូម​អំពាវនាវ​ចំពោះ​ឯកឧត្តម ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​។ ហើយ​ឱសានវាទ យូរ​បំផុត​គឺ​នៅ​ថ្ងៃទី​១៧​។ ខ្ញុំ​ទុកពេល​ឲ្យ​៦​ថ្ងៃ​។ បើ​មិន​ចង់​មានរឿង មានតែ​ដក [​កងទ័ព​]»៕



Tag:
 សម្តេច ហ៊ុន សែន​
  ព្រំដែន​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com