ជាតិ
លោក សម រង្ស៊ី បន្តចាញ់ក្តីនៅឧទ្ធរណ៍ ព្រោះចោទរដ្ឋាភិបាលថា នៅពីក្រោយឃាតកម្មលោក កែម ឡី លោក សំ សុគង់ មេធាវីរបស់ឯកឧត្តម សម រង្ស៊ី បានផ្តល់បទសម្ភាស ដល់ក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅ។
× ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានយល់ស្របនឹងសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ៨ខែ ដោយសារតែចោទរដ្ឋាភិបាលកម្ពុជាថា នៅក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី។ នេះបើតាម លោក សំ សុគង់ មេធាវី របស់លោក សម រង្ស៊ី ដែលបានប្រាប់សារព័ត៌មានថ្មីៗ។
សាលាឧទ្ធរណ៍ បានសម្រេចដូច្នេះ បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២0១៧ នេះ។ ការបើកសវនាការ នៅព្រឹកថ្ងៃសុក្រនេះ គឺធ្វើឡើងតាមសំណើរបស់លោកមេធាវី សំ សុគង់ ដើម្បីសុំជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យលោកសម រង្ស៊ី ចាញ់ក្តីនៅក្នុងសំណុំរឿងនេះ។ ប៉ុន្តែ សំណើសុំជំទាស់នេះ ត្រូវបានសាលាឧទ្ធរណ៍ ច្រានចោលហើយ។
នៅក្នុងសំណុំរឿងខាងលើ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស បានរងពីបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ហើយដើមបណ្តឹង ដែលប្តឹងលោក សម រង្ស៊ី គឺ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។
មូលហេតុដែលនាំឲ្យបណ្តឹងនេះកើតឡើង គឺដោយសារតែលោក សម រង្ស៊ី បានសរសេរលើទំព័រហេ្វសប៊ុកថា រដ្ឋាភិបាលកម្ពុជា នៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរួចហើយ ដោយឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ ហើយតម្រូវឲ្យបង់ប្រាក់ ១0លានរៀល ចូលទៅរដ្ឋ និងបង់ត្រឹមតែ១00រៀល ប៉ុណ្ណោះ ដល់សម្តេច ហ៊ុន សែន ដែលជាដើមបណ្តឹង ទុកជាការសងជំងឺចិត្ត។
ក្រៅពីបណ្តឹងនេះ លោក សម រង្ស៊ី នៅរងបណ្តឹងជាច្រើនទៀត ពីសំណាក់មេដឹកនាំនិងសកម្មជនបក្សកាន់អំណាច។ បើសរុបទៅ បណ្តឹង ដែលមេដឹកនាំនិងសកម្មជនបក្សកាន់អំណាច ប្តឹងលោក សម រង្ស៊ី មានរហូតដល់ទៅជិត១0ឯណោះ៕
Tag:
សម រង្ស៊ី
ហ៊ុន សែន
តុលាការ
កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com