ជាតិ
ស្ថានទូតខ្មែរនិងប៉ូលីសថៃកំពុងអន្តរាគមន៍ជួយពលករខ្មែរ១៨នាក់នៅប្រទេសសូម៉ាលី
× ស្ថានទូតខ្មែរនៅទីក្រុងបាងកក កំពុងសហការជាមួយក្រសួងការបរទេសថៃ និងអង្គការទេសន្តប្រវេសន៍អន្តរជាតិ IOM នៅបាងកក ដើម្បីជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលករខ្មែរទាំង១៨នាក់ មកម្ពុជាវិញ។ ពលករខ្មែរទាំងនោះកំពុងជាប់នៅលើទូកនេសាទថៃ ដាក់ទង់ជាតិ Djibouti នៅប្រទេសសូម៉ាលី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ឲ្យដឹងថា មានពលករខ្មែរ១៨នាក់ កំពុងជាប់នៅលើទូកនេសាទថៃ ដាក់ទង់ជាតិ Djibouti នៅប្រទេសសូម៉ាលី ។
ក្រោយពីទទួលបានពត៌មាននេះក្រសួងការបរទេសកម្ពុជា បានណែនាំស្ថានទូតខ្មែរនៅទីក្រុងបាងកកឲ្យទំនាក់ទំនងជាមួយក្រសួងការបរទេស និងប៉ូលីសថៃ ជាពិសេសអង្គការ IOM នៅទីក្រុងបាងកកដើម្បីជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលករខ្មែរទាំង១៨នាក់នោះមកកម្ពុជាវិញ។ ជាមួយគ្នានេះស្ថានទូតខ្មែរ បានត្រៀមបញ្ជូនមន្ត្រីស្ថានទូត០១ម្នាក់ ដើម្បីចូលរួមក្នុងបេសកម្មសង្គ្រោះពលករខ្មែរ ជាមួយនិងប៉ូលីសថៃ ទៅប្រទេសសូម៉ាលី និងប្រទេសកេនយ៉ា។
ក្រសួងនេះបានរម្លឹកទៀតថា កាលពីថ្ងៃ២៤ កក្កដា ២០១៧ ស្ថានទូតខ្មែរប្រចាំនៅថៃ បានចាត់មន្ត្រី២រូប ចូលរួមកិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលជាតិថៃ អំពីដំណើរការជួយសង្គ្រោះពលករនេសាទខ្មែរទាំង១៨នាក់ ដែលរងគ្រោះដោយការជួញដូរឲ្យធ្វើការនៅលើទូកនេសាទថៃ ដាក់ទង់ជាតិ Djibouti នៅសូម៉ាលី។
មន្ត្រី២រូបដែលចូលរួមកិច្ចប្រជុំនោះបានឲ្យដឹងថា ប៉ូលីសថៃបានជួយសង្គ្រោះពលករនេសាទខ្មែរម្នាក់ នាពេលកន្លងមក។ តាមរយៈពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃជួយសង្គ្រោះនោះ បានប្រាប់ឲ្យដឹងថា ពលករខ្មែរ ចំនួន១៨នាក់ទៀត ដែលកំពុងធ្វើការយ៉ាងលំបាកវេទនានៅលើទូកនេសាទថៃ ២គ្រឿង ។
បើតាមប៉ូលីសថៃ ករណីខាងលើនេះជាការជួញដូរមនុស្ស និងបានបញ្ជាឲ្យទូកនេសាទទាំងពីរ ចូលចតនៅកំពង់ផែ Basaso ប្រទេសស៊ូម៉ាលី។
ពលករខ្មែរទាំងអស់១៨នាក់ សព្វថ្ងៃនៅជាប់នៅប្រទេសសូម៉ាលី ។ ហើយប៉ូលីសថៃបានស្នើទៅប៉ូលីស Interpol សុំកិច្ចសហការពីប៉ូលីសស៊ូម៉ាលី ក្នុងការបញ្ជូនពលករខ្មែរទាំង១៨នាក់ ទៅប្រទេសកេនយ៉ា តាមរយៈកិច្ចសហការពីស្ថានទូតថៃ នៅទីក្រុងណៃរ៉ូប៊ីនៃប្រទេសកេនយ៉ា ដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសថៃ មុននឹងបញ្ជូនបន្តមកកម្ពុជាវិញ។
Tag:
ស្ថានទូតកម្ពុជា
ប៉ូលីសនិងអង្គការ IOMថៃ
ពលករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com