ជាតិ
រដ្ឋាភិបាល នឹង​បញ្ជូន​កងទ័ព ទៅកាន់​ភូមិភាគ​ឦសាន នៅ​យប់​នេះ​
11, Aug 2017 , 8:16 pm        
រូបភាព
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
រូបភាពពីទូរទស្សន៍ជាតិកម្ពុជា
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា នឹង​បញ្ជូន​កងទ័ព ទៅកាន់​ភូមិភាគឦសាន​នៃ​ប្រទេស នៅ​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២0១៧​នេះ​។ ការ​ចល័ត​កងទ័ព​នេះ នឹង​ចេញពីមូលដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ ដោយ​ឆ្លង​កាន់ តាមផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ​ព័ត៌មាននេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​ររបស់ខ្លួន​​។

​បើតាមសាលា​រាជធានី​ភ្នំពេញ ការ​ចល័ត​កងទ័ព និង​យោធ​ភណ្ឌ​មួយចំនួនចេញពី​មូលដ្ឋាន​នៅ​ក្រុង​តាខ្មៅ​ ឆ្ពោះទៅ​ភូមិភាគឦសាននៃ​ប្រទេស ​ត្រូវ​ឆ្លងកាត់​តម្រាយ​ផ្លូវ​មួយចំនួន​ក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួមមានផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦ ​។ សាលារាជធានីភ្នំពេញ ក៏បាន​ប្រាប់​ប្រជាពលរដ្ឋកុំឲ្យភ្ញាក់ផ្អើលចំពោះសកម្មភាពចល័តកងទ័ព នៅយប់ថ្ងៃទី១១ ខែសីហានេះ។ ហ្វេសប៊ុកសាលារាជធានីភ្នំពេញសរសេរដូច្នេះ៖«​​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​ សំដៅទៅ​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ​»​។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ប្រាប់​សារ​ព័ត៌​មាន​ថ្មីៗ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ថា ការចេញ​សេចក្តីជូនដំណឹង​នេះ គឺជា​ការពិត​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ​គឺជា​ការពិត​។ តែ​ចំនួន​កងទ័ព​ប៉ុន្មាន និង​សព្វាវុធ​ប៉ុន្មាន ដែល​ត្រូវបញ្ជូន​ទៅនោះ ខ្ញុំ​មិនអាច​ប្រាប់​បានទេ ព្រោះ​វា​ជា​សន្តិសុខ​ជាតិ​»​។​

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ខ្លាំងៗ​ទៅកាន់​ប្រទេស​ឡាវ ដោយ​ស្នើ​ឲ្យ​ដក​កងទ័ព ចេញពី​ប្រទេស​កម្ពុជា​។ បើតាម​សម្តេច ហ៊ុន សែន កងទ័ព​ឡាវ​មួយចំនួន​បាន​ចូលមក​ឈរជើង​ក្នុង​ទឹកដី​កម្ពុជា ក្នុង​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ងាវ ព្រំដែន​ខេត្តស្ទឹងត្រែង​និង​ខេត្ត​អា​តា​ពើ ប្រទេស​ឡាវ​។​

​សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ៗ​ថា​៖«​សូម​អំពាវនាវ​ចំពោះ​ឯកឧត្តម ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ដោយ​គ្មាន​លក្ខខណ្ឌ​។ ហើយ​ឱសានវាទ យូរ​បំផុត​គឺ​នៅ​ថ្ងៃទី​១៧​។ ខ្ញុំ​ទុកពេល​ឲ្យ​៦​ថ្ងៃ​។ បើ​មិន​ចង់​មានរឿង មានតែ​ដក [​កងទ័ព​]»​។​

​សម្តេច ហ៊ុន សែន ក៏បាន​ប្រកាស​ដែរ កាលពី​ព្រឹក​មិញ​នេះ ថាស​ម្តេច នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ នៅ​ថ្ងៃស្អែក ដើម្បី​ចរចា​ពី​បញ្ហា​នេះ​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com