ជាតិ
ខួប ៥០ ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន​៖ កម្ពុជា​ប្តេជ្ញា​រួមជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ពង្រឹង​សមាហរណកម្ម​ឲ្យ​ស៊ីជម្រៅ​
12, Aug 2017 , 10:02 am        
រូបភាព
ដោយ:
​ក្រសួងការបរទេស​ក​ម្ពុ​ជា បានរៀបចំ​ពិធី​បង្ហូតទង់​អាស៊ាន ដើម្បី​អបអរ​ខួប​លើក​ទី ៥០ ឆ្នាំ នៃ​ការបង្កើត​អាស៊ាន​។ នៅក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រាក់ សុខុន បាន​ប្តេជ្ញា នៅ​ចំពោះ​អ្នកចូលរួម​ជាពិសេស មន្ត្រី​ទូត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​ពង្រឹង​សមាហរណកម្ម​ឲ្យ​កាន់តែខ្លាំង​ឡើង​។



​កម្ពុជា​នឹង​បន្ត​រួមដៃគ្នា​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ពង្រឹង សហគមន៍​ដែលមាន​សមាហរណកម្ម​ឲ្យ​ស៊ីជម្រៅ រឹងមាំ ដោយ​ផ្តោតលើ​គោលដៅ​លើ​ប្រជាជន និង​យក​ប្រជាជន​ជាសំខាន់​។ នេះ​ជាការ​លើកឡើង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី ១១ ខែសីហា ក្នុង​ពី​ធី​បង្ហូតទង់​អាស៊ាន នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ដើម្បី​អបអរ​ខួប​លើក​ទី ៥០ ឆ្នាំ នៃ​ការបង្កើត​អាស៊ាន​។​



​នៅ​ចំពោះមុខ​មន្ត្រី​ទូត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដែល​បាន​ចូលរួម​ពិធី​នេះ លោក ប្រាក់ សុខុន បញ្ជាក់​យ៉ាងនេះ​ថា​៖«​ការ​ប្រឈម​នានា​គឺ​ស្ថិតនៅ​ទីនោះ សម្រាប់​យើង​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​សមាហរណកម្ម និង​រក្សា​ឲ្យ​បាន​នូវ​តួនាទី​ស្នូល​របស់​យើង​ក្នុង​ការជំរុញ​និម្មាបនកម្ម​តំបន់ ក្នុងពេលដែល​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​កំពុងមាន​ការប្រែប្រួល​»​។ ទោះបីជា​យ៉ាងណា លោក​រដ្ឋមន្ត្រី​មានជំនឿថា ការប្រឹងប្រែង ការរួម​គ្នា​នៃ​រដ្ឋ​អាស៊ាន នឹង​សម្រេចបាន​នូវ​សន្តិភាព និង​វិបុលភាព​ដែល​មនុស្ស​គ្រប់រូប​ទទួលបាន​។​



​បើតាម​លោក ប្រាក់ សុខុន នៅ​ឆ្នាំ​២០១៥ ពាណិជ្ជកម្ម​សរុប​រប​ស់អា​ស៊ាន​ស្ថិតនៅ​លំដាប់​លេខ​បួន បន្ទាប់ពី​ចិន សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ហើយ​អាស៊ាន​បាន​ទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស នូវ​ទឹកប្រាក់ ១២១​ពាន់​លាន​ដុល្លារ ពោលគឺ​ស្មើនឹង ៧% នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅលើ​ពិភពលោក​។






Tag:
 អាស៊ាន​
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com